ដោយៈ​សុផល​/​ភ្នំពេញ​៖ ពិព័រណ៍​ការសិក្សា និង​អាហារូបករណ៍​អូស្ត្រាលី ដែល​រៀបចំ​ដោយ​ស្ថាប័ន​IDP Education​ជា​ស្ថាប័ន​ឈានមុខ​លើ​ពិភពលោក​ក្នុងការ​បញ្ជូន​សិស្ស​និស្សិត​ទៅ​សិក្សា​នៅ​បរទេស​គឺជា​វេទិកា​ដ៏​ធំ​ប្រចាំឆ្នាំ​។​ដែល​ផ្តល់ឱកាស​ដល់​សិស្ស​និស្សិត​និង​អាណាព្យាបាល​ក្នុងប្រទេស​កម្ពុជា​បាន​ជួប​ផ្ទាល់​ជាមួយ​តំណាង​ស្ថាប័ន​អប់រំ​ល្បីៗ​មកពី​ប្រទេស​អូស្ត្រាលី​ដើម្បី​ពិភាក្សា​អំពី​ជម្រើស​សិក្សា​លក្ខខណ្ឌ​ចូលរៀន​ការចំណាយ​លើ​ការសិក្សា​និង​ការរស់នៅ​ដំណើរ​ការសុំ​ទិដ្ឋាការ​និង​អាហារូបករណ៍​ផ្សេងៗ​។


​ការចូលរួម​ពិព័រណ៍ និង​ការទទួល​ជំនួយ​ក្នុង​ការរៀបចំ​បែបបទ​ចូលរៀន​របស់​ស្ថាប័ន IDP Education នេះ​នឹងត្រូវ​ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ​។​ពិព័រណ៍​ឆ្នាំនេះ​នឹង​នាំមក​កាន់​ប្រទេស​កម្ពុជា​នូវ​ស្ថាប័ន​សិក្សា​អូស្ត្រាលី​ចំនួន ៥៣​ស្ថាប័ន ដើម្បី​ដាក់​បង្ហាញ​នូវ​ជម្រើស​សិក្សា​និង​អាហារូបករណ៍​ចាប់ពី​កម្រិត​វិទ្យាល័យ កម្រិត​អប់រំ​វិជ្ជាជីវៈ​រហូតដល់​កម្រិត​មហាវិទ្យាល័យ​។​ពិព័រណ៍​នេះ​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​៥​ខែមីនា​ឆ្នាំ​២០២០​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​និង​នៅ​ថ្ងៃទី​៦​ខែមីនា​ឆ្នាំ​២០២០​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​អង្គរ​ក្រុង​សៀមរាប​ពី​ម៉ោង​៩៖០០​ព្រឹក​ដល់​ម៉ោង​២៖០០​រសៀល​។​

​លោក Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​នៅក្នុង​កម្មវិធី​បើក​សន្និសីទ​CamTESOL កាលពី​កន្លងទៅ​ថ្មីៗ​នេះ​ថា​នឹង​បើកសម្ពោធ​កម្មវិធី​ពិព័រណ៍​ការសិក្សា​និង​អាហារូបករណ៍​អូស្ត្រាលី​នៅ​ភ្នំពេញ​។​លោក​PabloKang​បាន​មានប្រសាសន៍ថា​៖​ថា​”​សិស្ស​និស្សិត​កម្ពុជា​កាន់តែ​ច្រើនឡើងៗ​ជ្រើសរើស​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី​”​។​”​ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​ប្រទេស​អូស្ត្រាលី​នៅតែ​ជា​គោលដៅ​សិក្សា​ដ៏​មាន​ប្រជាប្រិយភាព​សម្រាប់​សិស្ស​និស្សិត​កម្ពុជា​។​នេះ​គឺ​ដោយសារតែ​គុណភាព​នៃ​វិស័យ​អប់រំ​កម្រិត​ពិភពលោក​រួមទាំង​ទីក្រុង​ដ៏​សម្បូរបែប​ដែលមាន​បរិយាកាស​ពោរពេញ​ដោយ​ភាព​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​វប្បធម៌​ចម្រុះ នៅក្នុង​ប្រទេស​អូស្ត្រាលី​”​។​

​លោក​PabloKang​ក៏បាន​បន្ថែមទៀតថា​៖“​ខ្ញុំ​ពិតជា​មាន​ភាព​សោមនស្ស​រីករាយ​ណាស់​ដែល​ពិព័រណ៍​ការសិក្សា និង​អាហារូបករណ៍​នៅ​អូស្ត្រាលី កាន់តែ​ធំ​ឡើងៗ​ជា​រៀងរាល់ឆ្នាំ​”​។​កម្មវិធី​ពិព័រណ៍​ឆ្នាំនេះ នឹង​ប្រារព្ធ​ឡើងជា​លើកដំបូង​ផងដែរ​នៅ​ខេត្តសៀមរាប​ហើយ​លោក​LukeArnold​ដែលជា​អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា នឹង​ទៅ​បើក​កម្មវិធី​នៅ​ទីនោះ​។

​ការរីកលូតលាស់​នៃ​ពិព័រណ៍​នេះ​ឆ្លុះបញ្ចាំង​អោយឃើញ​ពី​កំណើន​នៃ​តម្រូវការ​ការអប់រំ​នៅ​ប្រទេស​អូស្ត្រាលី​របស់​សិស្ស និស្សិត​កម្ពុជា​”​។​តំណាង​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្តុះបណ្តាល (ACE) ក៏​នឹងមាន​វត្ត​មាននៅ​ពិព័រណ៍​ដើម្បី​ផ្តល់ព័ត៌មាន​និង​ការណែនាំ​អំពី​ការសិក្សា​ភាសា​អង់គ្លេស​សម្រាប់​សិស្ស​និស្សិត​ត្រៀមខ្លួន​បំពេញ​លក្ខខណ្ឌ​របស់​ស្ថាប័ន​អប់រំ​នានា​នៅ​ប្រទេស​អូស្ត្រាលី​ផងដែរ​។​

​ក្រុមការងារ​មណ្ឌល​ប្រលង​IELTS​ប្រចាំ​កម្ពុជា​ក៏​នឹងចូលរួម​ផ្តល់​ប្រឹក្សា​ពី​ការចុះឈ្មោះ​និង​ការរៀន​ត្រៀមប្រលង​IELTS​ដែលជា​តេស្ត​វាស់​សមត្ថភាព​ប្រើប្រាស់​ភាសា​អង់គ្លេស​ត្រូវបាន​ទទួល​ស្គាល់​ដោយ​ស្ថាប័ន​អប់រំ​ជុំវិញ​ពិភពលោក​។​អ្នកចូលរួម​កម្មវិធី​ទាំងអស់​ក៏​នឹង​មានឱកាស​ធ្វើតេស្ត​IELTS​សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ (CDI) ដោយ​ឥតគិតថ្លៃ​ផងដែរ​៕S/

​ចំណងជើង​រូបថត​៖​ស្ថាប័ន​អប់រំ​អូស្ត្រាលី​ចំនួន​៥៣​មក​បង្ហាញ​ជម្រើស​សិក្សា​និង​អាហារូបករណ៍​នៅ​ភ្នំពេញ​និង​សៀមរាប​នៅ​ថ្ងៃទី​៥ និង​៦ មីនា​