ក្រសួងសុខាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃសុក្រទី២៨កុម្ភៈថា បុរសជនជាតិអង់គ្លេសម្នាក់ដែលស្ថិតនៅលើនាវាកម្សាន្តឆ្លងវីរុសCOVID-19 និងត្រូវបានបង្ខាំងទុកនៅជិតទីក្រុងតូក្យូនោះបានស្លាប់។
បុរសស្លាប់ដែលមិនត្រូវបានបញ្ជាក់អត្តសញ្ញាណនេះគឺមានការទាក់ទងចុងក្រោយបំផុតទៅនឹងការឆ្លងវីរុសនេះនៅលើនាវាកម្សាន្ត Diamond Princess ដែលមានមនុស្សជាង៧០០ នាក់ផ្សេងទៀតបានធ្វើតេស្តិ៍វិជ្ជមាននៃវីរុសនេះ។
ក្រសួងបានបញ្ជាក់អំពីសញ្ជាតិនិងការស្លាប់របស់បុរសនេះកាលពីថ្ងៃសុក្រដោយមិនបានផ្តល់ព័ត៌មានលម្អិតទេ។ គាត់គឺជាជនជាតិអង់គ្លេសទីមួយ ដែលបានស្លាប់ដោយសារវីរុសនេះ ហើយជនជាតិជប៉ុនចំនួន៥នាក់ដែលបានស្ថិតនៅលើនាវានេះ ក៏បានស្លាប់ដោយសារវីរុសនេះផងដែរ។
ការស្លាប់នេះបានកើតឡើងនៅពេលដែលអភិបាលកោះហុកកៃដូភាគខាងជើងនៃប្រទេសជប៉ុនបានជំរុញឱ្យប្រជាជនស្ថិតនៅក្នុងផ្ទះនៅចុងសប្តាហ៍នេះក្នុងកិច្ចប្រឹងប្រែងមួយដើម្បីទប់ទល់នឹងការឆ្លងរាលដាលវីរុសនេះ។
នៅកោះនេះ មានករណីឆ្លងយ៉ាងហោចណាស់ចំនួន៦៣ករណី ដោយក្នុងនោះមានមនុស្សស្លាប់២នាក់ដែលស្មើនឹងជាង១ភាគ៤នៃការឆ្លងទាំងអស់នៅប្រទេសជប៉ុនដោយមិនរាប់បញ្ចូលអ្នកដែលនៅលើនាវាDiamond Princess។
រហូតមកដល់ពេលនេះ វីរុសនេះ បានឆ្លងដល់មនុស្សយ៉ាងតិចណាស់២១០នាក់នៅទូទាំងប្រទេសជប៉ុន៕ប្រែសម្រួល៖សុខា/sn/Ha

ជនជាតិអង់គ្លេសដែលស្លាប់ ឆ្លងវីរុសក្នុងនាវាDiamond Princess