លឿម​ប៊ុន​រឿន​អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង សុរិយោដី​ខេត្តពោធិ៍សាត់

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ តុលាការ​បានសម្រេច​ផ្តន្ទាទោស​អតីត​ប្រធាន អនុប្រធាន និង​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និងសុរិយោដី​ខេត្តពោធិ៍សាត់ ពី​ពីរ​ឆ្នាំកន្លះ បី​ឆ្នាំ និង​ប្រាំបី​ឆ្នាំ និង​ចោទប្រកាន់​ពីបទ​សម្អាត​ប្រាក់ បទ​រំលោភ​អំណាច និង​បទ​វិ​តិ​ក្រម និង​រឹបអូស​ទ្រព្យសម្បត្តិ​មួយចំនួន​ទុក ជា​ទ្រព្យសម្បត្តិ​រដ្ឋ រួមទាំង​ពិន័យ​ជា​ប្រាក់​ពី​ប្រាំ​លាន​រៀល​ដល់​ប្រាំបី​លាន​រៀល​។ ការសម្រេច​ផ្តន្ទាទោស​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០​។​

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​គុជ គឹម​ឡុង បានបញ្ជាក់​កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែកុម្ភៈ ថា កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ​ សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ផ្តន្ទាទោស​លើ​ឈ្មោះ​លឿម​ប៊ុន​រឿន ​អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង សុរិយោដី​ខេត្តពោធិ៍សាត់ ពីបទ​សម្អាត​ប្រាក់ បទ​រំលោភ​អំណាច និង​បទ​វិ​តិ​ក្រម ដាក់ពន្ធនាគារ​រយៈពេល ៨ (​ប្រាំបី​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល ។​

​លោក​បាន​បញ្ជាក់ថា បន្ថែម​លើ​ការផ្តន្ទាទោស ទ្រព្យសម្បត្តិ​មួយចំនួន​ដែលជា​ផល​នៃ​បទល្មើស ឬ​កើតចេញពី​ផល​នៃ​បទល្មើស​ត្រូវ​តុលាការសម្រេច​រឹបអូស​ទុក ជា​ទ្រព្យសម្បត្តិ​រដ្ឋ​ មាន​ជាអាទិ៍​ដូចជាៈ អចលនវត្ថុ (​ដី​ផ្ទះ​) មាន​ទីតាំង​ស្ថិតនៅ​បុរី​ប៉េង​ហួត (​ប៉ុស្តិ៍​វិទ្យុ​ស្ទឹងមានជ័យ​) រាជធានី​ភ្នំពេញ​ អចលនវត្ថុ (​ដី​ផ្ទះ​) មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ដូង​ជ្រុំ ខេត្តពោធិ៍សាត់ អចលនវត្ថុ (​ដី​ផ្ទះ​) មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្ពានថ្ម ខេត្តពោធិ៍សាត់ រថយន្ត​ចំនួន​ពីរ​គ្រឿង ម៉ាក Lexus 570 ពណ៌​មាស ស៊េរី​ឆ្នាំ​២០១០ មួយគ្រឿង និង​ទ្រព្យសម្បត្តិ​មួយចំនួនទៀត ។​

ជាង វុទ្ធី អតីត​អនុប្រធាន​មន្ទីរ


​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បន្តថា ដោយឡែក​អ្នកពាក់ព័ន្ធ មួយ​-​ឈ្មោះ តែ ប៊ុន​ថេ​ង អតីតមន្ត្រី​ច្រកចេញចូល​តែមួយ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល ២​ឆ្នាំ ៦​ខែ (​ពីរ​ឆ្នាំ ប្រាំ​មួយខែ​) និង​ពិន័យ​ជា​ប្រាក់​ចំនួន​ប្រាំ​លាន​រៀល និង​ពីរ​ឈ្មោះ ជាង វុទ្ធី អតីត​អនុប្រធាន​មន្ទីរ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល​បី ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ប្រាំ​លាន រៀល ពីបទ វិ​តិ​ក្រម ។​


​សូមជម្រាបថា អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ចាប់ខ្លួន​ប្រធាន អនុប្រធាន និង​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្តពោធិ៍សាត់ ពាក់ព័ន្ធ​ការឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ទារលុយ​ពី​ប្រជាពលរដ្ឋ ១០​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​ចេញ​ច្បាប់​សាងសង់ នៅក្នុង​ភោជនីយដ្ឋាន​មួយកន្លែង​នៅ​ក្រុង​ពោធិ៍សាត់ និង​នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩​។ ការចុះ​ចាប់ខ្លួន​មន្ត្រី​សុរិយោដី​ខេត្តពោធិ៍សាត់​ទាំងបី​នាក់​នេះ គឺ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​ការចាប់ខ្លួន​ប្រធាន​មន្ទីរ និង​អនុប្រធាន បានធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​មហាលាប នៅក្នុង​ក្រុង​ពោធិ៍សាត់ ខណៈពេលដែល​អ្នក​ទាំង​ពីរ និង​ម្ចាស់​ដី​ជួបគ្នា​ដើម្បី​ប្រគល់​លុយ​។ មន្ត្រី​ម្នាក់ទៀត ចាប់ខ្លួន​នៅក្នុង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្តពោធិ៍សាត់​៕​សរន​/Ha

តែ ប៊ុន​ថេ​ង អតីតមន្ត្រី​ច្រកចេញចូល​តែមួយ