ដោយៈសរិទ្ធ/ភ្នំពេញ ៖ សំណុំរឿងប៉ុនប៉ងបាញ់សម្លាប់ នៅក្លឹបលុច្យសារី កាលពីចុងខែឧសភា ឆ្នាំ២០១៩កន្លងទៅ ដែលបង្កឡើងដោយ ឈ្មោះ រិន សុបញ្ញា ជាកូនប្រុសរបស់លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ត្រូវបានជនរងគ្រោះប្តឹងសារទុក្ខទៅតុលាការកំពូល។

ការប្តឹងសារទុក្ខនេះកើតឡើងដោយសារតែសាលាឧទ្ធរណ៍ បានតម្កល់ការសម្រេចរបស់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញដែលបានចេញដីកាដំណោះស្រាយ កែប្រែ បទចោទប្រកាន់លើជនត្រូវចោទពីបទ “ប៉ុនប៉ងឃាតកម្ម” តាមមាត្រា២៧ និង មាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលជាបទឧក្រិដ្ឋ មកជាបទ “ហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស” តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ដែលជាបទមជ្ឈិមវិញ។

យោងតាមពាក្យបណ្តឹងឧទ្ធរណ៍ ដែលទើបទទួលបាននៅថ្ងៃទី២៨ ខែកុម្ភៈ បានបង្ហាញថា លោក សុខ នុន អាយុ៣៨ឆ្នាំ មានលោក លឹម សូលីតា ជាមេធាវីតំណាងដោយអាណត្តិ បានប្តឹងឧទ្ធរណ៍លើដីកាដំណោះស្រាយ ឬ ដីកាសម្រេចបញ្ជូនសំណុំរឿងទៅជំនុំជម្រះ លេខ០៨២ “ធ” ដ.ដ ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។

តាមពាក្យបណ្តឹងឧទ្ធរណ៍ នេះ បានរៀបរាប់អំពីអង្គហេតុ ថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ លោក សុខ នុន បានទៅលេងកម្សាន្តនៅក្លឹបលុច្យសារី ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។ ពេលទៅដល់និងអង្គុយលេងមួយសន្ទុះ ស្រាប់តែឃើញប្អូនប្រុសលោក គឺ ឈ្មោះ ពេជ្រ បានដើរចេញពីបន្ទប់ទឹកមក ក្នុងសភាពបែកមាត់ឈាមច្រមុះ ហើយប្អូនប្រុសបានប្រាប់ថា “មានគេវាយគាត់”។

បន្ទាប់មក លោក សុខ នុន និង ឈ្មោះ នឹម លីណា ហៅ អារីយ៉ា បានដើរទៅសួរនាំ ។ ឈ្មោះ អារីយ៉ា បានដើរទៅដល់មុខបន្ទប់ទឹក ក៏បានស្រែកសួរថា “មានរឿងអ្វី ម៉េចមិននិយាយជាមួយខ្ញុំសិន ហេតុអ្វីបានជាវាយមិត្តប្រុសខ្ញុំ (ពេជ្រ)” ។ ពេលនោះលោក សុខ នុន បានសំដៅទៅរកឈ្មោះ រិន សុបញ្ញា ហើយបានសួរថា “ហេតុអ្វីបានជាវាយប្អូនអញ” ? ភ្លាមនោះ ឈ្មោះ រិន សុបញ្ញា បានតបថា “ឯងចង់ម៉េចៗ” រួចឈ្មោះ រិន សុបញ្ញា បានដកកាំភ្លើងបាញ់សំដៅមកលោក សុខ នុន តែម្តង ដោយមិនមានអាម៉េកាំភ្លើងទេ គឺ បាញ់ចំនួន៣គ្រាប់ តែសំណាងល្អបាញ់មិនចំលោក សុខ នុន នោះទេ បែរជាចំជើងខាងស្តាំរបស់ឈ្មោះ អារីយ៉ា ។ ក្រោយមក សន្តិមិនសុខបានឃាត់ខ្លួនឈ្មោះ រិន សុបញ្ញាទេ។

