ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​អាជ្ញាធរខេត្ត​កាលពីព្រឹកថ្ងៃទី១ខែមីនាឆ្នាំ២០២០បានសម្រេច​សាងសង់​ស្ពានដែក​បា​ឡេ​ត៍​ចូលទៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​,​ភ្នំ​ពក​បន្ទាប់ពី​ស្ពានឈើ​នេះ​ត្រូវបាន​ភ្លើង​ឆេះ​ដោយសារតែ​ភ្លើង​ឆេះ​ព្រៃ​។​ស្ពាន​នេះ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ធ្លក​ឃុំ​ស្តៅ​ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​។​

​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​ថវិកា​សម្រាប់​ដំណើរការ​សាងសង់​ស្ពាន​ដែក​នេះ​ទទួលបាន​ការជួយឧបត្ថម្ភ​ពី​លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តព្រះវិហារ​។​រួមមាន​លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​,​លោក​សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​និង​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​។​


​លោក​សំលាង​ទ្រី​បាន​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​ដែល​បាន​ឧបត្ថម្ភ​ថវិកា និង​ស្មារតី​ជួយ​ដល់​ការសាងសង់​ស្ពាន​នេះ​ឡើងវិញ​។​លោក​សំលាង​ទ្រី​បាន​បញ្ជាក់ថា​បច្ចុប្បន្ន​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានចាប់ផ្តើម​ដំណើរការ​សាងសង់​ស្ពាន​ដែក​នេះហើយ​។ ស្ពាន​នេះ​អាច​នឹង​សាងសង់​ចប់សព្វគ្រប់​ក្នុង​រយៈពេល​ប្រមាណ ៧​ថ្ងៃ​។

​លោក​សំលាង​ទ្រី​បាន​បន្តថា​ស្ពាន​នេះ​មាន​ប្រវែង​ប្រមាណ​៤៨​ម៉ែត្រ​ទទឹង​ជាង​៤​ម៉ែត្រ​,​សសរ​និង​តួ​ស្ពាន​ធ្វើ​ពី​ដែក​និង​ក្រាល​ឈើ​។​សូមបញ្ជាក់​ផងដែរ​ថា​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក​ស្ថិតនៅក្នុង​ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​និង​ខេត្ត​សៀម​រាម​មាន​ទំហំ​ផ្ទៃដី​សរុប​៤២.០៩៧​ហិកតា​។​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​ភ្នំ​ពក​នេះ ត្រូវបាន​អះអាងថា សម្បូរ​ទៅដោយ​សត្វព្រៃ និង​ធនធានធម្មជាតិ​ជាច្រើន​៕S/