ឧបនាយករដ្ឋមន្ត្រី​ប៊ិន​ឈិន​៖​ជប៉ុន​ជា​ដៃគូ​យ៉ាងសំខាន់​ចូលរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​

ដោយៈ​សុផល​/​ភ្នំពេញ​៖​កិត្តិ​នីតិកោសល​បណ្ឌិត​ប៊ិន​ឈិន​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ថ្លែងថា​”​ប្រទេស​ជប៉ុន​ជា​ដៃគូ​យ៉ាងសំខាន់​ដែល​បាន​ចូលរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​”​។​

​ឧបនាយករដ្ឋមន្ត្រី​ប៊ិន​ឈិន​បាន​ថ្លែង​ដូច្នេះ​នៅ​ល្ងាច​ថ្ងៃទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​នៅក្នុង​ពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះករុណា​ព្រះ​អធិរាជ​នៃ​ប្រទេស​ជប៉ុន​ដែល​រៀបចំឡើង​ដោយ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​លោកស្រី​ឧបនាយករដ្ឋមន្ត្រី​ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​,​ទេសរដ្ឋមន្ត្រី​,​រដ្ឋមន្ត្រី​,​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​មន្ត្រី​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ព្រមទាំង​ឯកអគ្គរាជទូត​និង​ឯកអគ្គរដ្ឋទូត​ប្រទេស​ជា​មិត្ត​យ៉ាងច្រើន​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះ​អធិរាជ​នៃ​ប្រទេស​ជប៉ុន​។​

​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បាន​វាយតម្លៃថា ក្នុង​រយៈពេល​៦៧​ឆ្នាំ​មកនេះ​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន មានការ​ពង្រឹង​និង​ពង្រីក​ទៅមុខ​ឥតឈប់ឈរ​តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​។​ព្រមទាំង​ការផ្លាស់ប្តូរ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​ក្នុង​កម្រិត​ទ្វេរ​ភាគី​និង​ពហុភាគី ។​

ជាពិសេស​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​ការវិនិយោគ​ទេសចរណ៍​និង​ការប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន​និង​ប្រជាជន​បើទោះបី​មានការ​ប្រែប្រួល​នយោបាយ​និង​សេដ្ឋកិច្ច​ក្នុង​តំបន់​និង​ពិភពលោក​យ៉ាង​ក៏ដោយ​។​ឧបនាយករដ្ឋមន្ត្រី​បាន​លើកឡើងថា​៖​ចាប់តាំងពី​ដំណើរការ​ស្វែងរក​សន្តិ​ភាព​នៅ​ដើមឆ្នាំ​១៩៩០​រហូតដល់​កម្ពុ​ជាមាន​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃនេះ​គឺ​មិនអាច​កាត់ផ្តាច់​ចេញពី​ជំនួយ​អភិវឌ្ឍ​ដ៏​ថ្លៃថ្លា​របស់​រាជរដ្ឋាភិបាល​ជប៉ុន​និង​ប្រជាជន​ជប៉ុន​បានឡើយ​។​

​ក្រោម​កិច្ចសហប្រតិបត្តិការ​រ​បស់​ប្រទេស​ជប៉ុន​លើ​ការកសាង​ឧស្សាហកម្ម​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន​និង​អភិបាលកិច្ច​ល្អ​ក៏ដូចជា​ការយកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​។​ព្រមទាំង​ការចូលរួម​ដោះស្រាយ​វិបត្តិ​និង​បញ្ហា​ប្រឈម​នានា​នៅ​កម្ពុជា​ដែល​បាន​ចូលរួមចំណែក​ជំ​រុញឱ្យ​កម្ពុជា​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ប្រចាំឆ្នាំ​ជា​មធ្យម​៧.៧​ភាគរយ​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្ស​កន្លងមកនេះ​។​

