ភ្នំពេញៈ រដ្ឋាភិបាល និងប្រជាពលរដ្ឋដូមីនិក ប្រារព្ធទិវាឯករាជ្យជាតិរបស់ពួកគេ នៅថ្ងៃទី២៧ ខែកុម្ភៈ ដើម្បីរំឭកដល់ថ្ងៃ ដែលពួកគេប្រកាសឯករាជ្យភាព ផ្តាច់ខ្លួនចេញពី ហៃទី កាលពីឆ្នាំ ១៨៤៤ បន្ទាប់ពីរងការជិះជាន់ធ្វើទុក្ខបុកម្នេញពី ហៃទី រហូតទ្រាំលែងបាន។ ប៉ុន្តែបន្ទាប់ពី ប្រកាសឯករាជ្យមក ប្រទេសនេះ រងភាពច្របូកច្របល់អំពីហិង្សា ទាំងស៊ិវិល និងសង្គម នយោបាយ ហើយត្រូវបានឈ្លានពាន ដោយហៃទីជាច្រើនដង ស្ទើរតែក្លាយជាប្រទេស ក្រោមអាណានិគមមហាអំណាចឡើងវិញ រហូតដល់ទសវត្សរ៍ ១៨៨០ ទើបទទួលបានភាព សុខសាន្ត ។
ភូមិសាស្ត្រ-ប្រជាសាស្ត្រ
សាធារណរដ្ឋដូមីនិក មានផ្ទៃដី ៤៨.៤៤៥ គីឡូម៉ែត្រក្រឡា នៅលើកោះ Hispaniola (ជាមួយនឹងប្រទេសហៃទី) ក្នុងតំបន់សមុទ្ទការ៉ាអ៊ីប ។ ឆ្នាំ២០២០ មានប្រជាពលរដ្ឋជិត ១១ លាននាក់ ភាគច្រើន ជាអ្នកកាន់សាសនាគ្រិស្តនិកាយកាតូលិក ភាសាផ្លូវការ គឺភាសា អេស្ប៉ាញ រដ្ឋធានីគឺទីក្រុង សាន់ដូម៉ាំង ។
ប្រវត្តិសាស្ត្រ-ធ្លាក់ក្រោមអាណានិគមអេស្ប៉ាញ
លោក គ្រីស្តូហ្វ កូឡូមប៍ (អ្នកស្រាវជ្រាវអេស្ប៉ាញ) បានទៅដល់កោះ Hispaniola ដែលជា ទឹកដី សាធារណរដ្ឋដូមីនិក នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៤៩២ នាអំឡុងពេលធ្វើដំណើរដោយក ប៉ាល់លើកទី១ (ក្នុងចំណោមការធ្វើដំណើរ ៤ លើក) ទៅតំបន់អាមេរិក ។ គាត់បានប្រកាស ទឹកដីនោះថា ជាកម្មសិទ្ធិរបស់ អេស្ប៉ាញ ហើយដោយសារអាកាសធាតុ និងបរិយាកាស នៅតំបន់នោះ ធ្វើឱ្យលោក គ្រិ្ទស្តូហ្វ កូឡូមប៍ នឹករឭកដល់ប្រទេសអេស្ប៉ាញ ទើបគាត់បាន ដាក់ឈ្មោះទឹកដីនោះថា La Española ។
ឆ្នាំ១៤៩៦ លោក Bartholomew Columbus ជាប្អូនប្រុសរបស់លោក គ្រីស្តូហ្វ កូឡូមប៍ បានកសាងទីក្រុង Santo Domingo គឺជាលំនៅអចិន្ត្រៃយ៍ដំបូង របស់ជនអឺរ៉ុប នៅលើកទឹកដី ពិភពលោកថ្មី (ពិភពលោកថ្មី គឺជាឈ្មោះដែលអេស្ប៉ាញ ប្រើសំដៅដល់រាល់ទឹកដីនៅឯនាយ សមុទ្ទដែល អេស្ប៉ាញ ប្រកាសថាជាទឹកដីរបស់ខ្លួន ដូចទឹកដីនៅអាមេរិកជាដើម) ហើយ ទីនោះ ក៏ក្លាយជាទីតាំងកណ្តាល នៃអាណានិគមកិច្ចរបស់ អេស្ប៉ាញ នៅឯនាយសមុទ្ទអស់ រយៈពេល រាប់សតវត្សរ៍ ។
