​វេជ្ជបណ្ឌិត​សត្វ​៖ អ្នក​ហូប​សាច់​ឆ្កែ​អាច​ឆ្លង​ជំងឺ​ឆ្កែឆ្កួត​

486
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​អ្នក​បរិភោគ​សាច់សត្វ​ឆ្កែ​និង​ឆ្មា​អាច​ប្រឈម​នឹង​ការឆ្លង​ជំងឺ​ដោយសារ​ប្រភព​សាច់សត្វ​នោះ​មិនដឹង​ច្បាស់លាស់​។​នៅពេល​ហូប​សាច់សត្វ​មាន​ជំងឺ​នោះ​ជំងឺ​នឹង​ឆ្លង​មក​មនុស្ស​ដូចជា​ជំងឺ​ឆ្កែឆ្កួត​និង​ជំងឺ​ផ្សេងៗ​ទៀត​។​នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោកស្រី​វេជ្ជបណ្ឌិត​KATERINEPOLAK​ប្រធាន​អង្គការ Four Paws និង​ជា​ប្រធាន​ទទួលបន្ទុក​សុខមាលភាព​សត្វ​អនាថា ប្រចាំ​តំបន់​អាស៊ី​។​

​ចំណែក​លោក​នី​ម​ដូ​ល្លា​ពេទ្យសត្វ​នៅ​អង្គការ​សង្គ្រោះ​សត្វ​កម្ពុជា​(ARC)​បានឱ្យដឹង​ដែរ​ថា​ជំងឺ​ដែល​ឆ្លងទៅ​មនុស្ស​គឺ​ជំងឺ​ឆ្កែឆ្កួត​មាន​អត្រា​ឆ្លង​ច្រើន​ប៉ុន្តែ​សត្វ​ដែល​បាន​ចាក់​វ៉ាក់សាំង​មិន​ឆ្លង​នោះទេ​។​លោកគ្រូ​ពេទ្យសត្វ​រូបនេះ​ក៏បាន​អំពាវនាវ​ថា​សត្វ​ចឹ​ញ្ចឹ​ម​គឺ​មិនមែនជា​សត្វ​សម្រាប់​បរិភោគ​នោះទេ​ពីព្រោះ​វា​ដូចជា​សមាជិក​ក្នុង​គ្រួសារ​មួយរូប​។

​ចាប់តាំងពី​ខែធ្នូ​ឆ្នាំ​២០១៨ ដល់​ខែឧសភា​ឆ្នាំ​២០១៩ អង្គការ FOUR PAWS និង អង្គការ ARC បានធ្វើ​ការអង្កេត​ស៊ីជម្រៅ​ពាក់ព័ន្ធ​ទៅនឹង​អាជីវកម្ម​សាច់​ឆ្កែ​ក្នុងប្រទេស​កម្ពុជា​ដោយ​ផ្តោតទៅលើ​តំបន់​ដែលជា​ប្រភព​នៃ​សត្វ​ឆ្កែ​ទីតាំង​សត្តឃាត​និង​កន្លែង​លក់​។​ខេត្តសៀមរាប​ត្រូវបាន​កំណត់ថា​ជា​ចំណុចក្តៅ​នៃ​ប្រភព​សត្វ​ឆ្កែ​ជា​កន្លែង​ផ្គត់ផ្គង់​តម្រូវការ​សាច់​ឆ្កែ​នៅ​ពាក់កណ្តាល​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា​ជាពិសេស​រាជធានី​ភ្នំពេញ​។​


​តាមរយៈ​ការអង្កេត​បានបង្ហាញ​ថា អាជីវកម្ម​សត្វ​ឆ្កែ​នៅក្នុង​ខេត្តសៀមរាប​មាន​ទំហំ​ធំ​គួរឱ្យកត់សម្គាល់ គឺ​ចំនួន​សត្វ​ឆ្កែ​ច្រើនជាង ៧.០០០​ក្បាល ក្នុង​មួយខែ​។​ក្នុង​កំឡុង​នៃ​ការអង្កេត​គឺមាន​ភោជនីយដ្ឋាន​លក់ ២១​ទីតាំង​ដែល​កំពុងមាន​សកម្មភាព​នៅក្នុង​និង​ជុំវិញ​ខេត្តសៀមរាប​ដោយ​ជា​មធ្យម​លក់​ឆ្កែ​ពី​៤​ទៅ​៦​ក្បាល​ក្នុង​មួយថ្ងៃ​អាស្រ័យ​លើ​រដូវ​កាល​។​តាម​ការប៉ាន់ស្មាន​សត្វ​ឆ្កែ​ប្រមាណ​២.៩០០​ក្បាល​ក្នុង​១​ខែ​ឬ​៣៤.០០០​ក្បាល​ក្នុង​១​ឆ្នាំ​ត្រូវបាន​គេ​ផ្គត់ផ្គង់​ទៅកាន់​បណ្តា​ភោជនីយដ្ឋាន​ក្នុង​ក្រុង​សៀមរាប​៕S/

​ ​ចំណងជើង​រូបថត​៖​ការហូប​សាច់​ឆ្កែ អាច​ឆ្លង​រោគ​ផ្សេងៗ ដូចជា ជំងឺ​ឆ្កែឆ្កួត​ជាដើម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