ដោយ: គង់ហេង/កំពង់ចាម: អគ្គិភ័យមួយដែលបណ្តាលមកពីភ្លើងធូប បានឆេះបំផ្លាញលំនៅឋាន មួយ ខ្នង និងម៉ូតូចំនួន ពីរ គ្រឿង នៅភូមិដីឡូត៍៍ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ កាលពីម៉ោងប្រមាណ ៩ ព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ២០២០។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឲ្យថា ផ្ទះសង់អំពីឈើ ប្រក់ក្បឿង និងបន្ទប់ថ្មខាងក្រោមដែលមានទំហំទទឹង ៧,៥០ ម៉ែត្រ និងបណ្តោយ ៩,៥០ ម៉ែត្រ ត្រូវបានអគ្គិភ័យអស់ទាំងស្រុងនោះជាកម្មសិទ្ធិរបស់ម្ចាស់ឈ្មោះ ស្រ៊ាន់ ថាត អាយុ ៥៥ ឆ្នាំ និងភរិយាឈ្មោះ ញឹម សុផល អាយុ ៥៩ឆ្នាំ។ ក្រៅពីអស់ផ្ទះមួយខ្នងខាងលើ ភ្លើងបានឆេះអស់ម៉ូតូចំនួន ពីរ គ្រឿង ខ្សែកប្លាកទីនទម្ងន់ ប្រាំជី ចំនួន មួយខ្សែ និងថវិកាចំនួន ២,៥លានរៀល រួមទាំងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត។
ប្រភពដដែលបានបន្តថាមូលហេតុនៃភ្លើងឆាបឆេះគឺផ្តើមចេញពីម្ចាស់ផ្ទះអុជធូបសែនជំនាងផ្ទះទុកចោលមិនបានមើលក៏ឆេះរាលដាល។
សូមបញ្ជាក់ថា ក្រោយពីទទួលព័ត៌មានពីគ្រោះអគ្គិភ័យខាងលើលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីចុះសួរសុខទុក្ខដល់ផ្ទះកើតហេតុ ៕សរន