ចាប់ពីនោះមិនយូរប៉ុន្មាន រ៉ែមាសដ៏មហិមា ត្រូវបានរកឃើញនៅតំបន់ cordillera ដែលនាំ ឱ្យផ្ទុះនូវរ៉ែមាស។ គិតត្រឹមឆ្នាំ១៥០១ ប្អូនជីដូនមួយរបស់លោកគ្រីស្តូហ្វ កូឡូមប៍ គឺលោក Giovanni Columbus ក៏បានរកឃើញរ៉ែមាសនៅក្បែរតំបន់នោះទៀត។ អណ្តូងរ៉ែមាសដ៏ មហាសាលទាំងនេះ អេស្ប៉ាញ ដឹកជញ្ជូនមាសទាំងកប៉ាល់ៗ ទៅគរ ក្នុងឃ្លាំងអេស្ប៉ាញ ក្លាយជាភ្នំមាស ហើយក៏គឺជាមូលដ្ឋានគ្រឹះ នៃអំណាចរបស់អេស្ប៉ាញ អស់រយៈពេលរាប់ សតវត្សរ៍ ។
ឆ្នាំ១៥២២ អេស្ប៉ាញ ចាប់ផ្តើមឈ្លានពានអាណាចក្រ Aztecs (ម៉ិកស៊ិក) ហើយនៅឆ្នាំ ១៥៧២ អេស្ប៉ាញ ឈ្លានពានអាណាចក្រ Incas ទៀត។ បន្ទាប់ពីបានឈ្លានពានបានជោគជ័យជា បន្តបន្ទាប់មក ជម្រុលចិត្តអេស្ប៉ាញ ឱ្យធ្វេសប្រហែស ចំពោះការក្តោបក្តាប់តំបន់ពិភពលោក ថ្មីរបស់ខ្លួន ។
ពួកកងទ័ពចោរសមុទ្ទអង់គ្លេស និងបារាំង បាននាំគ្នាលួចចូលទៅបោះទីតាំង នៅភាគពាយ័ព្យ នៃឆ្នេរកោះ Hispaniola ហើយពង្រីកឥទ្ធិពលរបស់ខ្លួនជាបន្តបន្ទាប់ ហើយទីបំផុត អេស្ប៉ាញ បានរបូតតំបន់ឆ្នេរភាគខាងលិច ទៅក្នុងដៃបារាំង នៅឆ្នាំ១៦៩៧ ។ បារាំងបានកសាងតំបន់ អាណានិគម Saint-Domingue (បច្ចុប្បន្ន គឺប្រទេសហៃទី) ដ៏មានសេដ្ឋកិច្ចសម្បូររុងរឿង ខណៈតំបន់ក្រោមការគ្រប់គ្រងរបស់ អេស្ប៉ាញ គឺភាគកណ្តាលនៃកោះបានពើបឱនភាព សេដ្ឋកិច្ចយ៉ាងដុនដាប ។
ធ្លាក់ក្នុងដៃ បារាំង
សង្គ្រាមបដិវត្តន៍បារាំង បានផ្ទុះឡើងពីឆ្នាំ១៧៩២ (ដល់ឆ្នាំ១៨០២) ហើយតាមរយៈយុទ្ធនាការ សង្គ្រាមនេះ បារាំង បានចូលដល់ទីក្រុង Hispaniola នៅឆ្នាំ១៧៩៥ ។ ឆ្នាំ១៨០១ មេដឹកនាំ បដិវត្តន៍ហៃទី លោក Toussaint Louverture បានកាន់កាប់តំបន់ Santo Domingo ភាគខាង លិច និងបានកាន់កាប់កោះនោះទាំងស្រុង។ ប៉ុន្តែឆ្នាំ១៨០២ កងទ័ពបារាំង បានចាប់ខ្លួនគាត់ បញ្ជូនទៅបារាំង ។
