ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម បានធ្វើ​សកម្មភាព​ភ្ជង់ និង​វាយ​ទៅលើ​បុរស​ម្នាក់​ប្លន់​យក​ម៉ូតូ ១​គ្រឿង​បានសម្រេច​ក្បែរ​ប៉ុស្តិ៍​នគ​បាល​ទួល​សង្កែ​ទី​២ រួច​គេចខ្លួន​ដោយ​សុវត្ថិភាព​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ១០​និង​១០​នាទី​យប់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​១៨០០ កែង​នឹង​ផ្លូវ​៥៩៨ ខាងលិច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​សង្កែ​ទី​២ ប្រមាណ​ជា​២០០​ម៉ែត្រ ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ​។​

​ជនរងគ្រោះ​មានឈ្មោះ រាក់ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ​ធ្វើ​ទាហាន​នៅ​បន្ទាយ​៩៩ ស្នាក់នៅ​បុរី​វិមានខណ្ឌឫស្សីកែវ​។​

​តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បានឱ្យដឹងថា មុន​កើតហេតុ ​រូបគេ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក PCX ពណ៌​ទឹកប្រាក់​ពាក់​ផ្លាក​លេខ ខេមរភូមិន្ទ ០១- ១-១៧០៦ ចេញពី​ជួបជុំ​មិត្ត​ភ​ក្កិ​នៅ​ម្ដុំ​វត្ត​សំរោង​អណ្តែត គោលបំណង​ជិះ​ទៅផ្ទះ​នៅ​បូរី​វិមាន​ភ្នំពេញ ដោយ​ធ្វើដំណើរ​ទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក បានមកពី​ក្រោយ ​រួច​បក្ខពួក​ដែល​អង្គុយ​នៅ​ខាងក្រោយ​បាន​ដក​កាំភ្លើង​ភ្ជង់​ខ្នង​គាត់​ជាប់ រួច​កៀរ​អែប​ចិញ្ចើមផ្លូវ​ឲ្យ​ឈប់ ហើយ​បាន​ដក​កាំភ្លើង​វាយ​ទៅលើ​រូបគាត់​ត្រូវចំ​មួកសុវត្ថិភាព​របស់គាត់ បណ្ដាលឱ្យ​បែក​កញ្ចក់​ខាងមុខ​ផងដែរ បន្ទាប់មក​ប្លន់​យក​ម៉ូតូ​គាត់​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព​។​

​ក្រោយ​កើតហេតុ គេ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅដល់ និង​សួរនាំ រួច​នាំ​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​សង្កែ​ទី​២ ដើម្បី​ងាយស្រួល​សមត្ថកិច្ច​ស្វែងរក​ចាប់​ជនសង្ស័យ​មក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕ ល​/Ha