យន្តហោះទម្លាក់គ្រាប់បែកចិនមួយកាលពីថ្ងៃសុក្រទី២៨កុម្ភៈបានហោះពីលើសមុទ្រយុទ្ធសាស្ត្រដែលខណ្ឌចែកកោះតៃវ៉ាន់ពីមហាចិនដីគោក នេះបើតាមការអះអាងរបស់ក្រសួងយោធាតៃវ៉ាន់។
ការហោះនេះកើតឡើងក្រោយពីពេលមុននេះក្នុងខែកុម្ភៈដដែល រដ្ឋាភិបាលរបស់កោះតៃវ៉ាន់បានបញ្ជូនចេញយន្តហោះF-16ទៅអមយន្តហោះយោធាចិនមួយដែលតៃវ៉ាន់ចោទថាបានហោះចូលក្នុងដែនអាកាសរបស់ខ្លួន។ទោះជាយ៉ាងណា រដ្ឋាភិបាលក្រុងប៉េកាំងតែងចាត់ទុកកោះតៃវ៉ាន់ជាខេត្តផ្តាច់ខ្លួនមួយរបស់ខ្លួនដូច្នេះច្រកសមុទ្រតៃវ៉ាន់ស្ថិតក្រោមអធិបតេយ្យភាពរបស់ចិន។
ក្រសួងយោធាតៃវ៉ាន់បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា «យន្តហោះទម្លាក់គ្រាប់បែកធុនH-6បានហោះកាត់ដែនអាកាសភាគខាងត្បូងរបស់យើងនិងឆ្ពោះទៅកាន់ដៃសមុទ្របាស៊ី ហើយក៏បត់ទៅកាន់មូលដ្ឋានរបស់វាវិញ។ដំណើររបស់វាទាំងមូលត្រូវបានតាមដាននិងមិនមានអ្វីខុសពីធម្មតាទេ»។
រូបបញ្ចេញដោយតៃវ៉ាន់កាលពីថ្ងៃ១០កុម្ភៈ បង្ហាញយន្តហោះ F-16របស់តៃវ៉ាន់ ហោះកៀកនឹងយន្តហោះH-6 របស់ចិន
កាលពីថ្ងៃ១០កុម្ភៈ យន្តហោះយោធាចិនមួយបានហោះកាត់ខ្សែបន្ទាត់ដែនទឹកខណ្ឌភាគីទាំងពីរនៅក្នងអ្វីដែលតៃវ៉ាន់ចាត់ទុកជាការជ្រៀតចូលធំបំផុតលើកដំបូងចាប់តាំងពីប្រធានាធិបតី សាយ អ៊ីនវេន ឈ្នះឆ្នោតជាប្រធានាធិបតីកោះតៃវ៉ាន់ជាថ្មី។
ពេលនោះមន្ត្រីយោធាចិនបានប្រាប់កាសែត Global Timesថាយោធាចិនបានធ្វើសមយុទ្ធ២ថ្ងៃដើម្បីព្រមានពួកផ្តាច់ខ្លួននិយមតៃវ៉ាន់និងក៏ដើម្បីបង្ហាញសមត្ថភាពរបស់កងទ័ពរំដោះប្រជាជនចិនក្នុងការដោះស្រាយបញ្ហាតៃវ៉ាន់តាមរយៈការប្រើកម្លាំង៕ប្រែសម្រួល៖វាសនា