អង្គការ​សុខភាព​ពិភពលោក​អំពាវនាវ​ឲ្យ​ប្រទេស​នានា​ត្រៀម​បម្រុង​ទុក​ឧបករណ៍​ជំនួយ​ខ្យល់​អ្នក​ជំងឺ​

​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃអាទិត្យ​ទី​០១​មីនា​ បាន​អំពាវ​នាវ​ទៅគ្រប់​ប្រទេស​ឲ្យត្រៀម​មើល​ថែ​ទាំង​អ្នក​ជំងឺ Covid-19​តាមរយៈ​ត្រៀម​បម្រុង​ទុកឧ​ប​​ក​រណ៍​ជំនួយ​ខ្យល់​អុកស៊ីសែន​។​

អ្នកជំងឺCovid-19ត្រូវបានព្យាបាលដោយប្រើឧបករណ៍ជំនួយដង្ហើមនៅចិន

​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​នេះ​បាន​សង្កត់ធ្ងន់ថា ឧបករណ៍​ជំនួយ​អុកស៊ីសែន​នេះ​ជា​អន្តរាគមន៍​ព្យាបាល​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​ជំងឺ​Covid-19​ធ្ងន់ធ្ងរ ​​ដូច្នេះ​«​គ្រប់​ប្រទេស​ទាំងអស់​គួរ​ត្រៀម​បម្រុង​ទុក​ឧបករណ៍​ជំនួយ​ដង្ហើម​ដូច្នេះ​»​។​

​នៅ​ទូទាំង​ពិភពលោក មនុស្ស​ជិត​៣.០០០​នាក់​បាន​ស្លាប់​និង​ជាង​៨៨.០០០​នាក់​បាន​ឆ្លង​Covid-19​នៅក្នុង​ប្រមាណ​៦០​ប្រទេស​ចាប់តាំងពី​គេ​រកឃើញ​វា​ដំបូង​​នៅ​ក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ចុងឆ្នាំ​មុន​។​

.​ចិន​៖​ស្លាប់​៤២​នាក់​និង​ឆ្លង​២០២​នាក់​សម្រាប់​ថ្ងៃ​០១​មីនា

​មហា​ចិនដីគោក បាន​រាយការណ៍​អ្នក​ឆ្លង​ចំនួន​២០២​ថ្មី​សម្រាប់​ថ្ងៃអាទិត្យ​ទិ​០១​មីនា ដោយ​ធ្លាក់​ចុះ​ច្រើន​ពី​ចំនួន​ឆ្លង​៥៧៣​នាក់​កាល​ពី​មួយ​ថ្ងៃមុន ​នេះ​បើ​តាម​ការ​​ប្រកាស​របស់​គណៈកម្មាធិកា​រ​សុខាភិបាល​ជាតិចិន​កាលពី​ថ្ងៃ​០២​មីនា​។​

​ចំនួន​នេះ​ធ្វើឲ្យអ្នក​ឆ្លង​សរុប​នៅ​ចិន​កើន​ដល់​៨០.០២៦​នាក់ និង​ស្លាប់​សរុប​២.៩១២​នាក់​គិត​ត្រឹម​ចុង​ថ្ងៃអាទិត្យ​។​

.​អ៊ីរ៉ង់​៖ ចំនួន​មនុស្ស​ស្លាប់​ដោយ​Covid-19​កើន​ដល់​៥៤​នាក់​

​ចំនួន​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​ថ្មី​នៅ​អ៊ីរ៉ង់​បាន​កើន​ដល់​៥៤​នាក់ ហើយ​អ្នក​ឆ្លង​កើន​ដល់​៩៧៨​នាក់ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់​។​

​ឥឡូវ​អ៊ីរ៉ង់​មាន​ចំនួន​អ្នក​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​ថ្មី​នេះ​ច្រើនជាងគេ​បន្ទាប់ពីចិ​ន​ នៅ​ពេល​ប្រទេស​ជា​ច្រើន​ចាប់ផ្តើម​ចាត់វិធានការ​រឹតត្បិត​ការធ្វើដំណើរ​មក​ពី​អ៊ី​​រ៉ង់​។​

​រដ្ឋ​មន្ត្រី​សុខាភិបាល​អ៊ីរ៉ង់​បាន​និយាយ​តាម​ទូរទស្សន៍​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​លោក​នឹង​បង្កើត​ក្រុម​វេជ្ជសាស្ត្រ​៣០០.០០០​ក្រុម​ចាប់ពី​ថ្ងៃ​អង្គារ​ទី​០៣​មីនា ដើម្បី​​ចុះ​ពិនិត្យ​ស្វែងរក​កូរ៉ូណា​វីរុស​ពី​ផ្ទះមួយ​ទៅ​ផ្ទះមួយ​។​

.​អ៊ីតាលី​៖ រដ្ឋាភិបាល​ត្រៀម​ការគាំទ្រ​សេដ្ឋកិច្ច​នៅ​ពេល​វីរុស​សម្លាប់​មនុស្ស​៣៤​នាក់​

​ពួក​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​០១​មីនា​ថា ចំនួន​មនុស្ស​ស្លាប់​ពី​ការផ្ទុះ​ជំងឺ​Covid-19​នៅ​អ៊ីតាលី​បាន​កើន​ដល់​៣៤​នាក់ ដោយ​កើន​លើស​ចំនួន​ស្លាប់​កាលពី​មួយ​​ថ្ងៃមុន​៥​នាក់ នៅពេល​រដ្ឋាភិបាល​ត្រៀម​បង្កើន​ចំណាយ​ដើម្បី​ជួយ​សេដ្ឋកិច្ច​។​

​ក្នុងពេល​ជាមួយគ្នា​អ៊ីតាលី​បាន​អះអាង​អំពី​អ្នក​ឆ្លង​វីរុស​នេះ​ចំនួន​១.៦៩៤​នាក់​ដោយ​កើន​ជាង​៥០០​នាក់​កាល​ពី​មួយ​ថ្ងៃមុន​។​ក្នុង​ចំនួន​ឆ្លង​នេះ​ ​មាន​៨៣​នាក់​បាន​ជា​ចេញពី​មន្ទីរពេទ្យ និង​១៤០​នាក់​ស្ថិត​ក្នុង​ការសង្គ្រោះ​បន្ទាន់​។​

​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អ៊ីតាលី​បានប្រកាសថា គណៈរដ្ឋមន្ត្រី​នឹង​អនុម័ត​ការបញ្ចេញ​ថវិកា​៣,៦​ពាន់​លាន​អឺរ៉ូ ដើម្បី​ជួយ​បណ្តា​ក្រុមហ៊ុន​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular