សម្តេច​ស ខេង​៖ “​ជិត​២​ឆ្នាំនេះ​សមត្ថកិច្ច​រឹប​អូស​គ្រឿងញៀន​បាន​ជាង​១​តោន​”

ដោយ​: រ៉ា​ម៉ន / ភ្នំ​ពេញ​: សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ជិត​២​ឆ្នាំ​កន្លងមកនេះ សមត្ថកិច្ច​រឹបអូស​គ្រឿងញៀន​បាន​ជាង​១​តោន និង​ជំរុញ​ឲ្យ​បង្ក្រាប​គ្រឿងញៀន​នេះ​បន្ត ជាមួយនឹង​ការអំពាវនាវ​ដល់​ស្ថាប័នតុលាការ​ជំរុញ​ការបើក​សវនាការ ជនសង្ស័យ​ពាក់ព័ន្ធ​រកស៊ី​ជួញដូរ​គ្រឿងញៀន និង​អ្នក​ពាក់​ព​ន្ធ័​ទាំងឡាយ ឲ្យ​សមស្រប ទាន់ពេលវេលា និង​យុ​ត្តិ​ធ​ម៌ ជៀសវាង​កើតចេញ​ជាការ​រិះគន់​។​

​ការបញ្ជាក់​និង​អំពាវនាវ​បែបនេះ​របស់​សម្តេច​ក្រឡា​ហោម បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​២៧​កុម្ភៈ នៅ​សាលា​រាជធានី​ភ្នំពេញ ក្នុងឱកាស​ដែល​សម្តេច​ក្រឡាហោម​និង​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​.​ព្រឹទ្ធសភា​និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩​និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២០​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ដែល​បាន​ធ្វើឡើង​អស់​រយៈពេល​២​ថ្ងៃនេះ​។​

​សម្តេច​ក្រឡាហោម​ស ខេង បាន​គូសបញ្ជាក់ថា ជិត​២​ឆ្នាំ​មកនេះ សមត្ថកិច្ច​របស់​យើង​បាន​រឹប​អូស​គ្រឿងញៀន​បាន​ជាង​១​តោន ខណៈ​កន្លែង​ធំៗ​ត្រូវបាន​បង្ក្រាប ឯ​កន្លែង​តូច​គឺ​នៅ​សេសសល់​ដែល​ត្រូវ​ទប់ស្កាត់​កុំ​ឲ្យ​រីក​ធំ​។​ត្រូវ​បន្ត​បំផ្លាញ​ការ​លួចលាក់​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ទីតាំង​តូច ឬ​ការរៀបចំ​កន្លែង​ផលិត កន្លែង​ស្តុក​ជាដើម​។ ក្នុងឱកាស​នោះដែរ​សម្តេច​ក៏បាន​អំពាវនាវ​ដល់​ស្ថាប័ន តុលាការ​ជំរុញ​ការបើក​សវនាការ​អ្នករកស៊ី​ជួញដូរ​គ្រឿងញៀន និង​អ្នក​ពាក់​ព​ន្ធ័​ទាំងឡាយ ឲ្យ​សមស្រប ទាន់ពេលវេលា និង​យុត្តិធម៌ បើ​មិន​ដូច្នេះ​ទេ វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជំនឿរបស់​ប្រជាពលរដ្ឋ​។​

​សម្តេច​ក្រឡាហោម ស ខេង​ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងអស់ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត ខណៈ​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​នៅតែមាន​ចំនួន​ច្រើន​រហូតដល់​៥​នាក់​ក្នុង​មួយថ្ងៃ ។​ការ​ជំរុញ​ឲ្យ​ទប់ស្កាត់ បង្ការ​និង​ស្រាវជ្រាវ​ឲ្យដល់​ឬ​សគល់​នៃ​គ្រោះ​អគ្គិភ័យ ខណៈដែល​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ មាន​អគ្គិភ័យ​ឆាបឆេះ​ជាច្រើន​កន្លែង ហើយ​មាន​ទ្រង់ទ្រាយ​ធំ​ថែមទៀត​។​សម្តេច​ក្រឡាហោម​ស ខេង បាន​មានប្រសាសន៍​លើកឡើង​ទៀតថា មកដល់ពេលនេះ អ្នក​ដែលមាន​បំណង​ធ្វើ​សកម្មភាព​បែប​បដិវត្ត​ពណ៌ មិនទាន់​បោះបង់ចោល​នៅឡើយ​ទេ​។​សម្រាប់​យើង​មិនត្រូវ​ភ្លេចខ្លួន ព្រោះថា សកម្មភាព​បដិវត្ត​ពណ៌​នេះ គេ​តែងតែ​ធ្វើ​អាជីវកម្ម​លើ​ចំណុចខ្សោយ​របស់​យើង​។​

