ដោយៈ ម៉េងឆៃ/ភ្នំពេញៈ របាយការណ៍ប្រចាំថ្ងៃរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា នៅខែកុម្ភៈ ឆ្នាំ២០២០ ដែលមាន ២៩ថ្ងៃ គិតពីថ្ងៃទី១ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំនេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានកើតឡើង ២៧៨លើក បណ្តាលឲ្យស្លាប់ ១៣៩នាក់ និងរបួស ៣៨៣នាក់។ ក្នុងនោះ អ្នកធ្វើដំណើរតាមម៉ូតូ ស្លាប់នៅក្នុងខែកុម្ភៈនេះ មានចំនួន ១០៦ នាក់។
របាយការណ៍ដដែល បង្ហាញថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅខែកុម្ភៈនេះ នៅតែកើតឡើងច្រើនជាងគេ ដោយសារល្បឿន បើកបរមិនគោរពសិទ្ធិ បើកបរមិនប្រកាន់ស្តាំ ប្រជែង និងបត់គ្រោះថ្នាក់ ជាដើម។
ជាការកត់សម្គាល់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស នាខែកុម្ភៈ នេះ បានថយចុះ បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០១៩ និងធៀបនឹងខែមករា ឆ្នាំ២០២០។
កាលពីខែកុម្ភៈ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បាន កើតឡើង ៣៦២ លើក ស្លាប់ ១៦២នាក់ និងរបួស ៥៦០នាក់។
រីឯកាលពីខែមករា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានកើតឡើង ចំនួន ៣៥៨លើក បណ្តាលឲ្យស្លាប់ ២០៦នាក់ និងរបួស ៥៥៩នាក់។ ក្នុងចំណោមអ្នកស្លាប់ទាំង ២០៦នាក់ គឺមាន ១៥៩នាក់ ជាអ្នកធ្វើដំណើរតាមម៉ូតូ និងមិនពាក់មួកសុវត្ថិភាព ១១៦នាក់។
កាលពីឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានសម្លាប់មនុស្ស ១.៩៨១នាក់ និងរបួសចំនួន ៦១៤១ នាក់។ ចំនួនអ្នកស្លាប់ និងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅឆ្នាំ២០១៩ កើនឡើងជាងឆ្នាំណាៗទាំងអស់។
គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស កាលពីឆ្នាំ២០១៨ បានសម្លាប់មនុស្ស ១៧៦១ នាក់ និងរបួស ៤៧៧១នាក់។ ចំនួនអ្នកស្លាប់ និងរបួស នៅក្នុងឆ្នាំ២០១៨ បានថយចុះ បើធៀបនឹងឆ្នាំ២០១៧។ ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានសម្លាប់មនុស្ស ១៧៨០ នាក់ និងរបួស ៥៥៣៩ នាក់៕សរន