ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថាសមិទ្ធផលការងារជាក់ស្តែងកន្លងមករបស់រាជរដ្ឋាភិបាល គឺការបង្កើតឱកាសនិងការធានានិរន្តរភាពនៃឱកាសរយៈពេលវែងលើមូលដ្ឋាននៃសន្តិភាពនិងការអភិវឌ្ឍ។
ក្នុងនោះសំខាន់គឺការបង្កើតការងារនិងតម្លើងប្រាក់បៀវត្សរ៍ជូនកម្មករនិយោជិតតាមរយៈការទាក់ទាញវិនិយោគទាំងក្នុងនិងក្រៅស្រុកក៏ដូចជាការខំប្រឹងប្រែងអនុវត្តច្បាប់លើកកម្ពស់សិទ្ធិកម្មករនិយោជិតបានល្អរហូតទទួលបានការអនុគ្រោះពន្ធEBAរបស់សហគមន៍អឺរ៉ុប។ដែលខុសពីអ្នកនយោបាយអាត្មានិយមមួយចំនួនដែលតែងដើរបំភ័យប្រជាពលរដ្ឋនិងអ្នកវិនិយោគហើយមិនអៀនខ្មាស។
សូម្បីតែអង្វរគេឱ្យធ្វើបាបប្រជាពលរដ្ឋខ្លួនឯងធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ការងារដើម្បីតែផលប្រយោជន៍នយោបាយរបស់ពួកគេផ្ទាល់ខ្លួន។ការថ្លែងរបស់លោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតនៅក្នុងពិធីសម្ពោធឆ្លងមហាកុដិខ្លោងទ្វានិងសមិទ្ធផលនានាក្នុងវត្តព្រៃរំដួលស្ថិតនៅឃុំប្រសូត្រស្រុកស្វាយទាបខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
លោកបញ្ជាក់ថា“ចំពោះបញ្ហាEBAដែលជាបញ្ហាកំពុងមានការចាប់អារម្មណ៍ខ្លាំងនៅពេលនេះគឺវាគ្រាន់តែជាការព្យួរការអនុគ្រោះពន្ធមួយផ្នែកប៉ុណ្ណោះមិនមែនជាការបិទទីផ្សារនោះទេ។យើងនៅអាចតែនាំចេញបានដោយភាគច្រើននៅបន្តរួចពន្ធហើយមួយផ្នែកតូចត្រូវបង់ពន្ធវិញដូច្នេះរោងចក្រនៅតែបន្តដំណើរការ,ប្រជាពលរដ្ឋនៅតែមានការងារធ្វើគ្មានការព្រួយបារម្ភឡើយ។
ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចាត់វិធានការណ៍ផ្សេងៗដើម្បីឱ្យពង្រឹងភាពប្រជែងប្រកួតប្រជែងរបស់កម្ពុជាឱ្យកាន់តែរឹងមាំជាងមុន។ថ្មីៗនេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសហើយថារាជរដ្ឋាភិបាលបានត្រៀមលក្ខណៈដើម្បីការពារថែទាំកូនចៅប្រជាពលរដ្ឋយើងហើយនឹងបន្តបង្កើតនិងបង្កើនការងារបន្ថែមរហូតទៀត”។