​សម្តេច​ក្រឡាហោម បានស្នើ​ដល់​រដ្ឋបាល​គ្រប់​ថ្នាក់​យកចិត្តទុកដាក់​ដោះស្រាយ​នូវ​កង្វល់ សំណើ សំណូមពរ​និង​ជម្លោះ​នានា​តាំងពី​តូច​កុំ​ចាំ​ដល់​ធំ​ព្រោះ​នៅពេល​ធំ​គេ​យក​ធ្វើជា​លេស​។ ក្រុមប្រឆាំង​តែង​យក​បញ្ហា​នេះ​ពង្រីក​ឲ្យ​ធំ​ដើម្បី​វាយប្រហារ​រាជរដ្ឋាភិបាល​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា ឆ្នាំ​២០១៩​កន្លងទៅ គឺជា​ឆ្នាំ​ទី​១​នៃ​ការអនុវត្ត​ន៍កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​នៃ​រដ្ឋសភា ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បាន​នូវ​សមិទ្ធផល​ធំៗ​ថ្មីៗ​ជាច្រើន​ជូន​ជាតិ​មាតុភូមិ​ក្នុងនោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ រក្សា​ការពារ​សន្តិសុខ ស្ថិរភាព​នយោបាយ សុវត្ថិភាព​សង្គម​និង​សណ្តាប់ធ្នាប់​សា​ធា​រណៈ​បានល្អ​ប្រសើរ ទោះបី​ស្ថានភាព​សេដ្ឋកិច្ចសង្គម បាន​ទទួលរង​ឥទ្ធិពល អវិជ្ជមាន​ខ្លះៗ​ពីស​ភាព​ការ​ណ៏​សកល និង​ក្នុង​តំបន់​ដែលមាន​ការវិវឌ្ឍ​ន៏​កាន់តែ​ស្មុគស្មាញ​ដោយសារ​ការប្រកួតប្រជែង​ដណ្តើម​ប្រៀប​លើ​ភូមិសាស្ត្រ​នយោបាយ សង្គ្រាម​ពាណិជ្ជកម្ម សង្គ្រាម​បច្ចេកវិជ្ជា បញ្ហា​គ្រឿងញៀន ការហូ​ចូល​យ៉ាង​កំ​ហុក​នូវ​វត្តមាន​ជនបរទេស និង​ថ្មីៗ​នេះ​មាន​ព្យួរ​EBA 20%​របស់​សហភាព​អឺរ៉ុប និង​ការ​ផ្ទុះឡើង​នូវ​វិ​រ៉ុ​ស​Covid . 19​នៅ​ប្រទេស​ចិន​កាលពី​ចុងខែ​ធ្នូ ដែល​នាំ​ឲ្យ​រោងចក្រ​មួយចំនួន​ខ្វះ​វត្ថុធាតុដើម​យ៉ាងណាក្តី​។

​លោក​អភិបាល​បន្តថា​៖ គណៈបញ្ជាការ ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រួមគ្នា​ទប់ស្កាត់ បំផ្លាញ​ឲ្យ​បរាជ័យ​ទាំងស្រុង​នូវ​ឧបាយកល និង​ផែនការ​ប្រកបដោយ​គ្រោះ​ថ្នាក់លើ​ពួក​ប្រឆាំង​ជ្រុលនិយម ដែល​ព្យាយាម​ធ្វើ​សកម្មភាព​ប៉ុនប៉ង​បង្ក​ភាពចលាចល​ក្នុងសង្គម ហើយ​កំពុង​បន្ត ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ឲ្យ​កាន់តែ​សកម្ម​ខ្លាំងក្លា​ថែមទៀត ក្នុងនាម​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឈរលើ​គោលការណ៍​រដ្ឋបាល​ឯកភាព ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ផ្តល់​ការអភិវឌ្ឍន៍ និង​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។

​នាឱកាស​នោះ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​បំពាក់​មេដាយ និង​គ្រឿង​ឥស្ស​រិយ​យស​ដល់​មន្ត្រី ដែលមាន​ស្នាដៃ​ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ផងដែរ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...