ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
អ្នក​ប្រដាល់​កម្ពុជា ឡុង សំណាង ក្លិប​សាល​វ័​ន្ដ​កីឡា បានប្រកាសថា គេ​មានការ​អន្ទះសារ ក្នុង​ចិត្ត​ណាស់ ក្នុងការ​រង់ចាំ​ពេលវេលា ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ អា​រ៉ាំ ប៊​យ (Aram Boy) ទីបំផុត ពេលវេលា​នេះ បាន​ឈាន​មកដល់ ។​

​ទីបំផុត ពេលវេលា ដែល​គេ​ទន្ទឹងរង់ចាំ​នោះ បាន​ឈាន​មកដល់​មែន ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ នឹង​ជួប​ប្រកួត​គ្នា លើស​ង្វៀន Boostrong Fighter on Fire របស់​អាស៊ីអាគ្នេយ៍ នា​ព្រឹក​ថ្ងៃទី​១ មីនា ខាងមុខនេះ​។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។​

​អា​រ៉ាំ ប៊​យ គេ​ទើបតែ​ផ្ដួល អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា សេក គឹម​រូ​ន ក្លិប​ម្កុដ​រាជសីហ៍ ដោយ​ត្រូវ​អាជ្ញាកណ្ដាល បញ្ឈប់​នៅ​ទឹក​ទី​២ ដោយសារតែ អ្នក​ប្រដាល់​កម្ពុជា រូបនេះ ខ្សោយ ពេល​មិនអាច​បន្ត​ការប្រកួត ជាមួយ​អ្នក​ប្រដាល់​រូបនេះ បាន​។ ពេលនេះ អ្នក​ប្រដាល់​ថៃ​រូបនេះ ត្រូវ​ប្រកួត​ជាមួយ ឡុង សំណាង ដែលការប្រកួត​នេះ នឹង​ធ្ងន់​ជាង​មុន ។​

​ឡុង សំណាង គេ​ទើបតែ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ដែន​ភី​ឈី​ត (DenPhechhit) ដែល​ការប្រកួត​នេះ ទើបតែ​ដំណើរការបាន ត្រឹម​៣​ទឹក​ប៉ុណ្ណោះ ត្រូវ​អាជ្ញាកណ្ដាល បណ្ដេញ​ចុះ​ពីស​ង្វៀន ទាំង​២​រូប ដោយសារតែ ដែន ភី​ឈី​ត​មិន​វ៉ៃ ។ សំណាង មាន​ស្នៀត​ជង្គង់ ទាត់​កណ្ដាប់ដៃ​ល្អ ឯ​កែង​របស់គេ ក៏​មិនអាច​មើលស្រាល​បានដែរ ។ សំណាង មាន​ប្រវត្តិ​ប្រកួត ចំនួន​៩៩​ដង ឈ្នះ​៨៥​ដង ចាញ់​១១​ដង និង​ស្មើ​ពិន្ទុ​៣​ដង ។

​ចំពោះ អា​រ៉ាំ ប៊​យ វិញ​នោះ ជង្គង់ និង​កែង​របស់គេ ជា​អាវុធ​ពិឃាត​តែម្ដង ។ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​១០៦​ដង ឈ្នះ​៧៣​ដង ចាញ់​២៨​ដង និង​ស្មើ​ពិន្ទុ​៥​ដង ។ នេះ​ជាការ​ជួបគ្នា ជា​លើកដំបូង​របស់​ពួកគេ មិនដឹងថា នរណា​ឈ្នះ​នោះឡើយ ។​

អ្នកខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ប្រាក់ ឌី​ណា ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ប្រកួត​ជាមួយ អ្នក​ប្រដាល់ សយ សុខ ក្លិប​ពន្លឺ​វិបុល ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។​ ​ពួកគេ ជា​អ្នក​ប្រដាល់​ស្រករ​ថ្មី ដែល​កំពុងតែ​ធ្វើ​ឲ្យ​គេ ចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយសារតែ​លើស​ង្វៀន គេ​វ៉ៃ​ចូលចិត្ត​ប្ដូរ ហើយ​ធ្វើ​សកម្មភាព​វាយលុក រហូត​។ ការប្រកួត​រវាង អ្នក​ប្រដាល់​ទាំង ២ រូបនេះ គេ​លំបាក​នឹង​ប៉ាន់ស្មាន ពី​លទ្ធផល ទុកជាមុន​ណាស់ ។​

​ធន អៀង​ឡៃ សមាគម​ប្រដាល់ ក្រសួងការពារជាតិ ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់ ផាន ផាត់​ណាត់ ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ នេះ​ជាការ​ជួប​ប្រកួត រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង វ័យក្មេង ស្រករ​ក្រោយ​ដូចគ្នា ។ ជំនួប​រវាង​អ្នក​ប្រដាល់ ទាំង​២​រូបនេះ ទាំង​អ្នកឈ្នះ ទាំង​អ្នកចាញ់ ប្រាកដជា​ទ្រមខ្លួន​ដូចគ្នា ។ ពួកគេ​ទើបតែ​ជួប​ប្រកួត​គ្នា ជា​លើកដំបូង​នេះ​ទេ ចាំមើល នរណា​ចាញ់ នរណា​ឈ្នះ ?​។​

​ស៊ុន ប៊ុន​សាន់ ក្លិប​នាគរាជ​ចតុមុខ ប្រកួត​ជាមួយ អ្នក​ប្រដាល់ សាន សំអុន ក្លិប​អា​រុណ​រះ​កីឡា ដោយ​ពួកគេ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ ឆ​ង ថង​ទិ​ត្យ ក្លិប​ព្រះ​ខែ​សែន​ជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ពុ​យ ក្រូច ក្លិប​ឃ្លាំងមឿង​កីឡា ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ៕v