ដោយៈមុនីរ័ត្ន/ភ្នំពេញៈក្នុងគោលបំណងបន្តដោះស្រាយតម្រូវការទឹកស្អាតប្រើប្រាស់នៅតាមទីជនបទដាច់ស្រយាលកាលពីថ្ងៃទី ២៨-២៩ ខែកុម្ភ: ឆ្នាំ២០២០ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានមូលនិធិអណ្តូងទឹកស្អាតមាតាបិតាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងក្រុមការងារ បានប្រគល់អណ្តូងទឹកស្អាតចំនួន២០ជូនដល់គ្រួសារយោធិននិងប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ជិត៤០០គ្រួសារ នៅស្រុកសៀមប៉ាង និងស្រុកសេសាន ខេត្តស្ទឹងត្រែង។ទីនោះជាតំបន់ឆ្ងាយដាច់ស្រយាល ប្រឈមនឹងកង្វះទឹក ក្នុងរដូវប្រាំង ក្នុងនោះ មានអណ្តូងរបស់អ្នកឧកញ៉ាព្រឹទ្ឋមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ចំនួន៥ និង អណ្តូង អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងឧបាសិកា ឌី ប៉ុក ចំនួន ១៥អណ្តូង។
លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឱ្យដឹងថា អណ្តូងទឹកស្អាតទាំងនេះ គឺជាអំណោយមូលនីធិ របស់មាតាបិតាបង្កើត សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ដែលលោកតែងតែគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋរស់នៅតាមទីជនបទដាច់ស្រយាលដែលខ្វះទឹកស្អាតប្រើប្រាស់នៅរដូវប្រាំង។
ប្រជាពលរដ្ឋដែលរស់នៅស្រុកទាំងពីរខាងលើបានឱ្យដឹងថា តំបន់នេះនៅពេលដែលរដូវប្រាំងចូលមកដល់ គឺខ្វះខាតទឹកប្រើប្រាស់ខ្លាំងណាស់ ដែលតម្រូវឱ្យពួកគាត់ទៅរកទឹកនៅកន្លែងឆ្ងាយៗ រឺទិញទឹកគេ។ ម្យ៉ាងទៀតទឹកទាំងនោះគ្មានសុវត្ថិភាពទៀតផង។ ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេច តេជោហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងលោកស្រីពេជចន្ទមុន្នីហ៊ុនម៉ាណែតដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខក្នុងការរស់នៅរបស់ពួកគាត់។
ឆ្លៀតក្នុងឱកាសប្រគល់អណ្តូងទឹកជូនប្រជាពលរដ្ឋនេះដែរ លោកស្រីប្រធានមូលនិធិ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ពិនិត្យ ពិគ្រោះ និងផ្តល់ថ្នាំព្យាបាលជំងឺស្រាលៗ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។ លើសពីនោះទៀតបើមានប្រជាពលរដ្ឋដែលមានជំងឺធ្ងន់ធ្ងរ លោកស្រីប្រធានមូលនិធិនិងបញ្ជូនមកព្យាបាលនៅភ្នំពេញក្រោមការឧបត្ថម្ភដល់ថ្លៃថ្លាប្រកបដោយទឹកចិត្តសប្បុរសធម៌របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត។
សូមបញ្ជាក់ដែរថា គិតចាប់តាំងពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០២០នេះ មូលនីធិអណ្តូងទឹកស្អាតមាតាបិតាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានដោះស្រាយបញ្ហាទឹកស្អាត ជូនប្រជាពលរដ្ឋរាប់ពាន់គ្រួសារ នៅទូទាំងប្រទេស តាមរយៈការធ្វើអណ្តូងទឹកស្អាតបានចំនួនជាង ៨០០អណ្តូងហើយ និងបានដាក់ឱ្យដំណើរការប្រើប្រាស់ ជាផ្លូវការបានជិត៦០០អណ្តូង៕សរន