នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ កាលពីថ្ងៃសុក្រទី២៨ខែកុម្ភៈបានសន្យាចាត់វិធានការតាមគោលនយោបាយដែលចាំបាច់ដើម្បីការពារកុំអោយការឆ្លងវីរុសCOVID-19ប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសជប៉ុន ខណៈដែលសេដ្ឋកិច្ចថយចុះរបស់ប្រទេសនេះ កំពុងងើបឡើងវិញ។
លោក ស៊ីនហ្សូ អាបេ បាននិយាយថារដ្ឋាភិបាលនៅតែមានទុនបំរុងគ្រប់គ្រាន់សម្រាប់ការចំណាយបន្ទាន់ទាក់ទងនឹងការឆ្លងរាលដាលនៃវីរុសនេះ ដែលជាការសញ្ញាបង្ហាញថាលោកមិនចាំបាច់ត្រូវការប្រមែលប្រមូលថវិកាសម្រាប់កញ្ចប់ចំណាយថ្មីទេ។
លោក អាបេ បានប្រាប់សភាថា” ប៉ុន្តែ ខ្ញុំដឹងអំពីគំនិតដែលយល់ថា ថា ប្រសិនបើវីរុសនេះឆ្លងរាលដាលនោះ វាអាចប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច។ ដូច្នេះយើងកំពុងតាមដានមើលការវិវត្តន៍ដោយយកចិត្តទុកដាក់”។
លោកបាននបន្ថែមថា ប្រសិនបើមានការប្រែប្រួលនោះយើងនឹងធានាចាត់វិធានការតាមតម្រូវការដើម្បីការពារកុំអោយវីរុសនេះបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន” ។
សេដ្ឋកិច្ចរបស់ជប៉ុនបានធ្លាក់ចុះយ៉ាងលឿនបំផុតនៅក្នុងត្រីមាសខែធ្នូឆ្នាមុនបើធៀបនឹងការធ្លាក់ចុះក្នុងរយៈពេលជិត៦ឆ្នាំចុងក្រោយនេះ ដោយសារតម្រូវការសកលធ្លាក់ចុះនិងការដំឡើងពន្ធលើការលក់កាលពីឆ្នាំមុនបានធ្វើឱ្យប៉ះពាល់ដល់ការប្រើប្រាស់និងការចំណាយទិញដូរ។
ក្រុមអ្នកវិភាគខ្លះ រំពឹងថា សេដ្ឋកិច្ចជប៉ុននឹងធ្លាក់ចុះម្តងទៀតនៅក្នុងត្រីមាសបច្ចុប្បន្ននិងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចដោយសារវីរុសនេះបានរំខានដល់សង្វាក់ផ្គត់ផ្គង់បង្កឱ្យមានការលុបចោលព្រឹត្តិការណ៍សំខាន់ជាច្រើន និងធ្វើឱ្យពួកអ្នកទិញទំនិញនៅតែផ្ទះដោយសារការភ័យខ្លាចឆ្លងវីរុសនេះ៕ប្រែសម្រួល៖សុខា/sn

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ក៏បាននិយាយការពារវិធានការបិទសាលារៀនមួយខែដោយសារកូរ៉ូណាវីរុស