ទោះយ៉ាងណា កងទ័ពរបស់លោក Toussaint Louverture បានបណ្តេញបារាំង ចេញពី Saint-Domingue ហើយនៅឆ្នាំ១៨០៤ កងទ័ពឧទ្ទាមប្រកាសឯករាជ្យភាពទីនោះថា សាធារណរដ្ឋហៃទី។ ចំណែកភាគខាងកើតឯណោះវិញ បារាំង នៅបន្តគ្រប់គ្រងទីក្រុង Santo Domingo របស់ អេស្ប៉ាញ ។
ឆ្នាំ១៨០៥ កងទ័ពហៃទី បានចូលលុកលុយតំបន់ Santo Domingo និងបានលួចប្លន់នៅ ទីក្រុងSantiago de los Caballeros និង ទីក្រុង Moca ដោយបានសម្លាប់អ្នកស្រុកភាគច្រើន បំផុត ដែលតាមរយៈទង្វើព្រៃផ្សៃនោះឯងហើយ ដែលបង្កើតបានជាកំហឹង និងសម្អប់រវាង ជាតិសាសន៍ទាំង ២ ( ដូមីនិក និង ហៃទី ) អស់រយៈពេល ២ សតវត្សរ៍ ។
ឆ្នាំ១៨០៧ នៅក្នុងសង្គ្រាមឧបទ្វីបអ៊ីប្រ៊ាន បារាំង និង អេស្ប៉ាញ គឺជាសម្ព័ន្ធមិត្ត ប្រឆាំង ព័រទុយហ្កាល់ និងអង់គ្លេស ។ ប៉ុន្តែនៅឆ្នាំ១៨០៨ បារាំង បានបង្វែគោលដៅទៅច្បាមចាប់ កាន់កាប់អេស្ប៉ាញ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនវិញ។ ហេតុនោះ អេស្ប៉ាញ ងាកទៅចងមេត្រី ភាពជាមួយអង់គ្លេស ដែលមុននេះបន្តិច គឺជាសត្រូវរបស់ខ្លួនវិញ។ ឆ្នាំ១៨០៨ នោះពួកអ្នក នៅតំបន់ Santo Domingo ដោយមានការជួយទំនុក បម្រុងពី អង់គ្លេស បានបះបោរប្រឆាំង បារាំង ហើយយកតំបន់ Santo Domingo ប្រគល់ទៅឱ្យ អេស្ប៉ាញ វិញ ។ លេចឡើងនៃ សាធារណរដ្ឋ ហៃទី
បន្ទាប់ពីបរាជ័យជាច្រើន លើកច្រើនគ្រាមក ទីបំផុត តំបន់ Santo Domingoបានប្រកាស ឯករាជ្យពី អេស្ប៉ាញ ដោយជោគជ័យ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៨២១ ដោយដាក់ឈ្មោះថា សាធារណរដ្ឋហៃទី ។ គប្បីកត់សម្គាល់ថា រហូតដល់ពេលនេះ នៅមិនទាន់មាន សាធារណរដ្ឋ ដូមីនិក នៅឡើយទេ ។
ដើម្បីប្រកាសឯករាជ្យភាពពី អេស្ប៉ាញ សាធារណរដ្ឋហៃទី បានព្រមព្រៀងសងអតីត អាណានិគមបារាំង នូវទឹកប្រាក់ ៦០ លានហ្វ្រង់ ។
ដើម្បីប្រមូលុយសង បារាំង រដ្ឋាភិបាលហៃទី បានដាក់ចេញនូវវិធានការពន្ធដារ យ៉ាងធ្ងន់ធ្ងរ ទៅលើជនជាតិដូមីនិក ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាល ហៃទី ពុំមានសមត្ថភាពចិញ្ចឹមកងទ័ព ឡើយ ទើបជាញឹកញាប់ កងទ័ព ប្រើអំណាច និងប្រដាប់ អាវុធ រឹបអូសយកស្បៀងពីប្រជា