ស្តេចម៉ាឡេស៊ីកាលពីថ្ងៃសៅរ៍ទី២៩កុម្ភៈបានជ្រើសរើសលោក តាន់ស្រ៊ី មូយីតឌីន យ៉ាស៊ីន(Tan Sri Muhyiddin Yassin )ជានាយករដ្ឋមន្ត្រី បន្ទាប់ពីជួបប្រជុំជាមួយក្រុមមេដឹកនាំនយោបាយមកពីគ្រប់មជ្ឈដ្ឋានម៉ាឡេស៊ី។
ការប្រកាសរបស់រាជវាំងត្រូវបានធ្វើឡើងទោះជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នលោកមហាធៀ ម៉ូហាម៉ាតខិតខំប្រមូលបានសម្លេងគាំទ្រគ្រប់គ្រាន់ដើម្បីវិលមកកាន់អំណាចក្តី។
មន្ត្រីវាំង ម្នាក់បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្រោយទទួលជួបតំណាងមកពីគ្រប់បក្សនិងសមាជិកសភាឯករាជ្យមកតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ សមាជិកសភាតាន់ស្រ៊ី មូយីតឌីន យ៉ាស៊ីន(មូយីតឌីន)ទំនងជាមានការជឿទុកចិត្តពីសមាជិកសភា»។
លោក មូយីតឌីន គ្រោងនឹងត្រូវលើកបន្តុបជានាយករដ្ឋមន្ត្រីទី៨របស់ម៉ាឡេស៊ីនៅថ្ងៃអាទិត្យទៅ០១មីនា នៅរាជវាំង។
សេចក្តីថ្លែងការណ៍បានបន្តថា « ព្រះមហាក្សត្រចេញព្រះរាជក្រិតចែងដែលថា ដំណើរការតែងតាំងនាយករដ្ឋមន្ត្រីម្នាក់នឹងមិនត្រូវបង្អែរបង្អង់ ដោយសារតែប្រទេសជាតិត្រូវការរដ្ឋាភិបាលមួយសំរាប់វិបុលភាពរបស់ប្រជាជន និងប្រទេសជាទីស្រឡាញ់របស់យើង។ព្រះមហាក្សត្រចេញក្រិតបែបនេះជាលទ្ធផលល្អបំផុតសំរាប់គ្រប់គ្នាហើយព្រះអង្គសង្ឃឹមថា វិបត្តិនយោបាយនេះនឹងចប់»។
ការប្រកាសចេញពីវាំងដ៏ស្រឡាំងកាំងនេះកើតឡើងចំពេលនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន មហាធៀ រកបានការគាំទ្រពីសមាជិកសភា១១២រូប សំរាប់បង្កើតរដ្ឋាភិបាលមួយ។
លោក មូយីតឌីន ប្រធានគណបក្ស Parti Pribumi Bersatu Malaysia (Bersatu)បានចូលរួមជាមួយគណបក្ស Umno និង PASដើម្បីប្រមូលការគាំទ្រសំរាប់តំណែងនាយករដ្ឋមន្ត្រី។ទោះជាយ៉ាងណា ការសំរេចចិត្របស់លោកក្នុងការចាប់ដៃជាមួយគណបក្សប្រឆាំងUmnoបង្កការរិះគន់ពីលោកមហាធៀ។
លោក មូយីតឌីន ក៏ធ្លាប់ជាផ្នែកនៃគណបក្សUmno និងរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រីណាជីប រ៉ាហ្សាក់។លោកបានក្លាយជាសមាជិកស្ថាបនិកនៃគណបក្សBersatu ក្រោយចាកចេញពីUmnoក្រោយពីលោកណាជីបធ្លាក់ពីតំណែងដោយសាររឿងអាស្រូវហិរញ្ញវត្ថុ1MDB។
បើលោក មូយីតឌីនចូលកាន់អំណាច ហើយចាប់ដៃជាមួយUmno និង PAS នោះរដ្ឋាភិបាលម៉ាឡេមួយមុខជាឃើញមុខតួអង្គសំខាន់ៗក្នុងUmnoវិលមកកាន់រដ្ឋាភិបាលម៉ាឡេស៊ីវិញជាមិនខានឡើយ រីឯខាងលោកមហាធៀ និងអាន់វ៉ា ដែលរង់ចាំចូលកាន់តំណែងនាយករដ្ឋមន្ត្រីទាំងអសារឥតបានការនោះមុខជានៅមិនសុខឡើយ៕ប្រែសម្រួល៖វាសនា
លោក មូយីតឌីន និងក្រុមគ្រួសារ។ក្នុងរដ្ឋាភិបាលរបស់មហាធៀ លោកជារដ្ឋមន្រ្តីមហាផ្ទៃ
មហាធៀ ខំរកបានការគាំទ្រពីសមាជិកសភា១១២រូប សំរាប់បង្កើតរដ្ឋាភិបាលមួយ តែស្តេចជាអ្នកសំរេច