អូស្ត្រាលីបានរាយការណ៍ការស្លាប់លើកដំបូងលើអ្នកជម្ងឺកូរ៉ូណាវីរុសនៅមន្ទីរពេទ្យមួយក្នុងទីក្រុងភើតកាលពីថ្ងៃអាទិត្យទី០១មីនា។
មន្ត្រីសុខាភិបាលអូស្ត្រាលីបានអោយដឹងថា ជនរងគ្រោះជាអ្នកជម្ងឺវ័យ៧៨ឆ្នាំ ដែលត្រូវដាក់នៅដាច់ពីគេបន្ទាប់ពីត្រូវបានបញ្ជូនចេញពីនាវាទេសចរណ៍Diamond Princess នៅជប៉ុនជាមួយជនជាតិអូស្ត្រាលីជាង១៥០នាក់ទៀត។
នៅកន្លែងផ្សេងទៀតក្នុងប្រទេសអូស្ត្រាលី មានការឆ្លង២ករណីកាលពីពេលថ្មីៗ ដោយម្នាក់នៅក្រុងស៊ីដនី និងម្នាក់ទៀតនៅហ្គោល ខូស បន្ទាប់ពីពួកគេវិលមកពីអ៊ីរ៉ង់។
ឥឡូវចំនួនមនុស្សឆ្លងកូរ៉ូណាវីរុសនៅអូស្ត្រាលីមានចំនួន២៥នាក់។
កាលពីថ្ងៃសៅរ៍ អូស្ត្រាលីបាននិយាយថាខ្លួននឹងហាមចូលជនបរទេសមកពីអ៊ីរ៉ង់ ដោយសារតែការផ្ទុះជម្ងឺឆ្លងCovid-19នៅទីនោះ។ឥឡូវមានការឆ្លងវីរុសនេះជិត៨៧.០០០នាក់នៅទូទាំងពិភពលោក ភាគច្រើននៅក្នុងប្រទេសចិន។នៅក្រៅចិន Covid-19នេះបានចម្លងទៅកាន់ប្រទេសជាង៦០ លើមនុស្សជាង៧.០០០នាក់ និងសម្លាប់មនុស្ស១០៨នាក់ហើយ៕