ពលរដ្ឋ ។ ទំនាស់ដីធ្លី បានកើតឡើងពាសពេញប្រទេស ។ រដ្ឋបាលរបស់ហៃទីក្តោបយ៉ាង ណែននៅតំបន់ទីក្រុង ប៉ុន្តែតំបន់ភ្នំ ពួកគេគ្រប់គ្រងមិនបានល្អទេ ដូច្នេះគឺតំបន់ទាំងនោះហើយ ដែលកើតមានចលនា ឯករាជ្យ ភាព ដូមីនិក ពីហៃទី ។ គ្រួសារ ម្ចាស់ដីធ្លីដែលជាជនជាតិ ដូមីនិក ត្រូវបានដកហូតកម្មសិទ្ធិដីធ្លី ទាំងបង្ខិតបង្ខំ ។ មនុស្សជាច្រើន រត់ទៅ គុយបា ទៅព័រតូរិកូ ឬទៅមហាកូឡុំប៊ី ហើយអ្នកទាំងនោះ ភាគច្រើនបំផុត ត្រូវបានបង្ខំចិត្តដោយ សារមន្ត្រីហៃទី បណ្តេញដើម្បីយកដីធ្លី ។
វិស័យអប់រំគ្រប់កម្រិត បានដួលរលំ សកលវិទ្យាល័យ ត្រូវបានបិទទ្វារ ដោយសារគ្មានទាំងគ្រូ និងធនធាន ហើយគ្មានទាំងនិស្សិតចូលរៀន ខណៈមនុស្សប្រុសជនជាតិដូមីនីក អាយុចាប់ពី ១៦-២៥ ត្រូវបានច្បាប់តម្រូវឱ្យចូលបម្រើកងទ័ពហៃទី ។ ទាហានដែលជាជនជាតិដូមីនិក (ដែលស្ថិតក្រោមការក្តោបក្តាប់របស់ រដ្ឋាភិបាល ហៃទី) មិនត្រូវបានរដ្ឋាភិបាលផ្តល់របប ប្រាក់ខែ និងស្បៀងឡើយ ទើបកងទ័ពទាំងនោះ ត្រូវស្វះស្វែងរករបស់តម្រូវការចាំបាច់ ទាំងនោះដោយខ្លួនគេ ហើយវិធីរករបស់កងទ័ពទាំងនោះ ភាគច្រើន គឺដណ្តើមពីជនស៊ីវិល ដូមីនិក ។ ទីបំផុត សេដ្ឋកិច្ច និងពន្ធដារ បានបរាជ័យ យ៉ាងឥតសណ្តាប់ធ្នាប់ ។
ដោយទ្រាំមិនបាននឹងការជិះជាន់ គាបសង្កត់សង្កិនពីសំណាក់រដ្ឋាភិបាលហៃទី ទើបមាន ចលនាឧទ្ទាមជាច្រើន បានកើតឡើង ដោយជនជាតិដូមីនិក ខណៈជនជាតិដូមីនិក និង ជនជាតិហៃទី ជាច្រើន បានរួបរួមគ្នា ដើម្បីប្រឆាំងនឹងអំណាចរបស់ប្រធានាធិបតី បូយើរ៍ នៃ ហៃទី ។
ឆ្នាំ១៨៤៣ ចលនាប្រឆាំងជនជាតិហៃទី ជាច្រើន ទម្រង់បានកើតឡើងគឺមានទាំងក្រុមគាំទ្រ ឯករាជ្យភាពដូមីនិក, ក្រុមគាំទ្រអេស្ប៉ាញ , ក្រុមគាំទ្រអង់គ្លេស , ក្រុមគាំទ្របារាំង និង ក្រុមគាំទ្រអាមេរិក បានរួបរួមគ្នាជាបន្តបន្ទាប់ ដើម្បីបណ្តេប្រធានាធិបតី បូយើរ៍ ចេញពីអំណាច ហៃទី ។
សាធារណរដ្ឋ ដូមីនិក លេចឡើង
