ដោយ: ម៉ារ៉ា / ភ្នំពេញ: រថយន្តតូយូតាព្រូសមួយគ្រឿង មិនចាំផ្លាកលេខ បោះពួយទៅបុកម៉ូតូកង់បីឥណ្ឌាពីក្រោយពេញទំហឹង បណ្ដាលឱ្យក្រឡាប់ផ្ងារជើងម្ខាង ម្ចាស់កង់បីរងរបួសធ្ងន់ រថយន្តបង្កបើករត់គេចខ្លួនបាត់បន្សល់ទុកកាងខាងមុខមួយចំហៀងនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ១០០៣ កែងនឹងផ្លូវ១៩៥៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ ស្វាយរៀង 1O-3008 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៥៨ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ កែងនឹងផ្លូវ១០០៣ ក៏មានរថយន្តតូតាព្រូសមួយគ្រឿងពណ៌ស មិនចាំផ្លាកលេខ បើកមកពីក្រោយបោះពួយយ៉ាងលឿន ជ្រុលទៅបុកម៉ូតូកង់បីពីក្រោយពេញទំហឹងបណ្ដាលឱ្យក្រឡាប់ផ្ងារជើងម្ខាង ចំណែកអ្នកបើកបររងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាម។ ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកកាងខាងមុខមួយចម្រៀក នៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូកង់បីឥណ្ឌាទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីធ្វើការស្រាវជ្រាវរករថយន្តបង្កយកមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ល/Ha