ភ្នំពេញ៖ តារាចម្រៀងប្រុសពីររូបគឺលោក ប៊ុត សីហា និង លោក សយ រតនា បានបញ្ចេញ បទចម្រៀងចង្វាក់ប្រជាប្រិយថ្មីៗរបស់ខ្លួនជាបន្តបន្ទាប់ សម្រាប់អបអរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ។
ការបញ្ចេញបទចម្រៀងនេះដែរគឺមុនពេលដែលពួកគេគ្រោងនឹងចេញទៅសម្តែងនៅប្រទេស អូស្ត្រាលី នាពេលឆាប់ៗខាងមុខនេះ។
ក្រោយពីបាត់មុខពីសិល្បៈមួយរយៈពេលខ្លី ម្ចាស់ពាន the Voice Cambodia រដូវកាលទី២ លោក ប៊ុត សីហា បានបង្ហាញមុខជាថ្មីក្នុងផលិតកម្ម មរតកមេឌៀជាមួយស្នាដៃបទចម្រៀង មនោសញ្ចេតនាជាច្រើននិងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ។
ក្រោយបញ្ចេញបទចម្រៀងមនោសញ្ចេតនានេះតារាចម្រៀងរូបនេះក៏បានបញ្ចេញ ស្នាដៃបទ ចម្រៀងប្រជាប្រិយមួយចំនួន ដែលតាមការបង្ហើបពីអ្នកជិតដិតតារារូបនេះលើកឡើងថា លោកទទួលបានឱកាសពីអ្នកផលិតកម្មវិធីនៅប្រទេសអូស្ត្រាលីដើម្បីឲ្យតារារូបនេះចេញទៅច្រៀងនៅលើទឹកដីនៃប្រទេសអូស្ត្រាលីជាលើកដំបូងផងដែរ។ បទចម្រៀងរបស់ ប៊ុត សីហា ក្នុងផលិតកម្មមរតកមេឌៀ ដែលកំពុងទទួលបានការចាប់ អារម្មណ៍មានដូចជាបទ “ឈប់ហៅ ខ្ញុំផឹកជាដើម” បទ”ខ្មាសគេពេញភូមិ” និង បទ ”ប្តីពិកា” ជាដើម។
ប្រភពព័ត៌មាន បានឱ្យដឹងថា ប៊ុត សីហា និង សយ រតនា រួមទាំងតារាស្រី២រូបផ្សេង ទៀត គ្រោងនឹងចេញទៅអូស្ត្រាលីនៅអំឡុងមុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ។ ពួកគេ នឹងចំណាយពេលវេលាចូលរួមអបអរសាទរកម្មវិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាមួយប្រជាជនខ្មែររស់នៅរដ្ឋមួយចំនួននៃប្រទេសអូស្ត្រាលី។
ជាមួយគ្នានោះ មានការលើកឡើងដែរថា ពួកគេកំពុងសម្រុកបញ្ចេញស្នាដៃបទចម្រៀងថ្មីៗ ជាច្រើនពិសេបទចម្រៀងចង្វាក់ប្រជាប្រិយខ្មែរមិនតិចជាង១០បទទេ ខណៈនេះគឺជាលើក ដំបូងដែលតារារូបនេះមានស្នាដៃបទចម្រៀងចង្វាក់ប្រជាប្រិយលើកដំបូងហើយបទទាំងនេះ ក៏នឹងនាំយកទៅច្រៀងនៅលើទឹកដីនៃប្រទេសអូស្ត្រាលីផងដែរ។ បច្ចុប្បន្ននេះបទចម្រៀង ដែលកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជននោះគឺបទ”កំលោះកូនមួយ” ដែលជាបទចម្រៀងចង្វាក់កន្ត្រឹម ខណៈ តារាចម្រៀង សយ រតនាក៏ទទួលបានការចាប់ អារម្មណ៍លើបទចម្រៀងមួយចំនួនដូចជាបទ”ខ្មៅអន្តរជាតិ” និងបទ “រួញអស់ហើយឪ” ជាដើម។
សូមរំលឹកផងដែរថា ប៊ុត សីហា និង សយ រតនា នឹងបញ្ចេញបទចម្រៀងថ្មីៗរបស់ខ្លួន បន្ថែមទៀត ដើម្បីបម្រើការកម្សាន្តរបស់ទស្សនិកជនហើយប្រសិនបើមិនមានការ ប្រែប្រួលទេ តារាប្រុសទាំងពីររូបនឹងអាចនាំបទចម្រៀងផ្ទាល់ខ្លួនជាច្រើនបទច្រៀងជូនអ្នកគាំទ្រខ្លួនរាំលេងកម្សាន្តនៅលើទឹកដីនៃប្រទេសអូស្ត្រាលីនោះ៕ ដោយ: បូរិន