ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖នៅថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០២០កម្មវិធីអាសស្ប៉ាយ(Aspire)នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានរៀបចំពិធីបើកឱ្យប្រើប្រាស់ស្តង់លក់បន្លែសុវត្ថិភាពមួយកន្លែងនៃបណ្តំអាជីវកម្មបន្លែសុវត្ថិភាពឃុំស្អាងនៅទីរួមស្រុកជ័យសែន ខេត្តព្រះវិហារ។

មន្ត្រីមន្ទីរកសិកម្មបានឱ្យដឹងថាពិធីនេះប្រព្រឹត្តិទៅក្រោមវត្តមានរបស់លោកពឹងទ្រីដាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ,លោករស់ហេងអភិបាលស្រុកជ័យសែននិងមានការចូលរួមពីសំណាក់លោក-លោកស្រីជាទីប្រឹក្សាកម្មវិធីមន្ត្រីរាជការអ្នកមុខ-អ្នកការនិងកសិករជាសមាជិកបណ្តុំអាជីវកម្ម ប្រមាណជាង ៨០នាក់។

មន្ត្រីបានបន្តថាស្តង់លក់បន្លែសុវត្ថិភាពនេះជាស្តង់ទី២នៃកម្មវិធីអាសស្ប៉ាយបន្ទាប់ពីស្តង់ទី១ដែលបានសាងសង់នៅស្រុកឆែប។ក្នុងឆ្នាំ២០២០និងឆ្នាំបន្តបន្ទាប់ទៀតកម្មវិធីអាសស្ប៉ាយនៃមន្ទីរកសិកម្មខេត្តព្រះវិហារមានផែនការពង្រីកការសាងសង់ស្តង់ទៅស្រុកនិងឃុំដទៃទៀត។ដែលមានបណ្តុំអាជីវកម្មបន្លែនៅទូទាំងខេត្តដោយសហការជាមួយអ្នកប្រមូលទិញដែលជាប្រធានបណ្តុំអាជីវកម្មបន្លែនិងអាជីវករដទៃទៀតដើម្បីពង្រីកទីផ្សារបន្លែសុវត្ថិភាពដែលដាំដុះដោយកសិករក្នុងតំបន់ឲ្យបានទូទាំងខេត្តព្រះវិហារ៕S/







