ដោយ:សុផានីតា,វណ្ណៈ/កោះកុង ៖ រថយន្តដឹកដែករោងការ និងសម្ភារៈធ្វើម្ហូបការ១គ្រឿង បានក្រឡប់ព្រោះតែការបើកបរហួសលឿនកំណត់ បណ្តាលឱ្យមនុស្សរងរបួសធ្ងន់ធ្ងរ១៤នាក់ នៅស្រុកបូទុមសាគរ។ បច្ចុប្បន្នអាជ្ញាធរសមត្ថកិច្ច និងក្រុមគ្រូពេទ្យ កំពុងជួយសង្រ្គោះ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង១៥នាទីព្រឹក លើវិថីព្រឹទ្ធាចារ សាយ ភូថង ត្រង់ចំណុចចំការស្វាយ ស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ បង្កដោយរថយន្ត១គ្រឿងម៉ាក KIA ពណ៌ ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ២O-៨០៧៤ ។
បើតាមលោក សុខ ផន អធិការនគរបាលស្រុកបូទុមសាគរ បានឱ្យដឹងរស្មីកម្ពុជាថា គ្រោះថ្នាក់នេះ បង្កឡើងដោយម្ចាស់រថយន្តខ្លួនឯងផ្ទាល់តែម្តង ព្រោះតែបើកបរហួសល្បឿនកំណត់ត្រង់ចំណុចថ្នល់មានស្ថានភាពកោងខ្លាំង អំឡុងធ្វើដំណើរទិសដៅគ្រឿងសម្ភារៈធ្វើម្ហូបការត្រៀមធ្វើអាហារតាមការណាត់របស់ពលរដ្ឋម្ចាស់ការពីស្រុកស្រែអំបិល ឆ្ពោះទៅឃុំកោះស្តេច ស្រុកគិរីសាគរ។
លោកអធិការនគរបាលស្រុក បន្តថា យ៉ាងហោចណាស់ មានមនុស្សស្រីប្រុសចំនួន ១៤នាក់ ស្រី ៤នាក់ ក្នុងចំណោះអ្នករងគ្រោះ មាន២នាក់រងរបួសធ្ងន់ ស្រី ០១នាក់។ ពួកគាត់ត្រូវបានបញ្ចូនទៅសង្រ្គោះបន្ទាន់នៅមណ្ឌលសុខភាពភ្លាមៗដែរ ករណីមានអ្នកមានសភាពរបួសធ្ងន់នឹងបញ្ចូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។
របាយការណ៍នគរបាលស្រុក បង្ហាញថា ឈ្មោះ ប៊ូ យូសៀន ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ អ្នកបើកបរ មានទីលំនៅភូមិត្រពាំង ឃុំស្រែអំបិល ទី២- ឈ្មោះ ថា ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកស្រែអំបិល ទី៣- ឈ្មោះ ឆក ភេទប្រុស អាយុ ៣២ឆ្នាំ ទី៤- ឈ្មោះ ពៅ ភេទប្រុស អាយុ ៣៣ឆ្នាំ ទី៥- ឈ្មោះ ចក់ ភេទប្រុស អាយុ ៣៦ឆ្នាំ ទី៦- ឈ្មោះ ផៃ ភេទប្រុស អាយុ ៣៦ឆ្នាំ ទី៧- ឈ្មោះ ព្រែក ភេទប្រុស អាយុ ៣២ឆ្នាំ ទី៨- ឈ្មោះ ផែន ភេទប្រុស អាយុ ១៨ឆ្នាំ ទី៩- ឈ្មោះ ណាត ភេទប្រុស អាយុ ៥០ឆ្នាំ និងទី១០- ឈ្មោះ វី ភេទប្រុស អាយុ ៣៥ឆ្នាំ ពួកគេភាគច្រើនមានទីលំនៅរាជធានីភ្នំពេញ ។
ដោយឡែក ជនរងគ្រោះ ស្រី ៤នាក់ទៀតមិនស្គាល់អត្ថសញ្ញាណនៅឡើយទេ គ្រាបញ្ជូនទៅមណ្ឌលសុខភាពថ្មស។
កន្លងទៅ ទាំងលោក ហាក់ ឡេង អភិបាលស្រុក និងលោក សុខ ផន អធិការនគរបាលស្រុក ក៏ដូចជាមន្ទីរសាធារណការខេត្ត តែងអំពាវនាវដល់អ្នកបើកបរលើកំណាត់ផ្លូវជាតិ លេខ៤៨ក្នុងភូមិសាស្រ្តខេត្តកោះកុង បង្កើនការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងបើកបរហួសល្បឿនកំណត់ទាំងមិនស្គាល់ស្ថានភាពច្បាស់លាស់ថា ចំណុចណាមានផ្លូវកោង ចុះចំណោទ ឬត្រង់៕/B