ដោយ: ម៉ារ៉ា / ភ្នំពេញ: រថយន្តកាមរីឆ្លាមមួយគ្រឿង បោះពួយទៅបុកមន្ត្រីអាវុធហត្ថខណ្ឌចំការមនម្នាក់ ខណៈជិះម៉ូតូឆ្លងផ្លូវប៉ើងជាច្រើនម៉ែត្រ បណ្ដាលឲ្យរងរបួសធ្ងន់ រថយន្តបង្កព្យាយាមបើករត់ជាង ១០០ម៉ែត្រ ត្រូវបងប្អូនប្រជាពលរដ្ឋដេញចាប់បានវិញ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ១៦៣ កែងនឹង៤៨២ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជាមន្ត្រីអាវុធហត្ថជិះម៉ូតូមួយគ្រឿង ម៉ាកអិចសាយទ័រ ពាក់ផ្លាកលេខ ខេមរភូមិន្ទ02 1-6789 ធ្វើដំណើរតាមបណ្តោយផ្លូវ៤៨២ ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើ កែងនឹងផ្លូវ១៦៣ ក៏មានរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ស្ករពាក់ផ្លាកលេខ ក្រចេះ 2A-0472 បើកបរដោយបុរសម្នាក់រួមដើរ និងស្ត្រីជាច្រើននាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៦៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកម៉ូតូចំពាក់កណ្ដាលម៉ូតូពេញទំហឹងប៉ើងជាច្រើនម៉ែត្រ បណ្តាលឲ្យមន្ត្រីអាវុធហត្ថម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាម។ ចំណែករថយន្តបង្កព្យាយាមបើករត់បានប្រមាណជាង ១០០ម៉ែត្រ ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញចាប់បានមកវិញ រួចប្រគល់ជូនសមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញបានធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ល/Ha