​លោក​មិ​កា​មិ​ម៉ាសា​ហ៊ី​រ៉ូ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖​ពិធី​លៀង​សាយភោជន៍​ឆ្នាំនេះ​គឺជា​ឱកាស​ដំបូង​ដើម្បី​ប្រារព្ធ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ថ្មី​។​កាលពី​ឆ្នាំទៅ​ព្រះករុណា​Naruhito​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ថ្មី​បាន​ឡើង​គ្រង​រាជសម្បត្តិ​ហើយ​សករាជ​អធិរាជ​ថ្មី​គឺ​សករាជ​“Reiwa”​ក៏បាន​ចាប់ផ្តើម​។​វា​គឺជា​កិត្តិយស​ដ៏​ធំធេង​សំរាប់​ប្រជាជន​ជប៉ុន​ដែល​បានទទួល​ស្វាគមន៍​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​យាង​ចូលរួម​ពិធី​ឡើង​គ្រង​រាជ​ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​តុ​ក្យូ​កាលពី​ខែតុលា​កន្លងទៅនេះ​។​

​លោក​សូម​សម្តែង​នូវ​អំណរ​ព្រះ​គុណ​និង​អរគុណ​ដ៏​ស្មោះ​ថ្វាយ​ករុណា​ព្រះមហាក្សត្រ​និង​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​ព្រះអង្គ​បាន​ផ្តល់នូវ​ព្រះ​កិត្តិយស​ចំពោះ​ប្រទេស​របស់​ទូលបង្គំ​-​យើងខ្ញុំ​ដោយបាន​យាង​ចូលរួម​ក្នុង​ពិធី​ឡើង​គ្រង​រាជ​នៅក្នុង​ឱកាស​ជា​ប្រវត្តិសាស្ត្រ​នេះ​។​

​រជ្ជកាល​“Heisei”​មុន​មាន​រយៈពេល​ប្រហែល​៣១​ឆ្នាំ​។​រជ្ជកាល​នេះ​បានចាប់ផ្តើម​ក្នុងអំឡុង​ពេលដែល​ប្រទេស​ជប៉ុន​បាន​ចូល​ពាក់ព័ន្ធ​យ៉ាងសកម្ម​ក្នុង​ដំណើរការ​ស្វែងរក​សន្តិ​ភាព​របស់​កម្ពុជា​ហើយ​បាន​បន្ត​ការគាំទ្រ​របស់ខ្លួន​ដល់​ការកសាង​និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឡើងវិញ​ដោយ​ផ្អែកលើ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​។​

ក្នុងអំឡុង​ពេលនេះ​ចំណងមិត្តភាព​រវាង​ប្រទេស​យើង​ទាំងពីរ​ត្រូវបាន​ពង្រឹង​។​យើង​ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​គ្រប់បែបយ៉ាង​ដើម្បី​បន្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​នេះ​នៅក្នុង​សករាជ​ថ្មី​នៃ​“Reiwa”​ដោយ​យក​ទំនុកចិត្ត​និង​កិច្ចសហការ​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​សករាជ “Heisei” ធ្វើជា​មូលដ្ឋាន​។​

​លោក​មិ​កា​មិ​ម៉ាសា​ហ៊ី​រ៉ូ​សម្តែង​នូវ​ការគោរព​ចំពោះ​ប្រជាជន​កម្ពុជា​ដែល​បាន​ជំនះ​នូវ​មហា​សោកនាដកម្ម​និង​ទុក្ខលំបាក​វេទនា​ទាំងឡាយ​ក្នុង​អតីតកាល​ដើម្បី​សំរេចបាន​នូវ​សុខសន្តិភាព​និង​វិបុលភាព​នាពេល​បច្ចុប្បន្ន​។​ទូលបង្គំ​-​ខ្ញុំ​មាន​មោទនភាព​ដែល​រដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន​បាន​ចូលរួមចំណែក​ក្នុង​ដំណើរ​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ​។​យើង​នឹង​បន្ត​ដើរ​កាន់​ដៃ​គ្នា​ជាមួយ​ប្រជាជន​កម្ពុជា​ឆ្ពោះទៅរក​អនាគត​មួយ​កាន់តែ​ភ្លឺ​ត្រចះត្រចង់​៕S/

​ចំណងជើង​រូបថត​៖​ពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះ​អធិរាជ​នៃ​ប្រទេស​ជប៉ុន ដែល​រៀបចំឡើង​ដោយ​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​២៧ កុម្ភៈ ឆ្នាំ​២០២០(​រូបៈ សុផល​)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular