ភាពមិនប្រាកដប្រជានយោបាយម៉ាឡេស៊ីបានកើនឡើងកាលពីថ្ងៃសុក្រទី២៨កុម្ភៈបន្ទាប់ពីប្រធានសភាបាននិយាយថា លោកជំទាស់នឹងសំណើរបស់មេដឹកនាំបណ្តោះអាសន្នលោកមហាធៀ ម៉ូហាម៉ាត អោយសភាបើកកិច្ចប្រជុំពិសេសនៅសប្តាហ៍ក្រោយដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី។
មហាធៀ ដែលបានលាឈប់នៅសប្តាហ៍នេះដោយសារសម្ពន្ធភាពចម្រុះរបស់លោកបែកបាក់ផ្ទៃក្នុងនាំដល់ការបាត់បង់សម្លេងភាពច្រើនក្នុងសភានោះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ព្រះមហាក្សត្របានសុំអោយសភាបោះឆ្នោតជ្រើសរើសអ្នកស្នងតំណែងម្នាក់ពីលោក។
តែប្រធានសភាបាននិយាយថា លោកបានទទួលលិខិតមួយមកពីមហាធៀ សុំអោយបើកសម័យប្រជុំពិសេសមួយនៅថ្ងៃចន្ទទី០២មីនា តែវាមិនអាចធ្វើបានទេបើមិនមានបញ្ជាពីស្តេច ដូច្នេះកាលបរិច្ឆេទសំរាប់កិច្ចប្រជុំដូច្នេះនឹងត្រូវប្រកាសជូននៅពេលក្រោយ។
ព្រះមហាក្សត្រទី៩របស់ម៉ាឡេស៊ី ព្រះចៅស៊ុលតង់ អាប់ឌូលឡា ស៊ុលតង់ អាម៉ាត សា បានចាប់ផ្តើមកិច្ចប្រជុំមួយនៅថ្ងៃសុក្រដើម្បីកំណត់ថាតើត្រូវបង្កើតរដ្ឋាភិបាលបន្ទាប់យ៉ាងណា។
ការលាឈប់របស់នាយករដ្ឋមន្ត្រីចាំផ្ទះវ័យ៩៤ឆ្នាំនេះ ត្រូវបានគេមើលឃើញថាជាល្បិចពង្រឹងអំណាច និងជៀសវាងការផ្ទេរអំណាចតាមការសន្យាមុនការជាប់ឆ្នោតទៅអោយប្រធានគណបក្សជាដៃគូ លោកអាន់វ៉ា អ៊ីប្រាហ៊ីម។
ការប្រកាសប្រជុំសភាដើម្បីសំរេចតំណែងនាយករដ្ឋមន្ត្រីនេះនាំអោយក្រុមចម្រុំប្រឆាំង៣គណបក្ស ដឹកនាំដោយលោកអាន់វ៉ា ប្រឆាំងជំទាស់ ដោយថាវាមិនសមស្របដែលមហាធៀសំរេចមុនស្តេច។
ក្នុងប្រព័ន្ធនយោបាយម៉ាឡេស៊ី ស្តេចសំរេចថាគណបក្សឬក្រុមចម្រុះណាមានការគាំទ្រច្រើនជាងគេសំរាប់បង្កើតរដ្ឋាភិបាលមួយ ក្រោយការប្រឹក្សាយោបល់។បន្ទាប់មកក្រុមដែលបានការអនុម័យយល់ព្រមពីស្តេចនឹងជ្រើសរើសនាយករដ្ឋមន្ត្រី។
មហាធៀកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ការបោះឆ្នោតក្នុងសភាមានភាពចាំបាច់ដោយសារតែស្តេចបានមានបន្ទូលថា មិនមានក្រុមណាមួយមានសម្លេងភាគច្រើន។ស្តេចម៉ាឡេស៊ីនៅសប្តាហ៍នេះបានជួបសមាជិកសភាម្នាក់ម្តងហើយសួរយោបល់ពីសមាជិកសភាទាំង២២២រូប ដើម្បីអោយដឹងថាមេដឹកនាំណាមានការគាំទ្រច្រើនជាងគេ។
មហាធៀ បានបន្ថែមថា បើក្នុងការបោះឆ្នោតនៅថ្ងៃ០២មីនាមិនមានបេក្ខជនណាទទួលបានការគាំទ្រភាគច្រើនទេនោះការបោះឆ្នោតមុនកាលកំណត់មួយនឹងត្រូវធ្វើឡើង៕ប្រែសម្រួល៖វាសនា
មហាធៀសុំអោយសភាកោះប្រជុំជ្រើសរើសនាយករដ្ឋមន្ត្រី តែប្រធានសភាថាទេ បើគ្មានបញ្ជាពីស្តេច