កីឡាករហុង មីនស៊ុន នឹងត្រូវចំណាយពេលខ្លះនៅឆ្ងាយពីក្រុម Tottenham នៅពេលរូបគេវិលត្រឡប់ពីការវះកាត់នៅប្រទេសកូរ៉េខាងត្បូងដើម្បីជាការប្រុងប្រយ័ត្នទាក់ទងនឹងវីរុសកូរ៉ូណា។
លោក ចូសេ ម៉ូរីញ៉ូ អ្នកចាត់ការទូទៅរបស់ក្រុម Tottenham បាននិយាយកាលពីថ្ងៃសុក្រទី២៨កុម្ភៈថា ស៊ុនបានទទួលការវះកាត់នៅលើដៃបាក់របស់គេក្នុងទីក្រុងសេអ៊ូលកាលពីសប្តាហ៍មុន ហើយរូបគេនឹងវិលត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញ “ឆាប់ៗនេះ” ។
លោកម៉ូរីញ៉ូបានបន្ថែមថា “ស៊ុននឹងត្រូវអនុវត្តតាមពិធីសារសុវត្ថិភាពមួយចំនួន”។
តួលេខចុងក្រោយបង្អស់ដែលរាយការណ៍ដោយអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានបង្ហាញថាប្រទេសនេះមានករណីឆ្លងវីរុសកូរ៉ូណាជាង ២.៣០០ ករណី ដោយមានអ្នកស្លាប់ ១៦ នាក់។
លោកម៉ូរីញ៉ូបាននិយាយថា គាត់សង្ឃឹមថានឹងឃើញស៊ុនត្រឡប់មកវិញសម្រាប់ “ការប្រកួតមួយចំនួន” នៅចុងបញ្ចប់នៃរដូវកាលនេះ។
ពិធីសារដូចគ្នានេះក៏អនុវត្តចំពោះ ហារី ខេន ដែរ ដែលទំនងវិលត្រឡប់ពីរបួសសរសៃពួរឆាប់ជាងការរំពឹងទុក។ មានការបារម្ភថា ខេនអាចនឹងខកខានការប្រកួតនៅសេសសល់នៃរដូវកាលនេះ និងការប្រកួតជើងឯកអឺរ៉ុបសម្រាប់ជម្រើសជាតិអង់គ្លេស៕ ដោយ៖ កញ្ញាដាលីស