ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​បាន​ឃាត់​នាវា​បរទេស​មួយគ្រឿង​ឈ្មោះ​CQURAGEQUS​ប្រភេទ​នាវា​ដឹកទំនិញ​ដែល​ចូល​ដែនទឹក​កម្ពុជា​ក្នុង​ចន្លោះ​កោះតាង​និ​កោះ​ពូ​លូ​វ៉ៃ​មិនមាន​ការអនុញ្ញាត​។
​ប្រតិបត្តិការ​នេះ​អនុវត្តន៍​ដោយ​កម្លាំង​នគរបាល​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​និង​កម្លាំង​រួម​របស់​នគរបាល​ព្រំ​ដែនទឹក​កាលពី​ល្ងាច​ថ្ងៃ​២៩​កុម្ភៈ​២០២០​។​នៅ​ព្រឹក​ថ្ងៃទី​១​ខែ​មិនា​២០២០​នាវា​នេះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ព្រំ​ដែនទឹក នាំចូល​មក​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​ដើម្បី​បន្ត​នីតិវិធី​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ទូច​ពលៈ​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រំ​ដែនទឹក​មានប្រសាសន៍​ប្រាប់ថា​”​ប្រតិបត្តិការ​នេះ​ដឹកនាំ​ផ្ទាល់​ដោយ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក​តេង​សួន​អគ្គ​ស្នងការរង​នគរបាលជាតិ​។​ក្រោយពី​រកឃើញថា​នាវា​មួយគ្រឿង​នេះ​ចូល​រំលោភ​ក្នុង​ដែនសមុទ្រ​ប្រទេស​កម្ពុជា​ខុសច្បាប់​អាច​ថា​ក្នុង​បំណង​ដោយ​ទុច្ចរិត​ណាមួយ​”​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​តេង​សួន​មានប្រសាសន៍​ប្រាប់ថា​”​នៅលើ​នាវា​នេះ​មាន​បុគ្គលិក​និង​កង​នាវា​វិក​សរុប​១៦​នាក់​។​ក្នុងនោះ​មាន​ជនជាតិ​ឥណ្ឌូនេស៊ី​៤​នាក់​និង​ជនជាតិ​ភូមា​១២​នាក់​ចំណាត់​ការបន្ត អាជ្ញាធរ​ចម្រុះ​។​ក្នុងនោះ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារង សាលាដំបូង​ខេត្ត​ព្រះសីហនុ​ផង និង​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ផង និង​បន្ត​ធ្វើតាម​នីតិវិធី​ផ្លូវច្បាប់​”​។

​ដោយ​នីតិវិធី​សាកសួរ​កំពុង​ធ្វើ​បន្ត អាជ្ញាធរ​នៅ​មិនទាន់មាន​របាយការណ៍​បញ្ជាក់ ពី​ការរកឃើញ​អ្វី​ទៀត ដែលជា​បទល្មើស​នៅក្នុង​នាវា​នេះ​នៅឡើយ គិត​ត្រឹម​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​១​មីនា​២០២០​នេះ​៕S/​