ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​ក្រុមហ៊ុន​ជីបម៉ុង​បានប្រគល់​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ដឹកជញ្ជូន​សំរាម​សំណល់​រឹង​ចំនួន​៥០​គ្រឿង​ជូន​ដល់​ក្រសួងបរិស្ថាន​ដើម្បី​រួមចំណែក​ក្នុង​ការងារ​ថែទាំ​បរិស្ថាន​និង​សោភ័ណភាព​នៅតាម​មូលដ្ឋាន​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​។ ពិធី​ប្រគល់​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ធ្វើឡើង​កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង លោក​ឧកញ៉ា លាង ឃុន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង​។

​ការប្រគល់​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ដឹកជញ្ជូន​សំរាម​សំណល់​រឹង​ជូន​ក្រសួងបរិស្ថាន​នេះ​គឺជា​ការរួមចំណែក​ក្នុង​កិច្ច​ខិត​ប្រឹងប្រែង​ធ្វើឱ្យ​សោភ័ណភាព​ក្នុង​រាជធានី​ភ្នំពេញ​ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល​កាន់តែ​ប្រសើរឡើង​។​សំរាម​និង​សំណល់​រឹង​គឺជា​បញ្ហា​ស្មុ​គ្រ​ស្មាញ​ក្នុងការ​គ្រប់គ្រង​មិន​ថា​ក្នុង​ក្រុងភ្នំពេញ​ឫ​ខេត្ត​ទេ តែង​ជួប​នូវ​បញ្ហា​ប្រឈម​រវាង​អ្នកប្រមូល​សេវាកម្ម​និង​អ្នក​ម្ចាស់​សំរាម​។​តែងតែ​ខ្វះខាត​នូវ​ការដឹកជញ្ជូន​ឱ្យទាន់​ពេលវេលា​៕S/​