ដោយៈមុនីរ័ត្ន/ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកបានកោតសរសើរចំពោះបេក្ខជនស្ម័គ្រចិត្តចូលបម្រើកងទ័ពជាពិសេសតាមរយៈការក្លាយខ្លួនជាសិស្សនាយទាហាននៅក្នុងគ្រប់បណ្តាសាលានាយទាហានដែលជាថ្នាលបណ្តុះបណ្តាល លត់ដំឱ្យក្លាយជាមេដឹកនាំ ជាមេបញ្ជាការ។
ការថ្លែងនេះនៅក្នុងពិធីសំណេះសំណាលជាមួយបេក្ខជន-បេក្ខនារីប្រឡងជាប់វគ្គនាយទាហានសកម្មជំនាន់ទី២៤នាយទាហានជើងគោកជំនាន់ទី១២នាយទាហានបន្តវេនជំនាន់ទី១៣និងនាយទាហានបច្ចេកទេសយោធា ឆ្នាំ២០២០ នៅសាកលវិទ្យាល័យការពារជាតិកាលពីព្រឹកថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះសិស្ស-និស្សិតជ័យលាភីទាំងអស់ និងសូមកោតសរសើរចំពោះការស្ម័គ្រចិត្តចូលបម្រើកងទ័ព។ជាពិសេសតាមរយៈការក្លាយខ្លួនជាសិស្សនាយទាហាននៅក្នុងគ្រប់បណ្តាសាលានាយទាហានដែលជាថ្នាលបណ្តុះបណ្តាលលត់ដំឱ្យក្លាយជាមេដឹកនាំជាមេបញ្ជាការស្របពេលដែលកំពុងមានជម្រើសការងារជាច្រើននៅរង់ចាំទាំងក្នុងវិស័យរាជការស៊ីវិលក្រុមហ៊ុនឯកជន។អង្គការសង្គមស៊ីវិលតាមលក្ខណៈអំណោយផលនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ដែលផ្តល់ជម្រើស និងសេរីភាពសម្រាប់ការជ្រើសរើសគ្រប់អាជីពការងារ។
គ្មានជម្រើសការងារអាជីពណាដែលជាជម្រើសខុសនោះទេលើកលែងការប្រព្រឹត្តអំពើខុសច្បាប់ប៉ុណ្ណោះដែលបំផ្លាញអនាគតខ្លួនឯង។ជម្រើសល្អគឺអាស្រ័យលើខ្លួនយើងគឺជម្រើសដែលខ្លួនយើងធ្វើឱ្យល្អ ហើយទាញយកប្រយោជន៍សម្រាប់ខ្លួនយើង។ ជ្រើសរើសហើយត្រូវដាក់ចិត្តធ្វើឱ្យបានជោគជ័យ ធ្វើឱ្យលះចៀសវាងការខាតបង់ពេលវេលា។ដូច្នេះសូមតាំងចិត្តឱ្យច្បាស់លាស់ហើយជំរុញអនុវត្តការសម្រេចចិត្តរបស់យើងឱ្យបានជោគជ័យតាមរយៈការដាក់ចិត្តខិតខំហ្វឹកហ្វឺនរៀនសូត្រដើម្បីឱ្យក្លាយខ្លួនជានាយទាហានដែលមានសមត្ថភាពពិតប្រាកដ។
មេបញ្ជាការកងទ័ពជើងគោកបានលើកឡើងថាការសិក្សានៅក្នុងសាលានាយទាហានខុសពីនៅក្នុងសាលាស៊ីវិល។ពិតណាស់យើងរៀនចំណេះដឹងទូទៅមូលដ្ឋានមួយចំនួនដូចគ្នាស្តង់ដារគុណភាពដូចគ្នា ។ប៉ុន្តែសាលានាយទាហានមានភារកិច្ចបណ្តុះបណ្តាលមេដឹកនាំថ្នាក់បញ្ជាការ ដែលមានភារកិច្ច និងការទទួលខុសត្រូវខ្ពស់ និងដោយផ្ទាល់ចំពោះអាយុជីវិតមនុស្ស និងជោគវាសនាប្រទេសជាតិ ដោយការហ្វឹកហ្វឺនអប់រំផ្តោតសំខាន់លើចំណេះដឹងជំនាញយោធា,ការលត់ដំសមត្ថភាពកាយសម្បទា, វិន័យ,អត្តចរិតនិងស្មារតី,ការធ្វើឱ្យមានឯកសណ្ឋានទាំងផ្នែកខាងក្រៅនិងខាងក្នុង។
