ប្រភពព័ត៌មានពីសហជីពបាននិយាយនៅថ្ងៃសុក្រទី២៨ខែកុម្ភៈនេះថាក្រុមហ៊ុនផលិតរថយន្ត Hyundai បានផ្អាកការផលិតនៅរោងចក្រមួយ ក្នុងចំណោមរោងចក្រជាច្រើនរបស់ខ្លួននៅទីក្រុងអ៊ុលសាន ប្រទេសកូរ៉េខាងត្បូងបន្ទាប់ពីកម្មករម្នាក់ធ្វើតេស្តិ៍វិជ្ជមាននៃវីរុសCOVID-19។
អ្នកនាំពាក្យសហជីពកម្មករនៃក្រុមហ៊ុននេះក៏បាននិយាយដែរថាកម្មករម្នាក់បានធ្វើតេស្តិ៍វិជ្ជមាន ប៉ុន្តែអ្នកនាំពាក្យនេះមិនមានព័ត៌មានលម្អិតបន្ថែមទៀតទេ។
ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តនេះ បានធ្លាក់ចុះជាង៥ភាគរយ បន្ទាប់ពីដំណឹងនេះខណៈដែល ទីផ្សាររថយន្តដ៏ធំនៃក្រុមហ៊ុននេះ បានធ្លាក់ចុះ ២,៦ភាគរយ។
អ្នកនាំពាក្យនេះបាននិយាយថាក្រុមហ៊ុននេះបានកំពុងពិនិត្យមើលរបាយការណ៍នេះ។
ក្រុមហ៊ុនHyundai ផលិតរថយន្តប្រភេទស្ព័រដូចជា រថយន្ត Palisade និង រថយន្ត Genesis GV80ហើយតាមសេចក្តីរាយការណ៍ថាក្រុមហ៊ុនេះបានផ្អាកការផលិត។
រំលឹកថា ក្រុមហ៊ុនបច្ចេកវិទ្យាSamsung Electronicsក៏បានបិទរោងចក្រមួយនៅក្រុងហ្គូមី កាលពីចុងសប្តាហ៍បន្ទាប់ពីកម្មករម្នាក់ត្រូវបានរកឃើញផ្ទុកកូរ៉ូណាវីរុស តែបានបន្តដំណើរការផលិតវិញកាលពីថ្ងៃចន្ទ។
ក្នុងពេលជាមួយគ្នា ក្រុមហ៊ុនអាកាសចរណ៍ Korean Air Lines Co Ltd បាននិយាយកាលពីថ្ងៃ២៨កុម្ភៈថាខ្លួននឹងកាត់បន្ថយការហោះហើរទៅកាន់សហរដ្ឋអាម៉េរិកនៅខែមីនា ហើយនឹងមិនអនុញ្ញាតអោយនរណាដែលមានកំដៅខ្លួនចាប់ពី៣៧,៥អង្សាឡើងយន្តហោះទៅអាម៉េរិកទេ។
ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថាមានករណីឆ្លងថ្មីនៃវីរុសនេះចំនួន២៥៦ ករណីនៅថ្ងៃសុក្រនេះ ដែលនាំឱ្យមានចំនួនអ្នកឆ្លងសរុបកើនឡើងដល់២.០២២ នាក់៕ប្រែសម្រួល៖សុខា/sn