ដោយ៖ដេប៉ូ/សៀមរាប៖ក្រសួងបរិស្ថានបានសហការជាមួយក្រសួងអប់រំយុវជននិងកីឡានិងអង្គការជឿជាក់លើសិស្សជនបទកម្ពុជា(CRST)ក្នុងការបញ្ជ្រាបការយល់ដឹងនៅតាមសាលារៀន។ជាពិសេសប្រជាសហគមន៍រស់នៅលើបឹងទន្លេសាបចូលរួមសម្អាតបរិស្ថានដោយកាត់បន្ថយការប្រើប្រាស់ប្លាស្ទីក សំដៅទប់ស្កាត់ការបំពុលដោយប្រព័ន្ធអេកូឡូស៊ីន និងជីវៈចម្រុះនៅតាមបឹងទន្លេសាប។

ការបញ្ជ្រាបចំណេះដឹងនិងការផ្សព្វផ្សាយពីបរិស្ថាននេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យអនុវត្តគម្រោងថែរក្សាបរិស្ថានដែលត្រូវបានដាក់ឈ្មោះថា«គម្រោងអ»នាសង្កាត់ចុងឃ្នៀសក្រុងសៀមរាបនាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។បញ្ជាក់ក្នុងពិធីនេះលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា បឹងទន្លេសាបមានទេសភាពស្អាត សម្បូណ៌ដោយជីវៈចម្រុះ។ជាពិសេស មច្ឆាជាតិជាច្រើនប្រភេទ មានប្រព័ន្ធអេកូឡូស៊ីដែលចាំបាច់ត្រូវតែទប់ស្កាត់កុំឱ្យមានការបំពុលដោយប្លាស្ទីករក្សាគុណភាពទឹកឱ្យបានល្អ សោភ័ណភាពស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។

លោកបានលើកឡើងថា«យើងត្រូវអនុវត្តនូវទិសស្លោកយើងស្អាតសហគមន៍យើងស្អាតទន្លេសាបស្អាតដោយគ្មានប្លាស្ទីក។ទន្លេសាបត្រូវបានបំពុលដោយថង់ប្លាស្ទីកដែលទាំងសហគមន៍ដែលរស់នៅលើបឹងទន្លេសាបនេះផងនិងការហូរនាំយកប្លាស្ទីកដែលបងប្អូនប្រជាពលរដ្ឋបោះចោលគ្មានសណ្តាប់ធ្នាប់តាមព្រែក តាមស្ទឹង នានាចាក់ចូលមកក្នុងបឹងទន្លេសាប”។
លោករដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថាហេតុផលដែលថាថង់ប្លាស្ទីកត្រូវបានគេចាត់ទុកថាជាការបំពុលដល់បរិស្ថានគឺវាត្រូវការពេលវេលាជាច្រើនរយឆ្នាំដើម្បីធ្វើការបំបែកមានន័យថាសំណល់ប្លាស្ទីកគឺសារធាតុដែលមិនងាយនឹងពុកផុយឬរលួយបានដោយងាយទេ។ជាមួយគ្នានេះសំណល់ថង់ប្លាស្ទីកបានផ្តល់ផលប៉ះពាល់ដល់សង្គមសុខភាពនិងគុណភាពបរិស្ថានរួមមាន៖ការធ្វើឱ្យស្ទះប្រព័ន្ធបង្ហូរទឹកលូដែលបង្កឱ្យមានទឹកជំនន់នៅរដូវភ្លៀងធ្លាក់។ការធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុងនិងទីប្រជុំជន។

ជាមួយគ្នានេះលោកបានធ្វើការពន្យល់ពីផលប៉ះពាល់កើតចេញពីថង់ប្លាស្ទិកដែរថានៅពេលគេបោះចោលថង់ប្លាស្ទិកនៅក្នុងបរិស្ថានវាបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ី។ជាពិសេសជីវៈចម្រុះនៅក្នុងទឹកជាពិសេសមច្ឆជាតិអាចទទួលរងពីការធ្វើឱ្យស្លាក់ដោយសារតែពួកគេគិតថាជាចំណីហើយបានស៊ីថង់ប្លាស្ទិកទាំងនោះ។ជាជម្រកភ្នាក់ងារចម្លងជំងឺមួយចំនួនធំនិងមួយផ្នែកទៀតផ្ទុកដោយសារធាតុគីមីពុលអាចជ្រាបចូលទៅក្នុងដីនិងធ្វើឱ្យប៉ះពាល់ដល់គុណភាពដីទឹកនិងទឹកក្រោមដីធ្វើឱ្យមានការបំពុលទឹកនិងដី។

នៅពេលដែលថង់ប្លាស្ទិកត្រូវបានប្រើប្រាស់សម្រាប់ច្រកឬខ្ចប់ម្ហូបអាហារជាពិសេសអាហារក្តៅៗអាចបង្កផលប៉ះពាល់ដល់សុខភាពមនុស្សដោយសារតែសារធាតុគីមីដែលមានផ្ទុកក្នុងថង់ប្លាស្ទិកព្រមជាមួយគ្នានេះលោករដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ចំពោះគម្រោងនិងសកម្មភាពរបស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា(CRST)ដែលបានផ្តួចផ្តើមគំនិតអនុវត្តគម្រោងការអប់រំអំពីប្លាស្ទិកក្នុងគោលបំណងផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋលើទម្លាប់នៃការប្រើប្រាស់ប្លាស្ទីក។
ដោយអនុវត្តតាមគោលការណ៍៤អ៊ែរ៖កាត់បន្ថយការប្រើប្រាស់ប្រើប្រាស់ឡើងវិញកែច្នៃឡើងវិញនិងការបដិសេធប្រើប្រាស់ប្លាស្ទិក។ អង្គការនេះបានធ្វើការចែកចាយដបទឹកចំនួន៤០.០០០ដបជូនដល់អនុវិទ្យាល័យនិងវិទ្យាល័យប្រមាណ ៥៦ នៅជុំវិញតីរួមខេត្តសៀមរាបក្នុងរយៈពេល ២ ឆ្នាំ។

បញ្ជាក់ក្នុងពិធីនេះដែរលោកអ៊ឹមកុចរដ្ឋលេខាធិការនៃក្រសួងអបំរំយុវជននិងកីឡាបានឱ្យដឹថាការអប់រំនិងបណ្តុះបណ្តាលក្នុងស្រទាប់សិស្សានុសិស្សជាកត្តាសំខាន់ដែលសំដៅធ្វើយ៉ាងណាឱ្យពួកគេចូលរួមក្នុងកិច្ចការពារបរិស្ថាន។លោកបានមានប្រសាសន៍ថាក្នុងការអបំរំបណ្តុះបណ្តាលកន្លងមកធ្វើឱ្យសិស្សានុសិស្សស្រឡាញ់បរិស្ថានហើយមួយភាគធំបានយល់ដឹងលើវិស័យបរិស្ថានហើយមួយចំនួនទៀងក៏បានចូលរួមក្នុងកិច្ចការពារបរិស្ថានផងដែរ៕S/

ក្រសួងបរិស្ថានបានសហការជាមួយក្រសួងអប់រំយុវជននិងកីឡានិងអង្គការជឿជាក់លើសិស្សជនបទកម្ពុជា(CRST)បញ្ជ្រាបការយល់ដឹងនិងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមបឹងទន្លេសាប(រូប៖ដេប៉ូ)