សិក្ខាសាលា​បណ្តុះបណ្តាល​គ្រូ​បង្គោល ដែលជា​យុវជន ស្តីពី សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្រាប់​ការបណ្តុះបណ្តាល និង​អប់រំ​ផ្សព្វផ្សាយ​នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ត្រូវបានធ្វើ ឡើង​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៧ ខែកុម្ភៈ​កន្លងទៅនេះ​នៅ​រាជធានី​ភ្នំពេញ​។​

​សិក្ខាកាម​សុទ្ធតែជា​យុវជន ចំនួន ៣៥​នាក់ ជា​តំណាង​មកពី​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ចំនួន ១៥ និង​តំណាង​ដៃគូ​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​ប្រាំពីរ​ទៀត មកពី​កាកបាទក្រហមកម្ពុជា អគ្គស្នងការ នគរបាលជាតិ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជាដើម​។​
​ ​
​អ្នកជំនាញ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានលើកឡើង​ថា​សិស្ស​-​និស្សិត​ជា​ក្រុម​ងាយ​រងគ្រោះថ្នាក់​ចរាចរ​ណ៍​ជាងគេ បន្ទាប់ពី​កសិករ​និង​កម្មករ ខណៈ​ក្នុង​មួយឆ្នាំៗ គ្រោះ ថ្នាក់​ចរាចរណ៍ បានសម្លាប់ និង​បង្ក​ឲ្យ​របួស​ដល់​យុវជន សិស្ស​-​និស្សិត ជាច្រើន​រយ​នាក់​។

​ចំនួន​យុវជន ជា​សិស្ស​និស្សិត រួមទាំង​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ មាន​ចំនួន ច្រើ​នេះ​ត្រូវបាន​អ្នកជំនាញ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បង្ហាញ​ការព្រួយបារម្ភ និង​បាន​បង្កើន ការបណ្តុះបណ្តាល​អប់រំ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​។​

​ក្នុង​មួយឆ្នាំៗ​យុវជន និង​សិស្ស​-​និស្សិត​យ៉ាងហោចណាស់ ១០​ភាគរយ បានទទួល​រងគ្រោះ ថ្នាក់​នៅលើ​ដងផ្លូវ​នៅ​ទូទាំងប្រទេស ហើយ​ក្នុងនោះ ប្រមាណ ៤០​ភាគរយ គឺជា​សិស្ស និស្សិត​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ របួស​អាស៊ី​ប្រចាំ​កម្ពុជា​។

​ដូច្នេះហើយ បានជា​សិក្ខាសាលា​បណ្តុះបណ្តាល​គ្រូ​បង្គោល ដើម្បី​បង្កើន​អប់រំ​ផ្សព្វ ផ្សាយ​ពី សុវត្ថិភាព​ចរាចរណ៍ នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នេះ ត្រូវបាន​អ្នកជំនាញ​សុវត្ថិ​ចរាចរណ៍ ផ្លូវគោក រំពឹងថា យុវជន ដែល​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍​អាច​ប្រែក្លាយ​ពី​ក្រុម ងាយ​រងគ្រោះ ទៅជា​អ្នក​រួមចំណែក​បង្ការ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ជួយ​ចែក រំលែក​សារ ឬ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​បន្ត​ដល់​សមាជិកគ្រួសារ មិត្តភក្តិ និង​សហគមន៍​របស់ ពួកគេ​ផងដែរ​។​
​ ​
​ជាមួយនឹង​ការបណ្តុះបណ្តាល​នេះ​គួរតែមាន​មុខវិជ្ជា​មួយ បង្រៀន​ពី​ចរាចរណ៍ ដែល មានតាំងពី​ច្បាប់ ទ្រឹស្តី ស្លាក​សញ្ញា​ចរាចរណ៍ រួមទាំង​ការបើកបរ​យានយន្ត ហើយ​ប្រឡង​យកសញ្ញាបត្រ​ផង និង​យក​ប័ណ្ណបើកបរ​ផង នៅពេលដែល​សិស្ស និង​និស្សិត គ្រប់​អាយុ១៨​ឆ្នាំ​ឡើងទៅ​។ មេរៀន​ចរាចរណ៍​នេះ គួរតែមាន​ទាំងពី​ថ្នាក់បឋមសិក្សា​រហូតដល់​ឧ​ត្ត​មសិក្សា​។​

​បើសិនជា​ធ្វើ​ដូច្នេះ នោះ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​និយាយ​ជារួម និង​និយាយ​ដោយ ឡែក សម្រាប់​សិស្ស​និស្សិត នឹង​អាច​កាត់បន្ថយ​បាន​មួយកម្រិត ព្រោះថា សម័យនេះ​កុមារ​មាន ឱកាស​ចូល​សាលារៀន ស្ទើរតែ​ទាំងអស់ ទាំង​នៅ​ជនបទ​ដាច់ស្រយាល​។ កាលណា​កុមារ សិស្ស​និស្សិត​យើង ចេះដឹង​ពី​ច្បាប់ ស្លាក​សញ្ញា​ចរាចរណ៍ និង​ចេះ​បើកបរ​យានយន្ត រាប់​តាំងពី​ជិះ​កង់ បរ​រទេសគោ ឬ​គោយន្ត នោះ​អត្រា​គ្រោះថ្នាក់ ក៏​នៅ​កម្រិត​តិច​ដែរ​។​

​យើង​គិត​មួយ​ភ្លេច អាចជា​រឿង​ធម្មតា តែបើ​គិត​ឲ្យ​បានយូរ​បន្តិច នឹង​យល់ថា ការអប់រំ​បង្រៀន ឲ្យ​កុមារ យុវជន សិស្ស​និស្សិត ចេះ​ពី​ច្បាប់ទម្លាប់ និង​ចេះ​បើកបរ​ដោយ​ត្រឹមត្រូវ​ពិតជា មាន​ប្រយោជន៍​ច្រើនណាស់​។​ពិសេស​នោះ គឺ​មិន​ត្រឹមតែ​ឲ្យ​ពួកគេ ជៀស​ផុតពី​គ្រោះថ្នាក់​ទេ ក៏​អាច​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​អាច​កើតមាន​ជាយថាហេតុ លើ​អ្នកដទៃ​ផងដែរ​។​

​របាយការណ៍​មាន​រួចហើយ គឺ​ក្នុង​មួយថ្ងៃៗ ជា​មធ្យម​មាន​មនុស្ស​ស្លាប់​ជាង​ប្រាំ​នាក់ និង របួស​ជិត ២០​នាក់ ក្នុង​មួយថ្ងៃៗ ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​អ្នករងគ្រោះ ភាគច្រើន គឺជា​អ្នកធ្វើដំណើរ​ដោយ​ម៉ូតូ និង​ភាគច្រើន ជា​យុវជន​៕ ដោយៈ ម៉េង​ឆៃ​