ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
អគ្គនាយករង​កីឡា គឺ​លោក អ៊ុក ឌី​វ៉ង់ បាន​មានប្រសាសន៍ថា ចាប់ពីពេលនេះ ទៅដល់​ឆ្នាំ​២០២៣ បើ​ចង់​សម្រេចបាន​គោលដៅ ក្នុងការ​ដណ្ដើមបាន​មេដាយ សមរម្យ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នោះ ទាំង​គ្រូបង្វឹក ទាំង​មន្ត្រី​បច្ចេកទេស ទាំង​អត្ត​ព​លិ​ក​ ត្រូវ​ប្រែខ្លួន​ពី​សត្វ​ឆ្មា ឲ្យ​ទៅជា​សត្វ​ខ្លា ។​

​លោក​បាន​បញ្ជាក់ថា ពេលវេលា​នៅ​ខ្លី​ណាស់ តែ​សហព័ន្ធ​ជាតិ​មួយចំនួន ហាក់​នៅ​មិនទាន់ កម្រើកខ្លួន​នៅឡើយ​ទេ ដែល​ក្នុងនោះ​មាន​ទាំង ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និង​ការប្រកួត ក៏​មិនសូវមាន បើ​សហព័ន្ធ​ខ្លះទៀត ក្រៅពី​ការប្រកួត ដោយ​ប្រើប្រាស់​ថវិកា របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ទម្លាក់​ឲ្យ​នោះ គឺ​មិនមាន​ការប្រកួត​ណា​ផ្សេង ដែល​សាមី​សហព័ន្ធ រៀបចំ​នោះឡើយ ។

លោក​ អ៊ុក ឌី​វ៉ង់

​លោក​បាន​បញ្ជាក់ថា សម្រាប់​កីឡា រឿង​ចិត្តសាស្ត្រ កម្លាំង និង​បច្ចេកទេស គឺជា​កត្តា​សំខាន់​ណាស់ ។ សព្វថ្ងៃនេះ គ្រូបង្វឹក មន្ត្រី​កីឡា​មួយចំនួន នៅ​មិនទាន់​យល់ច្បាស់ ពី​បញ្ហា​ទាំងនេះ​នៅឡើយ​ទេ ។ នៅពេល​ខាងមុខនេះ អគ្គនាយកដ្ឋាន​កីឡា នឹង​អញ្ជើញ​អ្នកឯកទេស ខាង​ចិត្តសាស្ត្រ​កីឡា អ្នកឯកទេស​ខាង​កម្លាំង និង​ខាង​បច្ចេកទេស មក​ធ្វើ​សិក្ខា នៅ​កម្ពុជា ។ អ្នកពាក់ព័ន្ធ​កីឡា​ទាំងអស់ ត្រូវតែ​យល់​ពី​បញ្ហា​នេះ ឲ្យ​ច្បាស់​។ វា​មិនមែនជា​រឿង ដែល​ល្អមើល​នោះទេ នៅពេលដែល​គ្រូបង្វឹក គ្រូ​ជំនួយ បែរជា​មិនចេះ ធ្វើ​កម្មវិធី​ហ្វឹកហាត់​នោះ ។ កម្មវិធី​ហ្វឹកហាត់ គឺជា​កត្តា​ស្លាប់ រស់ ព្រោះ​កីឡា​ហ្វឹកហាត់ ត្រឹមត្រូវ​នោះ ការប្រកួត នឹង​បានទទួល​លទ្ធផល​ល្អ ។ បើ​ហ្វឹកហាត់ ដោយ​គ្មាន​កម្មវិធី​ច្បាស់លាស់​ទេនោះ គឺ​គ្មាន​បាន​លទ្ធផល​ឡើយ ។​

​វិទ្យាសាស្ត្រ​កីឡា គឺជា​បញ្ហា​ដែល​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​ដឹង ត្រូវតែ​យល់ ។ ភាពមិនច្បាស់លាស់ គឺជា​បរាជ័យ​ហេតុ នេះ​អ្នកគ្រប់គ្រង​កីឡា គ្រូបង្វឹក គ្រូ​ជំនួយ ត្រូវតែ​ចេះ​បង្វឹក​កម្លាំង បច្ចេកទេស និង​ត្រូវមាន​ចិត្តសាស្ត្រ ទាំង​ការហ្វឹកហាត់ ការ​លួងលោម ពិសេស​ត្រូវតែ​ចេះ​ធ្វើយ៉ាងណា នៅពេលដែល​កីឡាករ កីឡាការិនី​ហ្វឹកហាត់ អស់កម្លាំង គេ​ត្រូវតែ​ចេះ​លើកទឹកចិត្ត ដល់​ពួកគេ ដើម្បី​ឲ្យ​ពួកគេ មិន​ខ្ជិល​ក្នុង​ការហាត់ នាពេល​ក្រោយ ៕v