ក្រោយកើតហេតុ ជនបង្កបានគេចខ្លួន រហូតថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ម្តាយរបស់ជនល្មើសបាននាំខ្លួន ទៅអោយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចកសាងបញ្ជូនជនល្មើសទៅតុលាការ។ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ លោកស្រី ស៊ឺ វណ្ណនី ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ជនល្មើសពីបទ ប៉ុនប៉ងឃាតកម្ម តាមមាត្រា២៧និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលជាបទល្មើសឧក្រិដ្ឋ និងស្នើសុំអោយឃុំខ្លួន។

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជនល្មើសដាក់ពន្ធនាគាររាជធានីភ្នំពេញ PJ ។ ប៉ុន្តែជននេះត្រូវបានតុលាការអនុញ្ញាតអោយនៅមន្ទីរពេទ្យ រុស្សី ក្រោមហេតុផលថាឈឺ រហូតដល់បច្ចុប្បន្ន។

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ តុលាការសម្រេចបិទការស៊ើបសួរ និងជូនដំណឹងទៅជនរងគ្រោះ ដោយបញ្ជាក់ថាការស៊ើប សួរចប់សព្វគ្រប់។ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ចៅក្រមស៊ើបសួរ បាន សម្រេចបញ្ជូនរឿងទៅជំនុំជម្រះដោយសម្រេចកែប្រែបទចោទ ពី “ប៉ុនប៉ងឃាតកម្ម” ទៅ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ចៅក្រមស៊ើបសួរ ជូនដំណឹងទៅមេធាវី និងជនរងគ្រោះ និងដើមបណ្តឹង។ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ជនរងគ្រោះ បានប្តឹងឧទ្ធរណ៍ទៅនឹងការសម្រេចកែប្រែការចោទប្រកាន់។

សំណុំរឿងនេះនៅសាលាឧទ្ធរណ៍ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ហើយជំនុំជម្រះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយពុំបានជូនដំណឹងទៅមេធាវីរបស់ជនរងគ្រោះទាំងពីរ និងជន រងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណី។

សាលាដំបូងរាជធានីភ្នំពេញ ក៍បានលើកសំណុំរឿងនេះយកមកជំនុំជម្រះទាំងរឿងនេះ គឺជនរងគ្រោះប្តឹងឧទ្ធរណ៍ទៅនឹងការសម្រេចកែប្រែបទចោទ។ ប៉ុន្តែមេធាវីដើមបណ្តឹងស្នើសុំលើកពេលដោយហេតុថាសាលាឧទ្ធរណ៍មិនទាន់សម្រេចទាក់ទង ទៅនឹងថាតើរក្សាបទចោទ ប៉ុនប៉ងឃាតកម្ម ឬ កែមកបទល្មើស ហិង្សាដោយចេតនា។

ក្រោយជំនុំជំម្រះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ សាលាឧទ្ធរណ៍ប្រកាសសាលដីកាភ្លាម ដោយ ជនរងគ្រោះ យល់ថា ហាក់មានការរៀបចំ ទុកជាមុនគឺមិនប្រក្រតីដោយសារជំនុំជម្រះមិនជូនដំណឹងទៅដើមបណ្តឹង និងមេធាវី ហើយ សម្រេចភ្លាមៗ ដោយប្រើពេលតែមួយសប្តាហ៍ គិតពីថ្ងៃដែលសាលាឧទ្ធរណ៍ទទួលសំណុំរឿងពីសាលាដំបូង។

បន្ទាប់ពីប្រកាសសាលដីកាភ្លាមៗទាំងមិនបានជូនដំណឹងមកដើមបណ្តឹង និងមេធាវីកា ពារក្តីនោះ ជនរង គ្រោះក៏ដូចជាដើមបណ្តឹងរដ្ឋប្បវេណីទាំងពីរបានប្តឹងសាទុក្ខទៅតុលាការកំពូល បន្តទៀត៕/B