សំឡេងវីយូឡុងនៃបទ Summertime បានលាន់ឮទ្រហឹងពេញច្រករបៀងដ៏មមាញឹកនៃមន្ទីរពេទ្យឃីងខូលិចក្នុងទីក្រុងឡុងដ៍ ខណៈអ្នកលេងវីយូឡុង ឈ្មោះ ដាម៉ា ធឺនណឺ (Dagmar Turner) បានសម្តែងយ៉ាងល្អឥតខ្ចោះនូវការកូតវីយូឡុងរបស់គាត់។

សម្រាប់ផ្នែកវេជ្ជសាស្ត្រ ការកូតវីយូឡុងក្នុងពេលវះកាត់ដូច្នេះ គឺកម្រមានណាស់។ ប៉ុន្តែសាស្ត្រាចារ្យជំនាញខាងវះកាត់សរសៃប្រសាទលោក ខេយូម៉ា អាសខាន់ បានស្តាប់អ្នកជំងឺលេងវីយូឡុងដោយយកចិត្តទុកដាក់និងរីករាយ។

លោកស្រីម៉ាអាយុ ៥៣ ឆ្នាំបាននិយាយទាំងសើចសប្បាយថា “ខ្ញុំលេងខុសចង្វាក់មួយចំនួន។ វាមិនមែនជាការសម្តែងល្អបំផុតរបស់ខ្ញុំទេ ប៉ុន្តែប្រហែលជាការសម្តែងដ៏ល្បីល្បាញបំផុតរបស់ខ្ញុំ”។

លោកស្រីបានលេងវីយូឡុងដល់ទៅ៣ម៉ោង ខណៈវេជ្ជបណ្ឌិតអាសខាន់អាយុ៥២ ឆ្នាំធ្វើការវះកាត់យកដុំសាច់ដ៏ធំចេញពីខួរក្បាលផ្នែកខាងស្តាំងរបស់អ្នកជំងឺ។

ដោយហេតុថាក្បាលលោកស្រីត្រូវបានកៀបនៅនឹងថ្កល់មួយកន្លែង និង លលាដ៍ក្បាលត្រូវគាស់ចេញដើម្បីធ្វើការវះកាត់ តើនរណាដាច់ចិត្តស្តីបន្ទោសលោកស្រីដាម៉ាចំពោះការលេងខុសចង្វាក់បន្តិចបន្តួចនោះ?

ការជាសះស្បើយរបស់លោកស្រីមានល្បឿនលឿនគួរឱ្យកត់សម្គាល់ ខណៈលោកស្រីឥឡូវកំពុងហាត់សមសម្រាប់ការប្រគុំតន្ត្រីមួយក្នុងពេល២សប្តាហ៍ទៀតនៅកម្មវិធីមួយឈ្មោះថា Isle of Wight Symphony Orchestra ហើយសំបុត្របានលក់ដាច់អស់ហើយ៕ ដោយ៖ កញ្ញាដាលីស

លោកស្រី ដាម៉ា ធឺនណឺ ទទួលការវះកាត់យកដុំសាច់ចេញពីខួរក្បាលផង និង កូតវីយូឡុងផង