ដោយ:គង់ហេង/កំពង់ចាម ៖ ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលនឹងរឹតបន្តឹងច្បាប់ចរាចរណ៍ ដោយចាត់វិធានការទៅលើអ្នកបើកបរម៉ូតូ និងអ្នកជិះម៉ូតូទាំងឡាយណាដែលធ្វើដំណើរ គឺនៅតែល្មើសមិនព្រមពាក់មួយសុវត្ថិភាពការពារនោះ។ ខណ:ដែលជនរងគ្រោះដែលស្លាប់ចំនួន ៧០ ភាគរយ គឺបណ្តាលមកពីមិនពាក់«មួកសុវត្ថិភាព» និងមានអ្នកធ្វើដំណើរតាមម៉ូតូរាប់លាននាក់ នៅទូទាំងប្រទេស។

នេះជាការថ្លែងប្រកាសឳ្យដឹងរបស់លោក អ៊ុន ចាន់ដា ប្រធានសាខាកាក់បាទក្រហមខេត្តនិង ជាអភិបាលខេត្តកំពង់ចាម នៅក្នុងការដែលលោកបានដឹកនាំមន្រ្តីរាជការ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក់បាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋចំនួនជាង ១០០ គ្រួសារ រស់នៅឃុំស្រម៉រ និងឃុំស្តើងជ័យ ស្រុកជើងព្រៃ នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភ: ឆ្នាំ២០២០។

លោកប្រធានសាខាកាក់បាទក្រហមកម្ពុជាខេត្តកំពង់ចាមបានមានប្រសាសន៍ថា ប្រជាពលរដ្ឋស្ទើរតែទាំងអស់មានម៉ូតូគ្រប់គ្នា ហើយបានធ្វើដំណើររាល់ថ្ងៃលើដងផ្លូវ។ ជាហេតុងាយនឹងជួបគ្រោះថ្នាក់ដែលយើងមានការធ្វេសប្រហែសនោះ។ ជាពិសេសខេត្តកំពង់ចាមយើងក៏ស្ថិតក្នុងខេត្តមួយ នៃការកើនឡើងគ្រោះថ្នាក់ចរាចរណ៍ដែរ។

លោកអភិបាលខេត្តរូបនេះបានមានប្រសាសន៍ទៀតថា អ៊ីចឹងនេះជាគោលដៅរួមគ្នា នៃការទប់ស្កាត់គ្រោះថ្នាក់មួយនេះ និងបង្រ្កាបកុំឳ្យមានបទល្មើសនៅតាមដងផ្លូវ។ អតីតកន្លងទៅឳ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ដោយវិធានការអប់រំ ផ្សព្វ​ផ្សាយ ពិន័យបន្តិចបន្តួចជាដើមដូចជា អ្នកជិះ និងបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ត្រឹមឃាត់ឳ្យទៅយកមួកមកពាក់អនុញ្ញាតឳ្យធ្វើដំណើរបន្ត និងពិន័យជាលុយនោះ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍បន្ថែមថា ប៉ុន្តែសម្រាប់ឆ្នាំ២០២០នេះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការរិតបន្តឹងមួយ គឺការរិតបន្តឹងនៃការអនុវត្តច្បាប់។ ដោយអ្នកបើកបរ និងជិះម៉ូតូទាំងឡាយដែលមិនពាក់មួកសុវត្ថិភាព គឺត្រូវចាប់ទាំងមនុស្ស ចាប់ទាំងម៉ូតូ ហើយទូរស័ព្ទប្រាប់សាច់ញាតិឳ្យយកមួកសុវត្ថិភាពមកពាក់នៅចំពោះមុខសមត្ថិកិច្ច និងបង់ប្រាក់ពិន័យបន្ថែមទៀត។

លោកបានមានប្រសាសន៍បន្តថា តែចំនួនប្រាក់ពិន័យខាងមន្រ្តីច្បាប់កំពុងសិក្សានីតិវិធីលើការពិន័យនេះ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវពាក់មួកសុវត្ថិភាព គឺដាក់តាមម៉ូតូ ហើយពេលបើកបរ ឬជិះត្រូវពាក់មួកជានិច្ច។ តាំងពីពេលចាប់ផ្តើមចេញដំណើររហូតដល់ចុងបញ្ចប់ នៃការធ្វើដំណើរ គឺមិនត្រូវចាំឃើញមន្រ្តីនគរបាល ទើបពាក់មួកនោះទេ គឺត្រូវចាប់ទុក និងពិន័យដូចគ្នា។

លោកបានថ្លែងថា បញ្ហាដែលរាជរដ្ឋាភិបាលបានចាត់វិធានការរឹតបន្តឹងខ្លាំងលើអ្នកធ្វើដំណើរតាមម៉ូតូបែបនេះ គឺដោយសារថា មានអ្នករងគ្រោះដែលបានស្លាប់ចំនួន ៧០ ភាគរយ គឺជាអ្នកធ្វើដំណើរតាមម៉ូតូមិន«ពាក់មួកសុវត្ថិភាព» នៃអ្នករងគ្រោះសរុប និងមានអ្នកធ្វើដំណើរទូទាំងប្រទេសរាប់លាន នាក់បានធ្វើដំណើរតាមម៉ូតូ៕/B