អង្គការឃ្លាំមើលមួយបាននិយាយថា ការវាយសងសឹករបស់តួកគីបានសម្លាប់ទាហានស៊ីរី ៣១ នាក់នៅក្នុងសមរភូមិប្រយុទ្ធនៅភាគពាយព្យខេត្តអ៊ីដលីបកាលពីថ្ងៃសុក្រទី២៨កុម្ភៈ បន្ទាប់ពីការបាញ់ផ្លោងមួយ ដែលរបបក្រុងអង់ការ៉ាស្តីបន្ទោសទៅលើរបបក្រុងដាម៉ាសនោះ បានសម្លាប់ទាហានតួកគី ៣៣ នាក់។
អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថាការវាយប្រហារសងសឹកដោយយន្តហោះដ្រូននិងកាំភ្លើងធំបានវាយចំទីតាំងកងទ័ពស៊ីរីនៅផ្នែកភាគខាងត្បូងនិងភាគខាងកើតនៃខេត្តអ៊ីដលីប ដែលដណ្តើមកាន់កាប់ឡើងវិញដោយរដ្ឋាភិបាលស៊ីរីនៅក្នុងការវាយលុករយៈពេលជិត ៣ ខែប្រឆាំងនឹងក្រុមឧទ្ទាម។
អង្គការបានបន្ថែមថាយ៉ាងហោចណាស់អ្នកប្រយុទ្ធរបស់របបស៊ីរី ២៧ នាក់បានស្លាប់នៅក្នុងការវាយប្រហារនោះ ខណៈ ៤ នាក់ផ្សេងទៀតត្រូវបានសម្លាប់ដោយការបាញ់កាំភ្លើងធំទៅលើទីតាំងនានានៅក្នុងខេត្តជិតខាង អាឡេបប៉ូ។
យោងតាមអង្គការដែលមានមូលដ្ឋាននៅអង់គ្លេសនេះបានឱ្យដឹងថា កាលពីថ្ងៃសុក្រផងដែរ នៅខេត្តអ៊ីដលីប សមាជិកបួននាក់នៃគ្រួសារមួយ ដែលពីរនាក់ជាកុមារ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស។
មិនទាន់មានការបញ្ជាក់ណាមួយភ្លាមៗពីរដ្ឋាភិបាលក្រុងដាម៉ាសពីការស្លាប់ទាហានរបស់ខ្លួននៅឡើយទេ។
ប៉ុន្តែប្រភពមួយនៅក្រសួងការបរទេសបានរិះគន់ការពាក់ព័ន្ធនៃកងកម្លាំងរបស់ប្រធានាធិបតីតួកគីលោក រីស៊ីប ថាយយីប អឺដូហ្គាន នៅក្នុងការប្រយុទ្ធរួមដៃជាមួយក្រុមភេរវករ។
ប្រភពបានបន្ថែមថា កងទ័ពស៊ីរីនឹងបំពេញភារកិច្ចរបស់ខ្លួនក្នុងការលុបបំបាត់វត្តមានភេរវករនៅលើទឹកដីស៊ីរីឱ្យអស់។ ពាក្យភេរវករគឺចង់សំដៅលើក្រុមឧទ្ទាមនិងក្រុមជីហាតនិយម៕ ដោយ៖ កញ្ញាដាលីស