ប្រធានគណបក្សParti Pribumi Bersatu Malaysia (Bersatu)លោកមូយីតឌីន យ៉ាសស៊ីន បានស្បថចូលកាន់តំណែងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីកាលពីព្រឹកថ្ងៃអាទិត្យទី០១មីនា តែគណបក្សPHរបស់អតីតនាយករដ្ឋមន្ត្រីមហាធៀ ម៉ូហាម៉ាតដែលចង់ក្រាញនៅក្នុងអំណាច មិនព្រមចុះចាញ់ឡើយ។
នៅពេលពួកមេដឹកនាំនយោបាយដែលចងសម្ពន្ធភាពជាមួយលោកមូយីតឌីន កំពុងជួបជុំសូត្រធម៌នៅព្រះវិហារមួយក្នុងទីក្រុងគូឡាឡាំពួរជិតព្រះបរមរាជវាំង មុនពិធីស្បថចូលកាន់តំណែងត្រូវបានធ្វើឡើង បណ្ឌិតមហាធៀ នៅតែនិយាយថារូបលោកមានការគាំទ្រគ្រប់គ្រាន់ពីសមាជិកសភា១១៤រូបដើម្បីបង្កើតរដ្ឋាភិបាលមួយ។
លោកបានប្រាប់អ្នកយកព័ត៌មានថា« ស្តេចបានធ្វើការសំរេចព្រះហឬទ័យដោយមិនបានជួបរូបខ្ញុំទេ ហើយទៅជាតែងតាំងលោកមូយីតឌីន។ដូច្នេះខ្ញុំមិនមានឱកាសទូលហ្វាយព្រះមហាក្សត្រថា គាត់ មូយីតឌីន មិនមានសម្លេងគាំទ្រគ្រប់គ្រាន់ទេ។ខ្ញុំមិនអាចទាក់ទងជាមួយរាជវាំងបានទេ»។
លោកថា «ឥឡូវវាបែរជាអ្នកចាញ់ឆ្នោតឈ្នះបានរដ្ឋាភិបាល រីឯអ្នកឈ្នះបាត់សិទ្ធិបង្កើតរដ្ឋាភិបាល។វាជារឿងចម្លែកណាស់»។
មហាធៀបានបញ្ជាក់ថា លោកនឹងកោះប្រជុំសភាបន្ទាន់ ដើម្បីធ្វើតេស្តមើលថាតើលោកមូយីតឌីន មានសម្លេងភាគច្រើនដែរឬអត់ ព្រោះវាជាការសំរេចចិត្តផ្លូវការ ទោះជាយ៉ាងណាលោកបារម្ភថា រដ្ឋាភិបាលរបស់លោកមូយីតឌីន នឹងបញ្ចុះបញ្ជូលទាក់ទាញសមាជិកសភាមុនសភាប្រជុំ។
រំលឹកថា លោកមហាធៀបានសុំលាឈប់ពីតំណែងនាយករដ្ឋមន្ត្រីកាលពីថ្ងៃ២៤កុម្ភៈ ដោយសារជម្លោះបែកបាក់ផ្ទៃក្នុងរបស់សម្ពន្ធភាពកាន់អំណាចនាំអោយរដ្ឋាភិបាលចម្រុះរបស់លោកបាត់បង់សម្លេងភាពច្រើននៅក្នុងសភា៕ប្រែសម្រួល៖វាសនា
អតីតឧបនាយករដ្ឋមន្ត្រី មូយីតឌីន ស្បថចូលកាន់តំណែងនៅចំពោះមុខព្រះមហាក្សត្រកាលពីថ្ងៃ០១មីនា
មហាធៀ ចង់អោយសភាបោះឆ្នោតឆាប់ៗដើម្បីដឹងថាតើលោកមូយីតឌីន មានសម្លេងគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលដែរឬអត់