ភ្នំពេញ៖ ផលិតកម្មក្រុងពិជ័យ ដែលដឹកនាំដោយផលិតករវ័យក្មេង លោក ចាន់ណា រ៉ូណាន បានបញ្ចប់ការថតដំបូងរបស់ខ្លួនគឺ រឿង “សំណើច ៦៥២គីឡូម៉ែត្រ” ជាមួយគ្នានោះក៏បាន ទម្លាយសកម្មភាពខ្លះ ជូនអ្នកគាំទ្រ។
ខណៈកំពុងថតបណ្តើរ ផលិតកម្ម បានបញ្ចេញរូបថតនៅពីក្រោយឆាកជាច្រើនសន្លឹក ដែលផលិតករ បានបង្ហាញ កាន់តែធ្វើឲ្យអ្នកគាំទ្រផលិតកររូបនេះ មានក្តីរំពឹងថា នឹងមាន ភាពយន្តថ្មី ប្លែក ទស្សនា នាពេលដ៏ខ្លីខាងមុខ។
រូបភាពទេសភាពធម្មជាតិ តារាសម្តែងប្រុស ស្រីល្បីឈ្មោះ ស្រស់សង្ហារ និងស្រស់សោភា បានធ្វើឲ្យអ្នកទស្សនា ទប់ចិត្តមិនសរសើរមិនបាន។ គេដឹងថា ភាពយន្តនេះ បានផ្តិតយក ទេសភាពនៃតំបន់ដ៏ស្រស់ត្រកាលមួយចំនួន ដែលមានមនុស្សមិនច្រើនទេ ដែលបានទៅដល់ មានដូចជាខេត្តមណ្ឌលគិរី ខេត្តកំពត ខេត្តកែប ខេត្តកោះកុង ជាដើម។ នេះបើតាមការបញ្ជាក់ របស់អ្នកនិពន្ធ និងដឹកនាំផលិត លោក ចាន់ណា រ៉ូណាន ។
លោកបានបញ្ជាក់ថា ស្នាដៃថ្មីរបស់លោក នឹងអាចឈរក្នុងចំណាត់ថ្នាក់មួយខ្ពស់ គឺត្រៀម ខ្លួនដើម្បីបំបែកកំណត់ត្រា អ្នកទស្សនាច្រើនជាងគេ ក្រោយពីភាពយន្តនេះត្រូវបានសម្រិត សម្រាំង គ្រប់ផ្នែកទាំងសាច់រឿង តួសម្តែង បច្ចេកទេសផលិត និងការតុបតែងប្លែករួមទាំង ការចាយទុនច្រើន ដើម្បីប្រាកដថា ជាភាពយន្ត ដែលមានគុណភាពខ្ពស់មួយ។
អគ្គនាយកផលិតកម្ម ក្រុងពិជ័យ រូបនេះ នៅមិនទាន់កំណត់ការចាក់បញ្ចាំងនៅឡើយ ខណៈលោកលើកឡើងថា ដើម្បីឲ្យភាពយន្តមានគុណភាពលោកកំណត់ការផលិតត្រឹមតែ ២រឿងប៉ុណ្ណោះ ក្នុងមួយឆ្នាំ។
លោកហាក់មិនបារម្ភខ្លាំង ទៅលើថ្ងៃចាក់បញ្ចាំងទេ ខណៈកន្លងមក លោកធ្លាប់ធ្វើឲ្យទស្ស និកជន ភ្ញាក់ផ្អើល តាមរយៈភាពយន្តខ្នាតធំមួយចំនួន រួចមកហើយ មានដូចជា រឿង “កំណត់ហេតុនាងនាថ” រឿង”សរសរកន្លោង” រឿង”កុំងាកក្រោយជាដើម”។
សូមបញ្ជាក់ដែរថា ភាពយន្តរឿង ”សំណើច ៦៥២ គីឡូម៉ែត្រ” របស់ផលិតកម្មក្រុងពិជ័យ បានចាប់ផ្តើមចេញផលិត ចាប់តាំងពីចុងឆ្នាំ២០១៩ ដែលប្រមូលផ្តុំដោយតារាសម្តែង ប្រុសស្រីល្បីឈ្មោះ មានដូចជា អតីត Freshie Girl 2016 កញ្ញា សួង ស៊ីធឿន , Freshie Boy 2015 និងជាMr. World Cambodia 2019 លោក អ៊ូ សំខាន់, Mr. Asian International 2019 លោក ឡៅ បញ្ញា, Mister Global 2018 លោក ឌី វ៉ាន់ដា, Freshie Boy ចំណាត់ថ្នាក់លេខ២ ឆ្នាំ២០១៨ លោក ប៊ុន កែវប្រាថ្នា និង Freshie Boy ចំណាត់ថ្នាក់លេខ២ ឆ្នាំ ២០១៨ លោក តុងលី។ ក្រៅពីនេះ ក៏នឹងមានវត្តមានសម្តែង ដោយតារាសម្តែងល្បីៗជាច្រើនទៀតផងដែរ ដូចជា លោក ភី ម៉ៃ ,តារាកំប្លែង ផាង ផាង , អ្នកនាងលី ម៉ារីណាជាដើម។ ភាពយន្តនេះ គ្រោងចាក់បញ្ចាំង ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ៕ ដោយ៖ បូរិន