លោក ជីមមី ឡាយ បណ្ណាធិការកាសែត ដែលនិយាយរិះគន់ខ្លាំងៗនៅទីក្រុងហុងកុងនិងអ្នកនយោបាយប្រឆាំងលេចធ្លោ២នាក់ត្រូវបានចោទប្រកាន់កាលពីថ្ងៃសុក្រពីបទប្រមូលផ្តុំតវ៉ាដោយខុសច្បាប់ជុំវិញការហែក្បួនគាំទ្រលទ្ធិប្រជាធិបតេយ្យកាលពីឆ្នាំមុននៅពេលដែល រដ្ឋាភិបាលដែលគាំទ្រដោយរដ្ឋាភិបាលក្រុងប៉េកាំងនៃទឹកដីហុងកុងនេះ ទំនងជាធ្វើចំណាត់ការសងសឹងទៅលើការរៀបចំការតវ៉ាទាំងនោះ។
ការធ្វើបាតុកម្មជាច្រើនខែដែលអំពាវនាវឱ្យមានការកែទម្រង់នៅក្រុងហុងកុងនេះបានធ្វើឱ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ទឹកដីនេះហើយនាំឱ្យក្រុមមេដឹកនាំនិងកងកម្លាំងប៉ូលិសរបស់ខ្លួនស្ថិតក្រោមសម្ពាធដែលមិនធ្លាប់មានពីមុនមក។
លោកជីមមី ឡាយ ត្រូវបានចាប់ខ្លួនដោយមន្ត្រីប៉ូលិសកាលពីព្រឹកថ្ងៃសុក្រទី២៨កុម្ភៈ ខណៈពេលដែលលោកយឹង ស៊ុម អតីតសមាជិកសភាគាំទ្រប្រជាធិបតេយ្យនិងលោកលី ជឿកយ៉ានអតីតសមាជិកសភានិងជាអនុប្រធានគណបក្សពលករក៏ត្រូវបានចាប់ខ្លួនផងដែរ។
លោក ជីមមី ឡាយ បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា ” វាជាការពិត ស្ថានភាពនៅក្រុងហុងកុង គឺកំពុងតានតឹងខ្លាំងឡើង ប៉ុន្តែយើងត្រូវបន្តទៅមុខ “។
អ្នកទាំង៣នាក់នេះ បានចាកចេញពីប៉ុស្តិ៍ប៉ូលិស បន្ទាប់ពីត្រូវបានចោទប្រកាន់ហើយនឹងបង្ហាញខ្លួននៅតុលាការនៅថ្ងៃទី ៥ ខែឧសភា។ ពួកគេអាចប្រឈមនឹងការជាប់គុករយៈពេល៥ ឆ្នាំ ដោយរួមជាមួយនឹងការពិន័យជាប្រាក់ផងដែរ។
មន្ត្រីប៉ូលិសជាន់ខ្ពស់ហុងកុងម្នាក់បាននិយាយថាពួកគេទាំង៣ នាក់នេះត្រូវបានចោទប្រកាន់ពីបទធ្វើការជួបជុំខុសច្បាប់ដោយទាក់ទងនឹងការហែក្បួន ការតវ៉ា កាលពីថ្ងៃទី ៣១ខែសីហា ៕ប្រែសម្រួល៖សុខា/sn
លោកជីមមី ឡាយ ដើរចេញពីប៉ុស្តិ៍ប៉ូលិសនៅទីក្រុងហុងកុងបន្ទាប់ពីត្រូវបានដោះលែងនៅក្រៅឃុំ កាលពីថ្ងៃសុក្រ