ដោយមូលសម្បត្តិ/ភ្នំពេញ៖តាមរយៈលិខិតនៃរដ្ឋបាលក្រុងហ្សេងចូវ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ លោកស៊ូលីយី(XuLiyi)អភិបាលក្រុងបានថ្លែងអំណរគុណចំពោះលោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។ដែលបានបរិច្ចាកម៉ាស់ពេទ្យចំនួន១ម៉ឺនដល់រដ្ឋបាលក្រុងហ្សេងចូវសម្រាប់គ្រូពេទ្យប្រើប្រាស់ប្រចាំថ្ងៃ។ដើម្បីទប់ទល់ទៅនឹងការឆ្លងនៃជំងឺរលាកផ្លូវដង្ហើមCovid19ដែលនេះជាការឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការជាក់ស្តែង។

លិខិតនេះមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖ខ្ញុំរីករាយដែលបានទទួលនូវលិខិតរបស់លោក ថោង ខុន ក្នុងពេលដ៏សំខាន់នេះនៅក្នុងប្រទេសចិន ដែលបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងមេរោគ (COVID-១៩)។ លិខិតរបស់លោក បានបញ្ជាក់សំដែងនូវការអាណិតអាសូរ និងការបរិច្ចាកម៉ាស់ពេទ្យ ដល់រដ្ឋបាលក្រុងហ្សេងចូវតាមរយៈស្ថានតំណាងក្រសួងទេសចរណ៍នៃកម្ពុជា។

បានឆ្លុះបញ្ចាំងពីមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រជាជនកម្ពុជានិងចិនក៏ដូចជាប្រជាជនហ្សេងចូវដែលនេះក៏បង្ហាញពីសាមគ្គីភាពរបស់លោកជាមួយយើងខ្ញុំក្នុងការប្រយុទ្ធទប់ទល់ជំងឺឆ្លងនេះ។យើងខ្ញុំសូមកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះរឿងនេះ។
នៅថ្ងៃទី២០ខែមករាកន្លងទៅយើងមានការប្រជុំយ៉ាងរាក់ទាក់និងកក់ក្តៅនៅហ្សេងចូវយើងបានផ្លាស់ប្តូរទស្សនៈនិងឈានដល់ចំណុចទូលំទូលាយនៃការឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ។ពង្រឹងការផ្លាស់ប្តូរវប្បធម៌និងសេដ្ឋកិច្ចរវាងកម្ពុជានិងក្រុងហ្សេងចូវ។តែជាការគួរឱ្យសោកស្តាយដោយសារតែការផ្ទុះឡើងនៃជំងឺឆ្លងCovid19ដែលបណ្តាលឱ្យប៉ះពាល់ដល់ការអនុវត្តនៃកិច្ចសហប្រតិបត្តិការនេះ។

វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុងហ្សេងចូវដែលក្រសួងទេសចរណ៍នៃកម្ពុជាជ្រើសរើសយកសម្រាប់ធ្វើពិធីបិទឆ្នាំនៃទេសចរណ៍វប្បធម៌ចិន-កម្ពុជានិងការជំរុញឱ្យមានការបើកជើងហោះហើរត្រង់។យើងមានឆន្ទៈសហការជាមួយលោកនិងបន្តអនុវត្តការងារនេះទៅមុខទៀត។នាពេលអនាគតដ៏ខ្លីខាងមុខនេះយើងនឹងបង្កើតក្រុមការងារមួយសម្រាប់ពិធីបិទនេះតាមរយៈការពង្រឹងការប្រាស្រ័យទាក់ទងគ្នាយ៉ាងទូលំទូលាយក្នុងការរៀបចំ និងធានាដំណើរការរៀបចំព្រឹត្តិការណ៍នេះដោយរលូន។

និទាឃរដូវនឹងឈានមកដល់ ហើយផ្កានឹងរីក។ និទាឃរដូវគួរឱ្យស្រឡាញ់នេះ ខ្ញុំរង់ចាំជួបលោកជាថ្មី។ សូមអរគុណម្តងទៀតចំពោះការព្រួយបារម្ភរបស់ឯកឧត្តមអំពីស្ថានភាពរាតត្បាតជំងឺនៅហ្សេងចូវនិងការគាំទ្រដ៏ខ្លាំងក្លារបស់ឯកឧត្តមជាមួយប្រជាជនហ្សេងចូវក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺនេះ។ជយោ!មិត្តភាពរវាងប្រជាជនកម្ពុជានិងប្រជាជនចិន!សូមជូនពរពិធីបិទឆ្នាំនៃវប្បធម៌ប្រទេសចិន-កម្ពុជា ទទួលបានជោគជ័យ៕S/