ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បាននិយាយកាលពីថ្ងៃអាទិត្យទី០១មីនាថា រដ្ឋាភិបាលកំពុងចាត់វិធានការឆ្លើយតបពេញទំហឹងដើម្បីទប់ស្កាត់កូរ៉ូណាវីរុស ខណៈដែលនៅកូរ៉េខាងត្បូងបានប្រកាសអ្នកឆ្លងថ្មី៣៧៦នាក់បន្ថែម នាំអោយអ្នកឆ្លងសរុបកើនដល់៣.៥២៦នាក់។

បុគ្គលិកសុខាភិបាលកូរ៉េខាងត្បូងបាញ់ថ្នាំសម្លាប់មេរោគ ចំពេលប្រទេសរងការវាយប្រហារពីវីរុសCovid-19
ឥឡូវកូរ៉េខាងត្បូងក្លាយជាកន្លែងមានអ្នកឆ្លងកូរ៉ូណាវីរុសCovid-19ច្រើនជាងគេបន្ទាប់ពីចិន ដោយសារតែមានកំណើនអ្នកឆ្លងយ៉ាងឆាប់រហ័សនៅប៉ុន្មានថ្ងៃមកនេះ។
ព្រឹត្តិការណ៍ជាច្រើនត្រូវបានលុបចោល ឬលើកពេលដោយសារតែវីរុស នៅពេលប្រទេសជាង៧០បង្កើនការរឹតត្បិតការធ្វើដំណើរជាមួយកូរ៉េខាងត្បូង។
ក្នុងពិធីកត់សំគាល់ទិវាចលនាទាមទារឯករាជ្យជាតិ លោកមូនបាននិយាយថា«រដ្ឋាភិបាលឥឡូវចាត់វិធានការឆ្លើយតបពេញទំហឹងក្រោយបង្កើនការព្រមានដល់កំរិតខ្ពស់បំផុត»។
លោកបានបន្ថែមថា«យើងនឹងអាចឈ្នះការផ្ទុះជម្ងឺCOVID-19 និងធ្វើអោយសេដ្ឋកិច្ចរបស់យើងសកម្មឡើងវិញ»។
សូមបញ្ជាក់ថា ករណីឆ្លងជិត៩០ភាគរយត្រូវបានរកឃើញនៅទីក្រុងដេហ្គូ និងខេត្តក្យុងសាង ក្បែរនោះ។
កូរ៉េខាងត្បូងឥឡូវមានអ្នកស្លាប់ដោយCOVID-19ចំនួន១៧នាក់។
ចំនួនអ្នកឆ្លងទូទាំងប្រទេសត្រូវរំពឹងថានឹងកើនឡើងដោយសារអាជ្ញាធរសុខាភិបាលកំពុងពិនិត្យសុខភាពលើសមាជិកជាង២៦០.០០០នាក់នៃព្រះវិហារគ្រិស្តមួយដែលជាប្រភពចម្លងវីរុស។
ក្នុងពេលជាមួយគ្នា អាជ្ញាធរអំពាវនាវអោយប្រជាជនមានការប្រុងបហរយ័ត្ន ហើយនរណាក្តៅខ្លួនឬចេញរោគផ្លូវដង្ហើមត្រូវនៅក្នុងផ្ទះ៕ប្រែសម្រួល៖វាសនា