ជនជាតិកូរ៉េខាងត្បូងនឹងលែងត្រូវអនុញ្ញាតឲ្យចូលក្នុងប្រទេសវៀតណាមដោយមិនចាំបាច់មានទិដ្ឋាការទៀតហើយ ចាប់ពីថ្ងៃសៅរ៍ទី២៩កុម្ភៈនេះទៅ ដោយសារអាជ្ញាធរវៀតណាមចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលកូរ៉ូណាវីរុសCovid-19,នេះបើតាមការផ្សាយរបស់សារព័ត៌មានVnExpress។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក តូ អាញ់ យុង បាននិយាយកាលពីថ្ងៃសុក្រថា ការផ្អាកទិដ្ឋាការនេះជាវិធានការបណ្តោះអាសន្នទេ ដើម្បីរារាំងទប់ស្កាត់ជំងឺឆ្លងក្នុងប្រទេសវៀតណាម ការពារសុខភាពរបស់ប្រជាជននិងបន្ថយផលប៉ះពាល់លើសេដ្ឋកិច្ចរបស់ប្រទេសនិងសង្គម។
លោកបានបន្ថែមថា គ្រប់ជនកូរ៉េខាងត្បូងដែលចង់ចូលវៀតណាម ត្រូវបង្ហាញទិដ្ឋការមានសុពលភាពដែលផ្តល់ដោយរដ្ឋាភិបាលវៀតណាម ចាប់ពីថ្ងៃសៅរ៍ទី២៩កុម្ភៈ។នរណាដែលបានមកពីកូរ៉េខាងត្បូងឬបាននៅទីនោះក្នុងរយៈពេល១៤ថ្ងៃមកនេះ នឹងត្រូវដាក់នៅដាច់ពីគេដើម្បីតាមដានសុខភាព។

អ្នកដំណើរមកពីកូរ៉េខាងត្បូង រង់ចាំការពិនិត្យសុខភាពនៅអាកាសយានដ្ឋានណូយបៃ ក្រុងហាណូយ កាលពីថ្ងៃ២៧កុម្ភៈ
នាយករដ្ឋមន្ត្រីវៀតណាមកាលពីថ្ងៃអង្គារក៏បានបញ្ជាឲ្យផ្អាកការចូលរបស់ជនមកពីតំបន់ផ្ទុះCovid-19 ដូចជាកូរ៉េខាងត្បូង ជប៉ុន អ៊ីរ៉ង់និងអ៊ីតាលី។
កូរ៉េខាងត្បូងឥឡូវក្លាយជាការចាប់អារម្មណ៍របស់ពិភពលោកដោយសារវាក្លាយជាកន្លែងផ្ទុះំងឺឆ្លងCovid-19 ធំបំផុតក្នុងលោកបន្ទាប់ពីចិន។
នៅថ្ងៃសៅរ៍ទី២៩កុម្ភៈនេះ កូរ៉េខាងត្បូងបានរាយការណ៍ការឆ្លងថ្មីចំនួន៥៩៤នាក់បន្ថែមទៀត នាំឲ្យអ្នកឆ្លងកូរ៉ូណាវីរុសនេះនៅកូរ៉េខាងត្បូងកើនដល់២.៩៣១នាក់ និងស្លាប់៣នាក់បន្ថែម។
ស្ត្រី៣នាក់នៅក្រុងដេហ្គូ បានស្លាប់ដោយសារជំងឺឆ្លងនេះ នាំឲ្យអ្នកស្លាប់សរុបនៅកូរ៉េខាងត្បូងកើនដល់១៦នាក់៕ប្រែសម្រួល៖វាសនា/Ha
អ្នកជំងឺCovid-19ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្រុងសេអ៊ូលកាលពីថ្ងៃ២៧កុម្ភៈ