​លោក​យេន ស្តូថិ​ន​ប៊ឺក ប្រមុខ​អង្គការ​Nato បាន​ស្ថិតនៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថានៅ​ថ្ងៃ​សៅរ៍​ទី​២៩ ខែ​កុម្ភៈ​នេះ សម្រាប់​កិច្ចប្រជុំ​ជាមួយ​ក្រុម​មន្ត្រី ខណៈ​ដែល សហរដ្ឋ​អាម៉េរិក​និង​ក្រុម​តា​លី​បង់ គ្រោង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​អូសបន្លាយ​ពេល​នៅក្នុង​ប្រទេស​អាស៊ី​ខាងត្បូង​នេះ ។​នេះ​បើ​យោង​​តាម​អង្គការ​Nato​។​

​អង្គការ​Nato បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា លោក យេន ស្តូថិ​ន​ប៊ឺក បានគ្រោង​ចូលរួម​ក្នុង​សន្និសីទកាសែត​មួយ​ជាមួយ លោក អាស​រ៉ា​ហ្វ ហ្កានី​​ប្រធានា​ធីបតី​អា​ហ្វ​ហ្គានី​ស្ថាន និង លោក​ម៉ាក អ៊ី​ស​ភើ រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​នៅ​ទីក្រុង​កា​ប៊ុល នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​។​

​លោក​ក៏​បាន​គ្រោង​ជួប​ជាមួយ មេដឹកនាំ​កងទ័ព​អាម៉េរិក​និង​កងទ័ព​អង្គ​Nato រួម​ទាំង​ពួក​មេបញ្ជាការ​ផ្សេងៗ​ទៀត​នៃ​បេសកកម្ម​បណ្តុះបណ្តាល​របស់​អង្គ​​ការ​Nato នៅ​ទីនោះ​ផងដែរ​។​

​ព័ត៌មាន​លម្អិត​នៃ​កិច្ចព្រមព្រៀង​ដែល​នឹង​ត្រូវ​ចុះហត្ថលេខា​នៅ​ទីក្រុង​ដូ​ហា ប្រទេស​កាតា​នៅ​ថ្ងៃ​សៅរ៍​នេះ មិន​ត្រូវបាន​គេ​បញ្ចេញ​ឱ្យដឹង​នោះទេ ប៉ុន្តែ​គេ​រំពឹង​​ថា​វា​នឹង​ជាប់ទាក់ទង​នឹង​ការដាក់​លក្ខខណ្ឌ​របស់​សហរដ្ឋ​អាម៉េរិក​ដើម្បី​ចាប់ផ្តើម​ដក​កងទ័ព​ជាង ១២.០០០ នាក់​ពី​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ដើម្បី​ជា​ថ្នូរ​នឹង​​ការប្តេជ្ញា​ចិត្ត​ពី​ក្រុម​តា​លី​បង់​។​

​កិច្ច​ព្រម​ព្រងនេះ​នាំមក​នូវ​ក្តី​សង្ឃឹមនៃ​ការធ្លាក់ចុះ​នៃ​អំពើ​ហិង្សា​នៅ​ប្រទេស​អាហ្គានីស្ថាន​បន្ទាប់ពី​មាន​ជម្លោះ​ជាច្រើន​ទសវត្សរ៍​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក​យេន ស្តូថិ​ន​ប៊ឺក ប្រមុខ​ដឹកនាំ​អង្គការ​Nato