ដោយ: សាវរក្ស / ភ្នំពេញ: ជនដៃដល់ម្នាក់បាន បាញ់បងថ្លៃខ្លួនចំនួន៣គ្រាប់រងរបួស៤កន្លែងធ្ងន់ធ្ងរ បញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ខណៈជនរងគ្រោះចូលទៅឃាត់ ជនសង្ស័យមានជម្លោះជាមួយប្រពន្ធ ដែលជាប្អូនស្រីរបស់ជនរងគ្រោះ ជាហេតុធ្វើអោយជនសង្ស័យខឹងសម្បារ បានដកកាំភ្លើងបាញ់តែម្តងរួចជនបង្ករបានរត់គេចខ្លួនបាត់។

ហេតុការណ៍នេះ នៅវេលាម៉ោង៤និង៤០នាទី ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង នៅចំណុចផ្ទះលេខT១៤ ផ្លូវបេតុង ក្រុមទី១ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
ជនរងគ្រោះឈ្មោះ ប៊ន តុលា ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរកម្មករ មានទីលំនៅកន្លែងកើតហេតុ (រងរបួសដៃទាំងសងខាង ត្រកៀកខាងឆ្វេង និងខ្នង)។រីឯជនបង្កឈ្មោះ រស់ សូឌី ភេទប្រុស អាយុ៤៨ឆ្នាំមុខរបរយោធា មានទីលំនៅកន្លែងកើតហេតុ (គេចខ្លួនបាត់)។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនបង្កមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ ស្រាប់តែជនរងគ្រោះត្រូវជាបងថ្លៃជនបង្កបានឃាត់ ជាហេតុបណ្តាលឲ្យជនបង្កខឹងបានយកកាំភ្លើងខ្លី (មិនស្គាល់ម៉ាក) បាញ់ជនរងគ្រោះចំនួនបីគ្រាប់រងរបួសបួនកន្លែង រួចជនបង្កបានរត់គេចខ្លួនបាត់។ ចំណែកឯជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញ នៃអធិការរដ្ឋាននគរបាលខណ្ឌឫស្សីកែវ កំពុងស្រាវជ្រាវ តាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមច្បាប់៕ ល