រួមទាំងការរៀនកសាងសមត្ថភាពជាក្រុម,រៀនធ្វើការជាក្រុម,រៀនទទួលខុសត្រូវជាក្រុម,រៀនសាមគ្គីជួយគ្នាទៅវិញទៅមក ធ្វើយ៉ាងណាឱ្យមានការដាក់ចិត្ត ដាក់កាយរួមគ្នា ជំរុញឱ្យទៅដល់សក្តានុពលខ្ពស់បំផុតរបស់ម្នាក់ៗ ដើម្បីសម្រេចភារកិច្ចរួម។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតក៏បានអរគុណចំពោះគណៈកម្មការរៀបចំការប្រឡងគ្រប់កម្រិតនិងក្រុមការងារដែលបានខិតខំរួមគ្នាបំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់ហ្មត់ចត់រហូតទទួលបានលទ្ធផលគួរជាទីមោទនៈដូចពេលនេះសម្រាប់យុវជនយើងនិងអនាគតជាតិរបស់យើងតាមរយៈការចម្រាញ់ប្រឡងជ្រើសរើសនាយទាហានប្រកបដោយភាពត្រឹមត្រូវ,តម្លាភាព។
យុត្តិធម៌និងសូមអរគុណដល់ឱពុកម្តាយនិងអាណាព្យាបាលដែលបានជំរុញលើកទឹកចិត្តនិងគាំទ្រចំពោះការសម្រេចចិត្តរបស់កូនៗហើយក៏សូមវាយតម្លៃខ្ពស់ចំពោះទំនុកចិត្តនិងការជឿជាក់របស់បេក្ខជនយើងលើសមត្ថភាពខ្លួនឯង,លើគណៈកម្មការរៀបចំ,និងលើដំណើរការនៃការប្រឡងនេះដោយប្អូនៗបានខិតខំប្រឹងប្រែងបំពេញគ្រប់វិញ្ញាសាដោយប្រើប្រាស់សមត្ថភាពដោយពិតប្រាកដ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អនុវត្តតាមគោលនយោបាយការពារជាតិ និងទស្សនៈវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលនិងរដ្ឋមន្ត្រីក្រសួងការពារជាតិដែលតែងបានយកចិត្តទុកដាក់លើការហ្វឹកហ្វឺនបណ្តុះបណ្តាលកងទ័ពនិងការធ្វើទំនើបកម្មកងទ័ពគណៈកម្មការបានធ្វើការយ៉ាងហ្មត់ចត់លើការត្រួតពិនិត្យលក្ខណៈសម្បត្តិសម្រាប់ការជ្រើសរើសនាយទាហាននេះ ទាំងកត្តាសុខភាព និងប្រវត្តិទោសព្រហ្មទណ្ឌ។
ជាពិសេសភាពត្រឹមត្រូវនៃកម្រិតសញ្ញាបត្រទុតិយភូមិដែលជាគោលការណ៍កំណត់ដើម្បីភាពយុត្តិធម៌និងតម្លាភាពទូទៅព្រោះជាការបណ្តុះបណ្តាលនាយទាហានកម្រិតបរិញ្ញាបត្រសំដៅធ្វើយ៉ាងណាធានាឱ្យបេក្ខជននាយទាហានមានមូលដ្ឋានកម្រិតវប្បធម៌គោលមធ្យមមួយសមស្រប។ដើម្បីប្រើប្រាស់ក្នុងការងារដឹកនាំបញ្ជា,ការងារគ្រប់គ្រងរដ្ឋបាលឬសម្រាប់ការកសាងសមត្ថភាពបន្តតាមរយៈការបណ្តុះបណ្តាលយោធិនអាជីពកម្រិតខ្ពស់ៗបន្តន្ទាប់ និងជំនាញផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស។
មួយវិញទៀតការរីកចម្រើននៃបច្ចេកវិទ្យាទំនើបក៏ត្រូវឱ្យនាយទាហានមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រើប្រាស់គ្រឿងបំពាក់បច្ចេកទេសទំនើបៗផងដែរ។ ចំពោះអ្នកមិនមាន សញ្ញាបត្រទុតិយភូមិ ក៏នឹងអាចមានលទ្ធភាពផ្សេងៗទៀត ដើម្បីចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទផងដែរ តាមរយៈយន្តការជ្រើសរើសនានាព្រោះអ្វីដែលសំខាន់គឺទឹកចិត្ត,ស្មារតីនិងឆន្ទៈក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ៕S/
រូបថតៈលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតសំណេះសំណាលជាមួយបេក្ខជន-បេក្ខនារីប្រឡងជាប់វគ្គនាយទាហាន