ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖លោកពឹងទ្រីដាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារបានឱ្យដឹងថាមន្ទីរកសិកម្មមានកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។របាយការណ៍សង្ខេបពីសកម្មភាពទីផ្សារកសិផលកម្មវិធីអាសស្ប៉ាយនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ។
លោកប្រធានបានបន្តថា១,កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់និងការប្រែប្រួលអាកាសធាតុ(ASPIRE)គឺជាកម្មវិធីមានរយៈពេល៧ឆ្នាំនៃរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំអនុវត្តន៏ដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។កម្មវិធីនេះបានទទួលថវិកាគាំទ្ររួមគ្នាពីអង្កការមូលនិធិអន្តរជាតិអភិវឌ្ឍន៏វិស័យកសិកម្ម(IFAD)និងរាជរដ្ឋាភិបាលកម្ពុជា។កម្មវិធីអាសស្ប៉ាយបាដាក់ឱ្យអនុវត្តក្នុងឆ្នាំ២០១៥ហើយក្នុងឆ្នាំ២០១៩កន្លងមកកម្មវិធីអាសស្ប៉ាយបានពង្រីកនិងអនុវត្តន៏លើខេត្តគោលដៅចំនួន២០ខេត្ត។
ដោយឡែកខេត្តព្រះវិហារចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០១៦លើស្រុកគោលដៅចំនួន៦រួមមាន៖ស្រុកជាំក្សាន្ត,គូលែន,សង្គមថ្មី,រវៀង,ជ័យសែន,និងឆែបនិង៣៦ឃុំ។គោលដៅរបស់កម្មវិធីអាសស្ប៉ាយគឺកាត់បន្ថយភាពក្រីក្ររបស់កសិករដែលមានដីតិចនិងបង្កើនភាពធន់ទៅនឹងភាពងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ។
២,កម្មវិធីអាសស្ប៉ាយអនុវត្តន៏ការងារផ្តោតលើឧបករណ៏ផ្សព្វផ្សាយកសិកម្មសំខាន់ៗចំនួន ៥រួមមាន៖១-កិច្ចសន្យាជួលអ្នកក្រៅ (Contracting Out, CO)២- ភាពជាដៃគូរវាងស្ថាប័នរដ្ឋ & វិស័យឯកជន(Private Public Partnership, PPP)៣- ការគាំទ្រសហគមន៍កសិកម្ម & អង្គការកសិករ ដែលមានស្រាប់(Support to Agriculture Cooperative & Farmer’s Organizations /Federation,AC)។៤,ការរៀនសូត្រពីកសិករ ទៅកសិករ (Farmer to Farmer Learning, F2F)៥,សេវាផ្សព្វផ្សាយសាធារណៈ(ដោយមន្ទីរកសិកម្មខេត្ត & ការិយាល័យកសិកម្មស្រុក ផ្ទាល់) (Direct Public Extension Services, DEPES)។
៣,ការងារទីផ្សារកសិផល៖ការងារទីផ្សារកសិផលគឺជាការងារគន្លឹៈសំខាន់បំផុតរបស់កម្មវិធីអាសស្ប៉ាយ ដែលឧបករណ៏ទាំង៥ របស់កម្មវិធីអាសស្ប៉ាយ គឺអនុវត្តន៏ផ្តោតជាសំខាន់ទៅលើការដាំដុះ និង ចិញ្ចឹមសត្វតាមបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុនិងស្របទៅនឹងតម្រូវការទីផ្សារ។
ក្នុងរយៈពេលនៃការអនុវត្តន៏កម្មវិធីអាសស្ប៉ាយ ក្នុងខេត្តព្រះវិហារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តនិងការិយាល័យកសិកម្មស្រុកបានខិតខំជំរុញ-ពង្រីកផលិតកម្មនិងលើកកំពស់គុណភាពកសិផល ដើម្បីធានាឲ្យស្របទៅនឹងបរិមាណ និង គុណភាព ដែលទីផ្សារត្រូវការ។មន្ទីរ បានដឹកនាំ និង សម្របសម្រួលជាមួយក្រុមហ៊ុន និង អ្នកប្រមូលទិញ សំខាន់ៗ និង សក្តានុពល នៅក្នុងខេត្ត និង ក្រៅខេត្តដើម្បីបង្កើតកិច្ចសន្យាទិញ-លក់កសិផលដើម្បីជំរុញនិងលើកកំពស់ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។
