ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅបុក​រ៉ឺម៉ក​ដឹក​ដែក​ចំ​ពី​ចំហៀង​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗនៅ​កន្លែងកើតហេតុ ខណៈ​រ៉ឺម៉ក​បើក​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​។ ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​អាកាស​យានដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​សព​ជនរងគ្រោះ​មានឈ្មោះ បូរ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ធ្វើការ​នៅ​ក្រុមហ៊ុន​ឆ្នោត​។

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​ដែក ធ្វើដំណើរ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ទាញ​ចង្កូត​បត់ឆ្វេង​ឆ្លងផ្លូវ​ទៅ​ជើង​ ភ្លាមនោះស្រាប់​តែមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក PCX ពណ៌​ស ពាក់​ផ្លាក​លេខ ភ្នំពេញ 1FK 4119 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ដោយ​ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​បុក​ចំ​ពី​ចំហៀង​ពេញទំហឹង បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ស្លាប់​ភ្លាមៗនៅ​កន្លែងកើតហេតុ​យ៉ាង​អាណោចអាធ័ម​។ ចំណែក​ម្ចាស់​រ៉ឺម៉ក​មិនមាន​រង​របួស​នោះទេ ត្រូវបាន​ប្រជាពលរដ្ឋ​ឃាត់​ប្រគល់ជូន​សមត្ថកិច្ច​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ចុះទៅ​ដល់​ចំណុចកើតហេតុ និង​ទាក់ទង​ទៅ​ជំនាញ​មក​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមច្បាប់ ចំណែក​សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​/Ha