កំពូលតារាសម្តែងហុងកុង ជែកគី ចាន់ ថ្មីៗនេះគេទើបតែឃើញគាត់ផឹកស៊ីច្រៀងខារ៉ាអូខេជាមួយមន្ត្រីប៉ូលិសកំពូលៗនៅភោជនីយដ្ឋានមួយ ជាមួយតារាផ្សេងទៀតដូចជា អេរិក សាង និង អាឡាំង តាំ ជាដើម។
ពួកអ្នកលេងអ៊ីនធឺណេតបានចោទជាសំណួរថា ហេតុអ្វីបានជាអ្នកចូលរួមផឹកស៊ីមិនព្រមពាក់ម៉ាស់មុខអំឡុងការផ្ទុះវីរុសកូរ៉ូណានៅហុងកុង។
ក្រោយមក អ្នកលេងអ៊ីនធឺណេតម្នាក់បានអះអាងនៅលើអនឡាញថា គាត់ត្រូវបានដាក់នៅដាច់ដោយឡែក ព្រោះមានករណីវីរុសកូរ៉ូណាចំនួន៤នៅក្នុងសណ្ឋាគារ ដដែលគាត់បានទៅទទួលទានអាហារ។
ជែកគី ចាន់ បានទាត់ចោលពាក្យចចាមអារ៉ាមនេះភ្លាមកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៧ កុម្ភៈ ខណៈគាត់សរសេរនៅលើគណនីបណ្តាញសង្គមរបស់គាត់ថា “ជាបឋម ខ្ញុំសូមយកឱកាសនេះនិយាយអរគុណដល់អ្នកគ្រប់គ្នាចំពោះការបារម្ភ។ ខ្ញុំមានសុខភាពល្អខ្លាំង និងមានសុវត្ថិភាព ហើយមិនត្រូវបានដាក់នៅដាច់ដោយឡែកនោះទេ។ ខ្ញុំបានទទួលសារជាច្រើនពីមិត្តភក្តិ ដែលសួរខ្ញុំថាតើខ្ញុំម៉េចហើយ។ ក្តីស្រឡាញ់ និងក្តីបារម្ភរបស់អ្នកគ្រប់គ្នាគឺពិតជាលើសលប់ខ្លាំងណាស់”។
តារាអាយុ ៦៥ ឆ្នាំរូបនេះក៏បានអរគុណអ្នកគាំទ្រ ដែលបានផ្ញើម៉ាស់មុខឱ្យគាត់ផងដែរ។ គាត់បានប្រាប់បុគ្គលិករបស់គាត់ឱ្យបរិច្ចាគម៉ាស់ទាំងអស់នោះតាមរយៈអង្គការផ្លូវការនានាឱ្យទៅអ្នកដែលត្រូវការម៉ាស់ចាំបាច់បំផុត៕ ដោយ៖ កញ្ញាដាលីស