លោកហ៊ុន ម៉ាណែត បានបន្តទៀតថា ឆ្លងតាមសភាពការណ៍ជាក់ស្តែងកន្លងមករបស់កម្ពុជា ទោះគ្មាន EBAក៏កម្ពុជានៅតែអាចបន្តអភិវឌ្ឍទៅមុខបានព្រោះកម្ពុជាទទួលការលត់ដំរឹងមាំណាស់ដោយធ្លាប់ហែលឆ្លងកាត់រួចមកហើយនូវរបបវាលពិឃាតប៉ុលពត,ធ្លាប់ទទួលរងការហ៊ុព័ទ្ធសេដ្ឋកិច្ចក្នុងទសវត្សរ៍ឆ្នាំ៨០ក៏ដូចជាសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភលង់ជឿការឃោសនាបំប៉ោងសភាពការណ៍របស់អ្នកនយោបាយអគតិទាំងនោះ។មេដឹកនាំប្រកបដោយធម៌គឺសម្តេចតេជោដែលមិនគិតពីខ្លួនឯងយកជីវិតខ្លួនឯងចេញច្បាំងចរចាដើម្បីប្រជាពលរដ្ឋបានសុខសន្តិភាពហើយក៏នៅតែគិតប្រជាពលរដ្ឋជាធំ,គិតជាតិជាធំ,គិតឯករាជ្យ,អធិបតេយ្យភាព,និងកិត្តិយសជាតិជាធំ។
រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ,ខិតខំអស់លទ្ធភាពដើម្បីបំពេញនិងបន្តរកការងារជូនប្រជាពលរដ្ឋនិងអភិវឌ្ឍប្រទេសយើងបន្តទៅមុខទៀត។ក្នុងនាមជាខ្មែរយើងត្រូវខិតខំម្ចាស់ការនិងការពារភាពត្រឹមត្រូវ។ខ្មែរពឹងលើខ្មែរ,ខ្មែរជឿលើខ្មែរដែលនេះជាមូលសម្រាប់អភិវឌ្ឍប្រទេសរយៈពេលវែងនិងជាគោលការណ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងការដឹកនាំពង្រឹងប្រទេសជាតិយើង។
លោកបានលើកឡើងថា វត្តអារាមមានតួនាទីសំខាន់ណាស់ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ជាទីកន្លែងសម្រាប់សន្សំបុណ្យឧទ្ទិសកុសល, ជាទីកន្លែងរៀបចំពិធីបុណ្យ និងការជួបជុំរីករាយផ្សេងៗ និងសំខាន់ជាមជ្ឈមណ្ឌលប្រមូលផ្តុំសម្រាប់ការអប់រំបណ្តុះបណ្តាលផ្នត់គំនិត,ផ្លូវចិត្ត,សតិអារម្មណ៍ឱ្យមានភាពស្ងប់សុខ,ចេះគោរពស្រឡាញ់គ្នា,ចេះរួបរួមសាមគ្គីគ្នាដែលជាប្រភពនៃភាពសុខដុមរមនាត្រជាក់ត្រជុំ និងសន្តិភាពជាតិ។
ជាមួយគ្នានេះលោកហ៊ុនម៉ាណែតក៏បានអរគុណប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀងក៏ដូចជានៅក្នុងឃុំប្រសូត្រស្រុកស្វាយទាបនេះផ្ទាល់ដែលជានិច្ចជាកាលតែងបានគាំទ្រជឿទុកចិត្តលើសម្តេចតេជោនាយករដ្ឋមន្ត្រីជាការផ្តល់លទ្ធភាពឱ្យសម្តេចបន្តដឹកនាំអភិវឌ្ឍមាតុភូមិកម្ពុជាទៅមុខទៀត។
គោលនយោបាយនិងទស្សនវិស័យរបស់សម្តេចសំខាន់គឺការខិតខំឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ ដោយត្រូវបន្តធ្វើ,បន្តបម្រើប្រជាពលរដ្ឋ,ធ្វើអ្វីដែលត្រូវ,ធ្វើអ្វីដែលប្រជាពលរដ្ឋត្រូវការ ដែលទាំងនេះសុទ្ធសឹងជាអ្វីដែលបាន និងកំពុងអនុវត្តក្នុងរយៈពេលជាង ៤០ ឆ្នាំ កន្លងមកនេះ៕S/
រូបថតៈ លោកហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធឆ្លងមហាកុដិ ខ្លោងទ្វា និងសមិទ្ធផលនានាក្នុងវត្តព្រៃរំដួល