កាលពីឆ្នាំ១៨៣៨ លោក ហ្សួន ផាប្លូ ដួតេ និងបក្ខពួក បានបង្កើតក្រុមសង្គមសម្ងាត់មួយ ឱ្យឈ្មោះថា La Trinitaria ដើម្បីស្វែងរកឯករាជ្យភាពរបស់ Santo Domingo ប៉ុន្តែដោយមិនពឹងផ្អែកលើការជួយអន្តរាគមន៍បរទេស ។ មនុស្សដ៏សកម្ម និងសំខាន់ផ្សេងទៀតក្នុងចលនា ឯករាជ្យនេះ គឺលោក Matías Ramón Mella និង លោក Francisco del Rosario Sánchez ទោះជាអ្នកទាំង ២ មិនមែនជាសមាជិកស្ថាបនិកក្រុងម La Trinitaria ក៏ដោយ ។
ទីបំផុត នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៨៤៤ ក្រុម La Trinitaria បានប្រកាសឯករាជ្យ បង្កើត សាធារណរដ្ឋដូមីនិក ដោយជោគជ័យ ហើយរដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋថ្មីនេះ ត្រូវបាន អនុម័ត នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៨៤៤ ដដែលនោះ ។
រដ្ឋាភិបាល និងប្រជាពលរដ្ឋដូមីនិក ប្រារព្ធទិវាឯករាជ្យជាតិរបស់ពួកគេដើម្បីរំឭកដល់ ព្រឹត្តិការណ៍ នេះឯង ។
ប៉ុន្តែរដ្ឋាភិបាលហៃទី មិនទទួលស្គាល់ឯករាជភាបរបស់សាធារណរដ្ឋដូមីនិកទេ ហើយចាត់ ទុកថា អ្នកប្រកាសបង្កើតសាធារណរដ្ឋដូមីនិកនោះ គឺជាជនក្បត់ជាតិ ដែលជាគោលដៅ កម្ទេច ។ សាធារណរដ្ឋដូមីនិកដ៏ថ្មីថ្មោង ពោពេញទៅដោយក្តីលំបាកវេទនា ផ្នែកសេដ្ឋកិច្ច អំពើហិង្សាចំពោះជនស៊ីវិល និងក្នុងផ្នែកនយោបាយ បក្ខពួកនិយម រដ្ឋាភិបាលត្រូវបាន ផ្លាស់ប្តូរជាញឹកញាប់ អ្នកនយោបាយប្រឆាំង ត្រូវបានចាប់ដាក់ ពន្ធនាគារ ឬនិរទេស និង រងអំពើហិង្សាដោយប្រការផ្សេងៗ ។
កងទ័ពហៃទី បានចូលឈ្លានពាន សាធារណរដ្ឋថ្មីនេះ ជាច្រើនលើកច្រើនគ្រា គឺនៅឆ្នាំ ១៨៤៤, ១៨៤៥-១៨៤៩ , ១៨៤៩-១៨៥៥ និង ដល់ឆ្នាំ ១៨៥៦ ។ រហូតដល់ឆ្នាំ ១៨៧៤ ទើប ហៃទី ទទួលស្គាល់ឯករាជ្យភាព របស់សាធារណរដ្ឋដូមីនិក ។
ពេលខ្លះ ក៏មានអ្នកកាន់អំណាច និងក្រុមអ្នកនយោបាយខ្លះ ចង់រំលាយដូមីនិកចូលជាមួយ ហៃទីវិញ ខណៈអ្នកខ្លះចង់ដាក់ដូមីនិក ទៅក្រោមអាណានិគមបរទេស ដូចជាអាណានិគម អេស្ប៉ាញ បារាំង និងអាមេរិក ជាដើម រហូដល់អំឡុងទសវត្សរ៍ឆ្នាំ១៨៨០ ទើបសន្តិភាពកើត មានលើទឹកដី សាធារណរដ្ឋ ដូមីនិក ៕ ស្រាវជ្រាវប្រែសម្រួលៈ មេសា