ដោយៈមុនីរ័ត្ន/ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)អនុវត្តសមត្ថកិច្ចរបស់ខ្លួនដោយអព្យាក្រឹត្យ។ដូចនេះមន្ត្រីបោះឆ្នោតទាំងអស់ត្រូវលើកកម្ពស់ការទទួលខុសត្រូវខ្ពស់និងអនុវត្តភារកិច្ចឱ្យបានត្រឹមត្រូវតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី ក្រមសីលធម៌របស់មន្ត្រីបោះឆ្នោត ។ដើម្បីធានាឱ្យការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០នេះសម្រេចបានជោគជ័យ។

នេះបើតាមការបញ្ជាក់របស់លោកទេពនីថាអគ្គលេខាធិការគ.ជ.បក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្ហាត់និងមន្ត្រីគ.ជ.បស្តីពីការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០កាលរសៀលថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២០នៅទីស្តីការគ.ជ.ប។លោកបានបន្ថែមថាការចុះឈ្មោះបោះឆ្នោតមានតួនាទីសំខាន់ណាស់ក្នុងការរៀបចំការបោះឆ្នោតដែលប្រើប្រាស់បញ្ជីបោះឆ្នោត។ការចុះឈ្មោះបោះឆ្នោតគឺជាតម្រូវការជាមុននៃការបោះឆ្នោតដោយសេរីនិងយុត្តិធម៌។
សិទ្ធិរបស់ប្រជាពលរដ្ឋពិសេសយុវជនយុវនារីដើម្បីចូលរួមក្នុងកិច្ចការនៃការគ្រប់គ្រងរបស់ខ្លួនគឺជាគ្រឹះមួយនៃលទ្ធិប្រជាធិបតេយ្យ។រូបភាពសំខាន់មួយនៃការចូលរួមនោះគឺជាសិទ្ធិបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌។ការចុះឈ្មោះបោះឆ្នោតជាផ្នែកមួយដ៏ចម្បងនៃការរៀបចំការបោះឆ្នោត។ប្រទេសកម្ពុជាអនុវត្តប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍និងធ្វើការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឬថាការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតជារៀងរាល់ឆ្នាំ។

អគ្គលេខាធិការគ.ជ.បក៏បានណែនាំដល់មន្ត្រីគ.ជ.បពិសេសគ្រូបង្ហាត់ដែលមានភារកិច្ចជាអ្នកបណ្តុះបណ្តាល បន្តនៅតាមរាជធានី ខេត្ត ដូចខាងក្រោម៖ ត្រូវសិក្សាស្វែងយល់បន្ថែមឱ្យកាន់តែស៊ីជម្រៅ លើលិខិតបទដ្ឋានរបស់គ.ជ.បទាក់ទងនឹងការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត។ពិសេសការអនុវត្តកម្មវិធីចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ។
ត្រៀមរៀបចំសម្ភារឧបទ្ទេសនិងត្រៀមលក្ខណៈសម្រាប់ការធ្វើបទបង្ហាញនិងវិធីសាស្ត្រក្នុងការបណ្ដុះបណ្ដាលប្រកបដោយប្រសិទ្ធភាពជូនដល់មន្ត្រីលធ.ខប។ត្រូវត្រៀមរៀបចំវគ្គបណ្តុះបណ្តាលបន្តជូនដល់លធ.ខបតំណាងគណបក្សនយោបាយតំណាងអង្គការមិនមែនរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធនៅថ្នាក់គ.ជ.បតាមផែនការនិងប្រតិទិនដែលបានកំណត់។
ណែនាំដល់លធ.ខ.បអំពីការងារបណ្តុះបណ្តាលបន្តនៅថ្នាក់រាជធានីខេត្តនិងការងារផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនិងភាគីពាក់ព័ន្ធអំពីការងារពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតតាមគោលការណ៍ណែនាំរបស់គ.ជ.បនិងសហការជាមួយលធ.ខបដើម្បីតាមដានលើការងារនេះ ។
សូមជម្រាបជូនថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គឺជាដំណើរការធ្វើបច្ចុប្ប ន្ន ភាពបញ្ជីបោះឆ្នោត ដើម្បីធានាឱ្យបានបញ្ជីបោះឆ្នោតមួយ ដែលមានគុណភាពមានភាពពេញលេញ ភាពត្រឹមត្រូវនិងមានបច្ចុប្បន្នភាព។ឆ្នាំ២០២០នេះគឺជាលើកទី៤ហើយសម្រាប់ការអនុវត្តការងារចុះឈ្មោះបោះឆ្នោតនិងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័របើគិតចាប់ពីការរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦៕S/

រូបថតៈលោកឮទេពនីថាអគ្គលេខាធិការគ.ជ.បពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្ហាត់ និងមន្ត្រី គ.ជ.ប