លោកបានបន្តថាសកម្មភាពនេះបានជំរុញបង្កើនបរិមាណនៃការផលិតនិងលើកកំពស់គុណភាពកសិផលឱ្យស្របទៅនិងតម្រូវការទីផ្សារនិងបានដោះស្រាយបញ្ហាទីផ្សារកសិផលជូនកសិករបានកាន់តែធំទូលាយនិងល្អប្រសើរ។ក្នុងឆ្នាំ២០១៩កន្លងមកកសិផលបានលក់ចេញទៅកាន់ទីផ្សារមានបរិមាណកាន់តែច្រើនហើយតម្លៃកសិផលមានការកើនឡើងខ្ពស់ បើប្រៀបធៀបជាមួយឆ្នាំមុនៗ។
ក្រៅពីការសម្របសម្រួលបង្កើតកិច្ចសន្យាទិញ-លក់ កសិផល រវាងក្រុមហ៊ុន-អ្នកប្រមូលទិញ និង កសិករមន្ទីរកសិកម្មក៏បានសម្របសម្រួលឲ្យមានតូបលក់បន្លែសុវត្ថិភាពដែលផលិតដោយកសិករសមាជិកបណ្តុំអាជីវកម្មបន្លែនៅតាមស្រុកគោលដៅមួយចំនួន។
សម្រួលនិងពង្រីកទីផ្សារបន្លែសុវត្ថិភាពជូនកសិករឱ្យកាន់តែសម្បូបែប និងធំទូលាយ។ម្ចាស់តូបបន្លែដែលមន្ទីរបានសម្របសម្រួលបង្កើតនោះ គឺគាត់និងប្រមូលទិញបន្លែដែលផលិតដោយកសិករដើម្បីលក់ក្នុងតំបន់និងនាំចេញទៅលក់នៅតំបន់ផ្សេងៗទៀតក្នុងពេលដែលបរិមាណបន្លែប្រើប្រាស់ដោយអតិថិជនក្នុងតំបន់មិនអស់។
លោកប្រធានមន្ទីរបានបន្តថាជារួម៖ក្នុងឆ្នាំ២០១៩កម្មវិធីអាសស្ប៉ាយនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារបានសម្របសម្រួលសាងសង់តូបលក់បន្លែសុវត្ថិភាពបានចំនួន០២កន្លែង(ស្រុកឆែប១កន្លែងនិងស្រុកជ័យសែន១កន្លែង)។ក្នុងឆ្នាំ២០២០និងឆ្នាំបន្តបន្ទាប់ទៀតមន្ទីរកសិកម្មមានផែនការនិងពង្រីកការសាងសង់តូបលក់បន្លែសុវត្ថិភាពនេះឲ្យបានគ្រប់ស្រុកនិងឃុំគោលដៅដែលមានបណ្តុំអាជីវកម្មបន្លែ។
ដោយឡែកមន្ទីរកសិកម្មក៏បានសហការជាមួយគម្រោងឈែន(Chain)បង្កើតបានតូបលក់បន្លែសុវត្ថិភាព បានចំនួន១កន្លែងទៀត នៅក្នុងផ្សារកំពង់ប្រណាក ទីរួមខេត្តព្រះវិហារ និង ជាមួយអង្កការការីតាស (Caritas) កម្ពុជា បាន១កន្លែងបន្ថែមទៀត នៅតាមបណ្តោយផ្លូវកោះកេរ្កិ៏ ចម្ងាយប្រហែល ៣០០ម ពីផ្សារកំពង់ប្រណាកទីរួមខេត្តព្រះវិហារ។
សូមបញ្ជាក់ជូនថា៖បណ្តុំអាជីវកម្មបន្លែសុវត្ថិភាពដែលបានបង្កើតឡើងដោយកម្មវិធីអាសស្ប៉ាយនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារមានចំនួនៈ១១បណ្តុំដែលមានសមាជិកសរុបចំនួន១៩២នាក់។ក្នុងនោះស្ត្រីមានចំនួន១១០នាក់ដោយឡែកសម្រាប់ស្រុកជ័យសែនមានចំនួន១បណ្តុំដែលមានសមាជិកសរុបចំនួន ២១នាក់ ក្នុងនោះស្ត្រីមានចំនួន ៩នាក់។
លទ្ធផលខាងលើនេះជាការខិតខំប្រឹងប្រែងនិងមោទនភាពដ៏ធំធេងរបស់កម្មវិធីអាសស្ប៉ាយនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តព្រះវិហារ និង ដៃគូពាក់ព័ន្ធ។ ទោះបីមន្ទីរ បានខិតខំប្រឹងប្រែង និង អនុវត្តន៏ការងារបានទទួលលទ្ធផលល្អដ៏ធំធេង។
ដូចបានរៀបរាប់និងជម្រាបជូនខាងលើក៏ដោយក៏មន្ទីរនៅតែមានមហិច្ឆិតានិងគោលដៅធំៗជាច្រើនទៀតដែលត្រូវបំពេញនិងយកជោគជ័យឱ្យខានតែបាននៅឆ្នាំបន្តបន្ទាប់ទៀត។ជាពិសេសខិតខំប្រឹងប្រែងអភិវឌ្ឍន៏វិស័យកសិកម្មនៅក្នុងខេត្តព្រះវិហារឱ្យស្របទៅនិងគោលដៅយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងរាជរដ្ឋាភិបាលកម្ពុជា៕S/