ដោយ: តារារិទ្ធ / ភ្នំពេញ: ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការរីកចម្រើននៃព្រះពុទ្ធចក្រ គឺជាការវាស់ស្ទង់នៃការរីកចម្រើននៃអាណាចក្រ។
សម្តេចបានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះសង្ឃនាយករង ៣ព្រះអង្គ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា យើងអាចវាស់ស្ទង់លើ៤ចំណុច៖
ទី១.ក្របខ័ណ្ឌគោលនយោបាយរបស់បក្សកាន់អំណាចបានផ្តល់នូវជំនឿសាសនានេះ ជាចំណុចសំខាន់ណាស់ គ្មានការសង្ស័យទេ ដែលគណបក្សប្រជាជនដឹកនាំប្រទេសនេះជាង ៤១ឆ្នាំមក។ ក្របខ័ណ្ឌសាសនាទាំងអស់មានការរីកចម្រើន ដែលក្នុងនោះប្រទេសយើងកាន់ពុទ្ធសាសនា ហើយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចែងថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។
ទី២.គឺទាក់ទងទៅនឹងជំនឿរបស់ប្រជាពលរដ្ឋលើវិស័យសាសនា ដែលយើងបើកឱកាសឱ្យប្រជាពលរដ្ឋរបស់យើង មានការជឿជាក់ទៅលើសាសនាណាក៏បាន ហើយមិនចង់ជឿទៅលើសាសនាណាក៏បាន។ ដូច្នេះបញ្ហាសាសនារបស់យើងស្ថិតស្ថេរ ឬមិនស្ថិតស្ថេរនៅត្រង់ជំនឿរបស់ប្រជាពលរដ្ឋ។
៣.ធ្វើការវាស់ស្ទង់មួយត្រូវបានគេកត់សម្គាល់ពីការរីកចម្រើននៃជីវភាពរបស់ប្រជាពលរដ្ឋ។ នៅពេលប្រជាពលរដ្ឋមានជីវភាពធូរធារ ទើបយើងអាចកសាងនៅទីអារាម និងព្រះវិហារសាសនាដ៏ច្រើនបែបនេះ។ បើជីវភាពរបស់ប្រជាពលរដ្ឋជួបការលំបាក ព្រះសង្ឃនឹងដាច់ចង្ហាន់ភ្លាម កុំថាឡើយដែលទៅដល់ការប្រមូលបច្ច័យដើម្បីកសាងទីអារាមនានា សូម្បីតែចង្ហាន់ក៏ត្រូវលំបាករកដែរ។
៤.បញ្ជាក់ពីទំនាក់ទំនងរវាងអាណាចក្រ និងពុទ្ធចក្រផងដែរ បើគ្មានការរីកចម្រើននៃអាណាចក្រទេ ក៏គ្មានការរីកចម្រើននៃវិស័យពុទ្ធចក្រដែរ។ អាណាចក្របានផលប្រយោជន៍ពីពុទ្ធចក្រ និងសាសនាដទៃទៀត ហើយពុទ្ធចក្រក៏ទទួលបានផលពីអាណាចក្រផងដែរ ដូច្នេះវាមានទំនាក់ទំនងទៅវិញទៅមក។ ក៏ប៉ុន្តែពុទ្ធចក្រក៏ត្រូវតែខិតខំថែរក្សានូវសន្តិភាពនៅពេលដែលមានសន្តិភាព គឺអាណាចក្ររីកចម្រើន អាណាចក្ររីកចម្រើនវានឹងនាំទៅដល់ការរីកចម្រើននៃផ្នែកពុទ្ធចក្រ។ ពុទ្ធចក្រក៏បានផ្ដល់ឱ្យអាណាចក្រវិញនូវការអប់រំប្រជាពលរដ្ឋឲ្យប្រព្រឹត្តអំពើល្អ និងខិតខំថែរក្សាសុខសន្តិភាព៕ ល/Ha